ដោយៈ ភ្នំស្វាយ/កំពង់ធំ៖ អាជ្ញាធរខេត្តកំពង់ធំ បានអំពាវនាវដល់ ស្ថាប័នអប់រំរដ្ឋ និងឯកជន ប្រកាន់ភ្ជាប់វិធានការអនាម័យ ក្នុងដំណើរការរៀន បង្រៀន ក្នុងបវេសនាកាលថ្មី ឆ្នាំសិក្សា ២០២១-២២ នេះ ។ លោក សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងដូច្នេះ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ខណៈលោកអញ្ជើញ ចូលរួមក្នុងពិធីបើកបវេសនកាល ថ្នាក់ខេត្ត ឆ្នាំសិក្សា ២០២០-២០២១ នៅវិទ្យាល័យហ៊ុន សែន បល្ល័ង្គ ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោកបានលើកឡើង ផ្តោតសំខាន់ លើការអនុវត្តវិធានការអនាម័យ របស់ក្រសួង សុខាភិបាល ជាពិសេស ការអនុវត្តតាមអនុសាសន៍ និងសាលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា (គន្លងថ្មី ក្នុងវិស័យអប់រំ) ដែលចាំបាច់ ត្រូវយកចិត្តទុកដាក់ ឲ្យខានតែបាន។
លោកបានបន្តថាៈ ផលប៉ះពាល់ នៃឆ្លងរីករាលដាល នៃជំងឺកូវីដ ១៩ គឺជាជំងឺរីករាលដាល ជាសកល ដែលធ្វើឲ្យប៉ះពាល់ ដល់គ្រប់វិស័យ ក្នុងនោះ វិស័យអប់រំ ក៏បានរងផលប៉ះពាល់ ផងដែរ។ បើទោះបីជាយ៉ាងនេះក្តី កម្ពុជាយើង ក៏មិនអាច មិនដំណើការ ការអប់រំបានដែរ ព្រោះការអប់រំ គឺវិស័យមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្ស។ ដូច្នេះដើម្បីឲ្យការ អប់រំ កាន់តែមានប្រសិទ្ធភាព និងគុណភាព លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ចាំបាច់ត្រូវរួមគ្នា ដើរចូលទៅក្នុងការអប់រំឡើងវិញ ប្រកបដោយអនាម័យ ដោយអនុវត្តន៍ តាមវិធានសុខាភិបាលផង និងសាលិខិតរបស់ សម្តេចតេជោ ប្រមុខនៃ រាជរដ្ឋាភិបាលផង។
ក្នុងសុន្ទរកថា រាយការណ៍លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ បានអោយដឹងថាៈ នៅក្នុងខេត្តកំពង់ធំ មានអគាសិក្សា សរុបចំនួន១.២២២ ខ្នង ស្មើរ៥.១០១បន្ទប់ ក្នុងនោះ អគារសិក្សារបស់សម្តេចតេជោ មានចំនួន ១៩៧ ខ្នង ស្មើនឹង ៩៧៧ បន្ទប់។
កាលពីឆ្នាំសិក្សា ២០១៩-២០២០ កន្លងទៅ សិស្សដែលបញ្ចប់ និងជាប់ជាស្ថាពរតាម សេចក្តីណែនាំរបស់ ក្រសួងអប់រំ យុវជន និងកីឡា មានៈ មធ្យមសិក្សាទុតិយ្យភូមិ សរុបចំនួន ៤.៩៣០ នាក់/ ស្រីចំនួន ២.៨០៤ នាក់ និងជាប់ធម្យមសិក្សាបឋមភូមិ សរុប ចំនួន ៧.៩៤៩ នាក់/ ស្រីចំនួន ៤.៥២៧ នាក់៕/V-PC