ក្រសួង​ការងារ​ប្រកាស​រក​ការងារ​ឱ្យ​ពលករ​មកពី​ថៃ អាច​ស្វែងរក​ការងារ​បាន​

​ដោយ​: ពៅ​និមល​/​ភ្នំពេញ​: ដោយសារ​វិបត្តិ​នៃ​ជំងឺឆ្លង​កូ​វីដ​១៩ រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ប្រកាសថា បាន​ត្រៀម​ការងារ​ចំនួន​២​ម៉ឺន​កន្លែង ដល់​បងប្អូន​ពលករ​ខ្មែរ​ដែល​ធ្វើ​ត្រឡប់ មកពី​ប្រទេស​ថៃ​វិញ ដោយ​អាច​ស្វែងរក​ការងារ​បាន ក្រោយ​ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក (​ដាច់ដោយឡែក​១៤​ថ្ងៃ​) ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​។​

​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​នេះ លោក ហៃ ហ៊ុន​ឡេង ប្រធាន NEA បាន​លើកឡើងថា ការងារ​ប្រមាណ​២​ម៉ឺន​កន្លែង​នេះ រួមមាន​ក្នុង វិស័យ​ឧស្សាហកម្ម សេវាកម្ម សំណង់ និង​កសិកម្ម​ជាដើម​។ លោក​បន្តថា “​ដោយសារ​ខាង យើងខ្ញុំ​ធ្វើការ​ប្រមូល​ចងក្រង​ព័ត​មាន​អំពី​តម្រូវការ​ការងារ ដូច្នេះហើយ​មិនថាតែ​បងប្អូន ដែលជា​អ្នក​វិលត្រឡប់​មកពី​ប្រទេស​ថៃ ឬ​អ្នក​កំពុង​ស្វែងរក​ការងារ​ក្នុងស្រុក​ទេ គឺថា​ឱកាស ទាំងអស់នេះ គឺ​បើកចំហរ​ជាទូទៅ​សម្រាប់​សាធារណជន និង​អ្នក​ចង់​ស្វែងរក​ការងារ ញ្ចឹ​ង​អត់​ប្រកាន់​លក្ខខណ្ឌ​ណា​ទេ​) យើង​បូកសរុប​ចូលទៅ​ជាបឋម​ឥឡូវនេះ​ដែល​អាច​ទំនេរ ទទួលយកបាន​ភ្លាមៗ​គឺថា​យ៉ាងហោចណាស់ ២​ម៉ឺន​ឱកាស​ការងារ គឺអាច​បង្ករ​លក្ខណៈ​ឱ្យ បងប្អូន​យើង​អាចដាក់​ពាក្យ​ស្វែងរក​ការងារ ឬក៏​ចង់​ជ្រើសរើស​ការងារ​ណាមួយ​ដែល សមស្រប​ទៅតាម​លក្ខខណ្ឌ​និង​ជំនាញ និង​ចំណង់​ចំណូលចិត្ត​របស់គាត់​អាចធ្វើ​ការចុះ ឈ្មោះ​ហើយ​ទំនាក់ទំនង​មក​ខាង​ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ​”​។

​លោក​បញ្ជាក់ទៀតថា ជា​ចំណុច​ចាប់ផ្តើម​នៃ​ការពិចារណា​អំពី​ការងារ ខ្ញុំ​ចង់​អំពាវនាវ​ឱ្យ បងប្អូន​យើង​ដែល​គាត់​អ​ញ្ញើញ​ត្រឡប់មក​មាតុប្រទេស​ហើយ​ប្រសិន​បានធ្វើ​ច​ត្តា​ឡី​ស័ក​ទៅហើយ ឃើញថា​មាន​សុខភាព​ល្អ ហើយ​អាច​ចេញមក​នៅក្នុង​សហគម ឬ​ក្នុង​សង្គមជាតិ យើង​ជាធម្មតា​នោះ គឺថា​អាច​ទំនាក់ទំនង​ធ្វើការ​ចុះឈ្មោះ​ស្វែងរក​ឱកាស​ការងារ​ណាមួយ ដែល​សមស្រប​ជាមួយ​គាត់​ប្រសិនបើ​គាត់​មានបំណង​ចង់​ធ្វើការ​នៅក្នុង​ស្រុក​ហើយ​យើង ក៏​រំពឹងទុក​ដែរ ឱកាស​ការងារ​ដែល​បើក​ជូន​តាមរយះ​ការណែនាំ ឬក៏​ការចង្អុលបង្ហាញ របស់​រាជរដ្ឋាភិបាល​ក្នុងការ​លើកទឹកចិត្ត​ឱ្យ​បងប្អូន​យើង​ស្វែងរក​ការងារ​ក្នុងស្រុក គឺ​ខាង យើងខ្ញុំ​នឹង​ខិតខំ​ធ្វើយ៉ាងណា​ជំរុញ​ការប្រមូលផ្តុំ​ឱកាស​ការងារ​ឱ្យ​កាន់តែ​ទូលំទូលាយ ហើយ​បងប្អូន​ធ្វើការ​ជ្រើសរើស​និង​សម្រេចចិត្ត​កាន់តែ​បានល្អ​ប្រសើរ​ទៅតាម​លក្ខខណ្ឌ​សមប្រកប​របស់​ពួកគាត់​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ NEA បាន​សហការ និង​សម្របសម្រួល ព្រមទាំង​បង្កើត​ជន​បង្គោល ទាក់ទង​ជាមួយ​អាជ្ញាធរ​គ្រប់​មូលដ្ឋាន ដើម្បី​ប្រមូល​ទិន្នន័យ​ពលករ​ដែល​បាន វិលត្រឡប់ មកពី​ប្រទេស​ថៃ ដោយ​ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ជា​មូលដ្ឋាន​ទិន្នន័យ ដើម្បី​ងាយស្រួល ក្នុងការ​ស្វែងរក​ព័ត៌មាន​ពី​ការងារ ព្រមទាំង​សំដៅ​ឆ្លើយតប​ឲ្យ​ទាន់ពេលវេលា​ក្នុងការ​ផ្តល់ សេវា​ការងារ និង​ជួយ​ស្វែងរក​ការងារ​ធ្វើ​គ្រប់​ប្រភេទ​ជូន​ដល់​ពលករ​ដែល​ចង់បាន​ការងារ ពិតប្រាកដ​។ សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២១ ចំនួន​ពលករ​ខ្មែរ​ដែល ត្រឡប់​មកពី​ប្រទេស​ថៃ មក​មាតុភូមិ​កម្ពុជា​វិញ​សរុប​ចំនួន​ប្រមាណ​ជាង​១២,០០០​នាក់​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular