Home ព័ត៌មានសំខាន់ៗ សូម​មើល​ធាតុអ...

សូម​មើល​ធាតុអាកាស ដែល​កើតមាន នៅថ្ងៃនេះ និង​ថ្ងៃស្អែក​

ដោយៈ ប​.​ខុន/ភ្នំពេញៈ នៅវេលា​រំលងអធ្រាត្រ ថ្ងៃទី​១២ ខែមករា នេះ ធាតុអាកាស នឹង​ចុះ​ត្រជាក់​ថែមទៀត ជាមួយនឹង​ខ្យល់មូសុង​ឦសាន​ខ្លាំង និង​រលក​សមុទ្រ​មាន​កម្ពស់ខ្ពស់ៗ​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា ដឹង​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​ថាៈ នៅវេលា រំលងអធ្រាត្រ ថ្ងៃទី​១២ ខែមករា់ ធាតុអាកាស នឹង​ចុះ​ត្រជាក់​ជាង ថ្ងៃទី​១១ ថែមទៀត ជាមួយនឹង​ខ្យល់ មូសុង​ឦសាន​ខ្លាំង ដោយ​កន្លែង​។ របប​ខ្យល់មូសុង ពេលនេះ រុញ​ចុះមក​មាន​ល្បឿន មិន​ដូចគ្នា​ទេ នៅ​ខេត្ត​ខ្លះ ត្រឹមតែ​ពី ៣​ទៅ​៥​ម៉ែត្រ ក្នុង​មួយ​វិនាទី និង​នៅ​កន្លែង​ខ្លះ មាន​ល្បឿន ដល់​ជិត ២០ ម៉ែត្រ ក្នុង​មួយ​វិនាទី​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ ខាងលើ បាន​និយាយ​ឱ្យដឹងថាៈ ព្រម​ពេល​ធាតុអាកាស ចុះ​ត្រជាក់​កាន់តែខ្លាំង រហូតដល់​ក្រោយ​ថ្ងៃទី​១៣ ខែមករា ទើប​សីតុណ្ហភាព ចាប់ផ្តើម​ងើប ឡើងវិញ និង​នៅលើ​ផ្ទៃសមុទ្រ មាន​រលក​បក់បោក​ខ្ពស់ៗ តែ​មិនមាន​ភ្លៀង​ធ្លាក់ កើតឡើង​ទេ ទោះបីជា​នៅ​ផ្នែក​ខាងក្រោម ប្រទេស​កម្ពុជា មាន​សម្ពាធ​ទាប កើតឡើង​ច្រើន​យ៉ាងណា ក៏ដោយ​។​

​លោក ចាន់ យុ​ត្ថា បាន​និយាយថាៈ សីតុណ្ហភាព​អប្បបរមា ដែល​បាន​ចុះ​នៅ​ថ្ងៃទី​១១ ខែមករា នៅ​ខេត្តព្រះវិហារ ១៤ អង្សា​សេ , រតនគិរី ១៥ អង្សា​សេ​, ឧ​ត្ត​រ មានជ័យ ១៥ អង្សា​សេ (​តា​ក្របី ១៤ អង្សា​សេ​) មណ្ឌលគិរី ១៥,៥ អង្សា​សេ​, ស្ទឹងត្រែង ១៧ អង្សា​សេ​, សៀមរាប ១៧,២ អង្សា​សេ​, កំពង់ធំ ១៨ អង្សា​សេ​, បាត់ដំបង ១៨ អង្សា​សេ​, ប៉ៃលិន ១៨,៧ អង្សា​សេ​, បន្ទាយមានជ័យ ១៩ អង្សា​សេ​,​កណ្តាល ១៩ អង្សា សេ​, ពោធិសាត់ ១៩ អង្សា​សេ , ព្រៃវែង ១៩ អង្សា​សេ​, កំពង់ចាម ២០,៥ អង្សា​សេ , តាកែវ ២០ អង្សា​សេ​, កំពង់ស្ពឺ ១៩ អង្សា​សេ និង​ខេត្ត​ត្បូងឃ្មុំ ២០,៤ អង្សា​សេ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២១ បាន​ជូនដំណឹង​បន្ថែម ពី​ការវិវត្ត​ជាក់ស្តែង នៃ​ស្ថានភាព​អាកាសធាតុ​ថា ទ្រនុង​សម្ពាធ ខ្ពស់ ពី​ភាគ​ខាងជើង​បាន និង​កំពុង​ធ្លាក់ចុះ​មកក្រោម នាំមក​នូវ​ធាតុអាកាស​ត្រជាក់ ពី​តំបន់ ស៊ី​បេ​រី គួបផ្សំ​ជាមួយនឹង ខ្យល់មូសុង ឦសាន​ខ្លាំង​។​

​ក្នុង​សេចក្តីប្រកាស សរសេរថាៈ លក្ខណៈ​បែបនេះ នឹងធ្វើ​ឲ្យ​អាកាសធាតុ នៅ​ព្រះរាជា ណា​ចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី ១៧ ខែមករា ឆ្នាំ​២០២១ ( ពិ សេស​ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១) មាន​ស្ថានភាព ដូចខាងក្រោមៈ ១-​តំបន់​វាលទំនាប សីតុណ្ហភាព អប្បបរមា នឹង​អាច​ធ្លាក់​ចុះមក​នៅក្នុង​រង្វង់ ពី​១៣​អង្សា​សេ​ទៅ ១៥​អង្សា​សេ លាយឡំ​ជាមួយ​ខ្យល់​មធ្យម ។ សម្រាប់​រាជធានី ភ្នំពេញ សីតុណ្ហភាព អប្បបរមា​នឹង​អាច ធ្លាក់ ចុះមក នៅក្នុង​រង្វង់ ១៦ អង្សា​សេ​។ ២-​តំបន់​ជួរ​ភ្នំ​ដងរែក និង​តំបន់​ខ្ពង់រាប​ភាគ​ឦសាន សីតុណ្ហភាព អប្បបរមា នឹង​អាច​ធ្លាក់​ចុះមក នៅក្នុង​រង្វង់​ពី ១១ អង្សា​សេ ទៅ ១៣ អង្សា​សេ លាយឡំ​ជាមួយ ខ្យល់​ខ្លាំង ។ ៣-​តំបន់​មាត់សមុទ្រ សីតុណ្ហភាព អប្បបរមា នឹង​អាច​ធ្លាក់ចុះ មក​នៅក្នុង​រង្វង់ ពី​១៧​ទៅ​១៩​អង្សា​សេ​។ នៅ​ថ្ងៃទី ១២ ខែមករា នៅលើ​ផ្ទៃសមុទ្រ មាន​ខ្យល់​បក់ បោក​ខ្លាំង និង​រលក សមុទ្រ​ខ្ពស់ៗ ។​

​យោង​លើ​ស្ថានភាព​អាកាសធាតុ ដូច​បាន​ជម្រាបជូន​ខាងលើ ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​សាធារណជន ជ្រាប​ជា​ព័ត៌មាន ជាពិសេស វីរៈ​កងទ័ព ដែល​រស់នៅ និង​ឈរជើង នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន សូម​បង្កើន​ការយកចិត្តទុកដាក់ ថែរក្សា​សុខភាព ចំពោះ​អាកាសធាតុ ចុះ​ត្រជាក់​ខ្លាំង​នេះ​។ ដោយឡែក ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ តាម​សមុទ្រ​ទាំងអស់ សូម​បង្កើន​ការយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង ជាយថាហេតុ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាននិងកំពុង​បន្ត​តាមដាន យ៉ាង​យកចិត្តទុកដាក់ លើ​បាតុភូតធម្មជាតិ​នេះ ហើយនឹង​ជម្រាបជូន​ព័ត៌មាន ជា​បន្តបន្ទាប់​ទៀត​ក្នុងករណី អាកាសធាតុ មានការ​ប្រែប្រួល ៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular