នារី​ជា​អតីត​និស្សិត​ពេទ្យឆ្មប បាត់​ខ្លួន ២​ខែ បែរជា​គេ​ប្រទះឃើញ​ចង​.​ក សម្លាប់ខ្លួន​

ដោយៈ ស​រិ​ទ្ធ/ភ្នំពេញៈ នារី​ម្នាក់ ជា​អតីត​និស្សិត​ពេទ្យឆ្មប បាន​បាត់​ខ្លួន រយៈពេល ២​ខែ​មកហើយ បាន​ត្រូវ​ក្មេងៗ ប្រទះឃើញ ចង​.​ក សម្លាប់ខ្លួន​នឹង​ដើម​ពុទ្រា នៅក្នុង​ដី​ឡូ​តិ៍ មួយកន្លែង កាលពី​ម៉ោង ៦​និង ៣០​ព្រឹក ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​នៅ ផ្លូវ​កែវ​ចិន្តា ក្នុង​ក្រុម​១២ ភូមិ​១ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​។​

​នគរបាល​សង្កាត់​ជ្រោយចង្វា បាន​ឲ្យ​ដឹងថាៈ នារី​រូបនេះ ឈ្មោះ ឈី​វ សំអុន អាយុ​៣១​ឆ្នាំ មាន​លំនៅ នៅផ្ទះ​លេខ ១៤៦D ផ្លូវលំ ភូមិ​២ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច បាន​បន្តថាៈ នារី​អត្តឃាត​ជន បាន​ចង​.​ក សម្លាប់ខ្លួន​នឹង​ខ្សែ​នីឡុង ភ្ជាប់​ទៅនឹង ដើម​ពុទ្រា ក្នុងព្រៃ ហើយ​ត្រូវបាន​ក្មេងៗ ក្នុងភូមិ ទៅ​បេះ​ផ្លែ​ពុទ្រា ប្រទះឃើញ​រត់​ទៅប្រាប់ ឪពុកម្តាយ រួច​រាយការណ៍ ប្រាប់​នគរបាល​មូលដ្ឋាន​។​

​តាម​បងស្រី​របស់​នារី​អត្តឃាត​ជន បាន​ឲ្យ​ដឹងថាៈ នារី​រូបនេះ មាន​ជំងឺសរសៃប្រសាទ ប្រមាណ​ជិត ១០ ឆ្នាំ​មកហើយ​។ រយៈពេល​ប្រមាណ​ជិត ២ ខែ​មកហើយ​នាង​ក៏បាន​រត់ ចេញពីផ្ទះ ទៅ​បាត់ មិនដឹង​ទៅ​ទីណា ស្រាប់តែ​ទទួលដំណឹង ពី​សមត្ថកិច្ច​ថា នាង​បាន​ចង​.​ក សម្លាប់ខ្លួន​ទៅហើយ​។​

​តាម​ព័ត៌មាន បាន​ឲ្យ​ដឹង​ទៀតថាៈ កន្លងមក នារី​រូបនោះ ជា​និស្សិត​ពេទ្យ ដែល​រៀន​ពូកែ ប្រឡង​ជាប់​អាហារូបករណ៍ ទៅ​រៀន​នៅ​ប្រទេស​ថៃ រហូតដល់​ជិត​ចប់​។ ដោយសារតែ​ការ ខិត​ខំរៀន​ខ្លាំងពេក បណ្តាល​ឲ្យ​នាង រលាក​ខួរក្បាល មាន​ជំងឺសរសៃប្រសាទ ហើយ​ត្រូវ បាន​សាលា ទាក់ទង​មក​ក្រុមគ្រួសារ ឲ្យ​ទៅ​ទទួល យកមក​ស្រុកកំណើត​វិញ ហើយ​នាង បានបញ្ចប់​ជីវិត ដោយ​ចង​.​ក សម្លាប់​ខ្លួនឯង នៅពេលនេះ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular