អគារ​ស្នាក់នៅ​របស់​វិទ្យាល័យ អប់រំ​ពិសេស កំពង់ចាម តម្លៃ​ជិត ៣០ ម៉ឺន​ដុល្លារ ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​

ដោយៈ គង់​ហេង / កំពង់ចាមៈ អគារ​ស្នាក់នៅ​របស់​កុមារ​ពិការភ្នែក និង​កុមា​រគ​-​ថ្លង់ នៅ​វិទ្យាល័យ​អប់រំ​ពិសេស កំពង់ចាម ចំនួន​មួយ​ខ្នង មានតម្លៃ​ជិត ៣០ ម៉ឺន ដុល្លារ​អាមេរិក ជា​អំណោយ​របស់​មូលនិធិ ហោ ណាំហុង – បូរី ហោ ត្រូវ​បានដាក់​សម្ពោធ ឱ្យប្រើ​ប្រាស់ ចំ​ថ្ងៃ​បើក​បវេសនកាល ឆ្នាំ​សិក្សា​ថ្មី ២០២០-២០២១ ដ៏​មាន​សារ​:​សំខាន់ តាម​ទស្សនទាន​ថ្មី គឺ​គន្លង​ថ្មី ក្នុង​វិស័យ​អប់រំ នៅ​ព្រឹក​ថ្ងៃទី ១១ មករានេះ។​

​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​មានប្រសាសន៍ ទៅកាន់​លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ភ្ញៀវ​កិ​ត្ត​យស​ថាៈ សូម​ធ្វើ​គារវកិច្ច ដោយ​ក្តី​គោរព និង​ស្វាគមន៍ យ៉ាង​កក់ក្តៅ ចំពោះ​លោក​ឧបនាយករដ្ឋមន្ត្រី ដែល​បាន​អញ្ជើញ ចូលរួម​សម្ពោធ​អគារ​ស្នាក់នៅ របស់​កុមារ​ពិការភ្នែក និង​គ ថ្លង់ ចំនួន​មួយ​ខ្នង ជា​អំណោយ​របស់ មូលនិធិ ហោ ហាំ​ហុង -​បូរី ហោ ក្នុង​វិទ្យាល័យ​អប់រំ​ពិសេស ក្រុង​កំពង់ចាម និង​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០២០-២០២១ នាពេលនេះ​។​

​គួរ​បញ្ជាក់ថា អគារ​សម្រាប់​ស្នាក់នៅ​របស់ កុមារ​ពិការភ្នែក និង​គ ថ្លង់ របស់​វិទ្យាល័យ​អប់រំ​ពិសេស មួយ​ខ្នង​នេះ មាន​កម្ពស់​បី​ជាន់ និង​បន្ទប់​ចំនួន ១២ ត្រូវបាន​សម្ពោធ ដាក់ឱ្យ​ប្រើប្រាស់ នា​ថ្ងៃនេះ មានតម្លៃ​ប្រមាណ​ជាង ២៩ ម៉ឺន​ដុល្លារ​អាមេរិក ជា​ជំនួយ​ឧបត្ថម្ភ​របស់​មូលនិធិ ហោ ណាំហុង​-​បូរី ហោ ។ ដោយ​ការផ្តល់ជូន នូវ​អគារ​មួយ​ខ្នង​នេះ បន្ទាប់ពី​ខាង​គណៈ​គ្រប់គ្រង​សាលា បានស្នើ​សុំ ទៅខាង​មូលនិធិ​នេះ​។​

​បច្ចុប្បន្ន វិទ្យាល័យ​អប់រំ​ពិសេស កំពង់ចាម មាន​ទីតាំង​នៅជាប់​មជ្ឈមណ្ឌល គរុ​កោ​ល​ស្យ​ភូមិភាគ កំពង់ចាម មាន​អគារ​សរុប ចំនួន ប្រាំពីរ ខ្នង ស្មើនឹង ៤១ បន្ទប់ បូករួម​ទាំង​អគារ​ស្នាក់នៅ បន្ថែម​ថ្មី​នេះ​ទៀត ដែលមាន​សិស្ស​សរុប ចំនួន ១៧២ នាក់ ស្រី​ចំនួន ៧៣ នាក់ ដោយមាន​សិស្ស​ពិការភ្នែក​ចំនួន ៥៥​នាក់ ស្រី​២៤ នាក់ និង​សិស្ស​គ​ថ្លង់ ចំនួន ១១៧​នាក់ ស្រី​ចំនួន ៤៩​នាក់ ព្រមទាំង​បុគ្គលិក​ចំនួន ៣០ នាក់ ស្រី​ចំនួន ១១ នាក់​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular