Home ព័ត៌មានជាតិ អប់រំ ខេត្តសៀមរាប ប...

ខេត្តសៀមរាប បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​២០២០.២០២១

ដោយ​: គូលែន / សៀមរាប​: នៅ​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​នេះ ខេត្តសៀមរាប បាន​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​២០២០.២០២១ ដោយមាន​ការចូលរួម​ពី​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​។​

​លោក លី ប៊ុណ្ណា ប្រធាន​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា នៅមុន​វិបត្តិ​កូ​វីដ​-១៩ អនុវិស័យ​ការអប់រំ​មធ្យមសិក្សា បានផ្តល់​សេវា​អប់រំ​គ្របដណ្តប់​លើ​គ្រប់​ឃុំ​-​សង្កាត់​ទូទាំង​ខេត្ត ស្របតាម​អនុសាសន៍​ដ៏​ថ្លែ​ថ្លា នៃ​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងនោះ​អនុវិទ្យាល័យ​ចំនួន​៨១​កន្លែង វិទ្យាល័យ​ចំនួន​៤២ កន្លែង​បានផ្តល់​សេវា​អប់រំ​ដល់​សិស្ស​ជិត​៨​ម៉ឺន​នាក់ ក្នុងនេះ​សិស្ស​នារី​ជិត​៥​ម៉ឺន​នាក់​។​

​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​បញ្ជាក់ថា ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​នេះ ខេត្តសៀមរាប បានជ្រើសរើស​យក​វិទ្យាល័យ ១០ មករា ១៩៧៩ តែមួយគត់​សម្រាប់​ការបើក​បវេសនកាល​ឆ្នាំ​២០២១ ជា​និមិត្តរូប​ក​ម្រឹក​ថ្នាក់​ខេត្ត​។ បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​នេះ អាច​ថា​ជា​មោទនភាព​មួយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​នៃ​សម្តេច​តេ​ជោ ប្រមុខ​នៃ​រាជរដ្ឋាភិបាល ដែល​ពិភពលោក​ទាំងមូល​កំពុង​តែ​ប្រយុទ្ធប្រឆាំង និង មិនទាន់មាន​ភាពច្បាស់​លាស់​នៅឡើយ ពាក់ព័ន្ធ​នឹង​កូ​រីដ​-១៩ យ៉ាងណាក៏ដោយ ពី​ធី​បើក​បវេសនកាល​នេះ ត្រូវបាន​ស្ថិតនៅលើ​គន្លង​ជីវិត​ថ្មី​ក្នុង​វិស័យ​អប់រំ​។

​លោក​បាន​បន្តថា ក្នុង​សារលិខិត​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឆ្លុះ​បង្ហាញថា​ការអនុវត្ត​វិធានការ​សុវត្ថិភាព សុខភាព សម្រាប់​បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស រួមមាន​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ អនាម័យ បង្គន់​អនាម័យ និង​ទឹកស្អាត​នៅតាម​សាលារៀន និង​ការរៀបចំ​ប្រព័ន្ធ​អប់រំ​អេឡិចត្រូនិក ការផ្តល់សេវា​រៀនសូត្រ​ពី​ចម្ងាយ ការ​នុ​ញ្ញាត​ឱ្យ​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ​ជា ៣​ដំណាក់កាល ទាំងអស់នេះ​ត្រូវបាន​ធានា​ឱ្យ​សិស្សានុសិស្ស​-​និស្សិត​នៅ​គ្រប់​ភូមិ​សិក្សា នៅតែ​បន្ត​ទទួលបាន​សេវា​អប់រំ​តាម​រូបភាព​ការអប់រំ​តាមបែប​ចម្រុះ​” ឬក៏​អាច​និយាយបានថា សិស្ស​បាន​រៀន​នៅក្នុង​ថ្នាក់​ផង រៀន​ពី​ចម្ងាយ​ផង និង​ធ្វើ​ស្វ័យ​សិក្សា​ផងដែរ​។

​លោក ទៀ សីហា ក៏បាន​ធ្វើការ​ក្រើនរំលឹក និង​អំពាវនាវ​ដល់​លោកគ្រូ អ្នកគ្រូ អាណាព្យាបាល​សិស្ស ក្មួយៗ​សិស្សានុសិស្ស ត្រូវ​ចូលរួម​ប្រយុទ្ធប្រឆាំង​បង្កា​ទប់ស្កាត់ ការឆ្លង​រាលដាល​ជម្ងឺ​កូ​វិដ​១៩ ដោយ​ធ្វើ​អនាម័យ​ឲ្យ​បានជា​ប្រចាំ ដោយ​លាង​សម្អាត​ដៃ​នឹង​ទឹកសាប៊ូ ជេ​ល ឬ អាល់កុល និង ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​សុខភាព​យើង សាលារៀន​យើង និង សង្គមជាតិ​យើង​។

​លោក​អភិបាលខេត្ត​ក៏បាន​លើក​ផងដែរ​ថា ក្រោម​ម្លប់​សន្តិភាព សម្តេច​បាន​យកចិត្តទុកដាក់​ខ្ពស់បំផុត ក្នុង​វិស័យ​អប់រំ ព្រមទាំង​ផ្តល់​អគារសិក្សា​នៅ​គ្រប់​ទីកន្លែង ដើម្បី​ឲ្យ​ក្មួយៗ​បាន​សិក្សា​រៀនសូត្រ ព្រមទាំង​បាន​យកចិត្តទុកដាក់​លើកកម្ពស់​សុខភាព​អនាម័យ និង វិធានការ​ការពារ​ជម្ងឺ​កូ​វីដ​-១៩ ដើម្បី​ការពារ​កុំ​ឲ្យ​មានការ​ឆ្លង​ចូលមកក្នុង​គ្រឹះស្ថានសិក្សា ត្រូវការពារ​ពី​សុវត្ថិភាព សុខភាព​សិក្សា រក្សា​គម្លាត​សុវត្ថិភាព​១,៥​ម៉ែត្រ និង​សុវត្ថិភាព​ចំណីអាហារ ទៀតផង ។ ម្យ៉ាងទៀត​ក្នុង​ពេលនេះ​ខេត្តសៀមរាប មាន​គម្រោង​សាងសង់​ផ្លូវ​៣៩​ខ្សែ​ក្នុង ក្រុង ក្រោម​ការផ្តល់​ថវិការ​បស់​សម្តេចនាយក​រដ្ឋមន្ត្រី ក្នុង​កិច្ចអភិវឌ្ឍន៍​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុង​ក្រុង ក្នុងពេលដែល​កំពុង​ជួប​វិបត្តិ​ជម្ងឺ​កូ​វិដ​១៩​នេះ ព្រមទាំង​គម្រោងការ​អភិវឌ្ឍ​ន៍​ស្ទឹង​សៀមរាប​ផងដែរ​។

​ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត ក៏បាន​ធ្វើ​ការចែក​ប័ណ្ណសរសើរ និង​រង្វាន់​ដល់​សិស្ស​គ្រប់​ថ្នាក់ ដែល​រៀន​ពូកែ​និង​ជាប់​លំដាប់ថ្នាក់​លេខ​១ ដល់​លេខ​២​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular