ដោយៈមុនីរ័ត្ន/ភ្នំពេញៈ ដូចអ្វីដែលប្រជាពលរដ្ឋមានព្រួយបារម្ភមែន លទ្ធផលផ្លូវការនៃការធ្វើតេស្តសំណាកសត្វមាន់ដែលងាប់ជាង មួយពាន់ក្បាល នៅស្រុកឯកភ្នំ ខេត្តបាត់ដំបងគឺបានបង្ហាញថា ជាគ្រុនផ្តាសាយបក្សី (H5N1)។ លទ្ធផលនៃការធ្វើតតេស្តនេះ គឺបានបង្ហាញនៅថ្ងៃទី១១ ខែមករា នេះ។ប៉ុន្តែបញ្ហានេះមិនធ្ងន់ធ្ងរទេ។
រូបភាពមាន់ងាប់នៅស្រុកឯកភ្នំខេត្តដំបងនាពេលកន្លងទៅ
ការធ្វើតេស្តនេះបានធ្វើឡើងបន្ទាប់ពីសត្វមាន់ជាច្រើនក្បាលបានងាប់ជាបន្តបន្ទាប់នៅក្នុងកសិដ្ឋានចិញ្ចឹមមួយមួយកន្លែងស្ថិតនៅនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមករាកន្លងទៅ។
លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ប្រាប់រស្មីកម្ពុជានៅល្ងាចថ្ងៃទី១១ ខែមករា នេះថា លទ្ធផលធ្វើតេស្តលើសំណាកសត្វមាន់ដែលងាប់ជាង ១០០០ក្បាល នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ បានបង្ហាញថា គឺជាគ្រុនផ្តាសាយបក្សី (H5N1) ប៉ុន្តែប្រភេទជំងឺនេះ គឺមិនប៉ះពាល់ដល់មនុស្សទេ។
រូបភាពមាន់ងាប់នៅស្រុកឯកភ្នំខេត្តដំបងនាពេលកន្លងទៅ
លោករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា “លទ្ធផលធ្វើតេស្តបានបញ្ជាក់ឲ្យដឹងថា គ្រុនផ្តាសាយបក្សី (H5N1) ប៉ុន្តែប្រភេទជំងឺនេះ មិនប៉ះពាល់ដល់មនុស្សទេ យើងនឹងធ្វើប្រកាសព័ត៍មាននៅយប់នេះ”។
លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ទៀតថា មន្ត្រីរបស់អង្គភាពអគ្គនាយកដ្ឋានសុខភាពសត្វ ផលិតកម្មសត្វ សហការជាមួយប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នឹងចុះធ្វើការផ្សព្វផ្សាយ ហើយនិងមានវិធនាការទប់ស្កាត់ ជាពិសេសគឺបាញ់ថ្នាំសម្លាប់មេរោគនៅតំបន់នោះ ។ ហើយលោកគិតថា វាមិនជាបញ្ហាអ្វីប៉ុន្មានទេ ដោយសារការចិញ្ចឹមមាន់នោះនៅដាច់ដោយឡែកពីគេ ហើយផ្ទុះជំងឺផ្តាសាយបក្សីនេះ វាអត់រាលដាលទៅកន្លែងផ្សេង ដោយម្ចាស់ចិញ្ចឹមមាន់បានកប់ទុកដាក់ស្រួលបួល ដូចនេះមិនមានបញ្ហាអ្វីប្រឈមធ្ងន់ធ្ងរទេ។
បើតាមលោក ហូ ណាំ ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់បានបញ្ជាក់ថា “៣ថ្ងៃ មាន់១៣០០ក្បាលឈឺងាប់គ្មានសល់”។
គួរបញ្ជាក់ថា សត្វមាន់ជាច្រើនក្បាលបានងាប់ជាបន្តបន្ទាប់ក្នុងកសិដ្ឋានស្ថិតនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបងកាលពីថ្ងៃទី៥ដល់ថ្ងៃទី៧ខែមករាហើយបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅតំបន់នោះព្រួយបារមម្ភខ្លាចមានជំងឺផ្តាសាយបក្សី៕សរន
រូបភាពមាន់ងាប់នៅស្រុកឯកភ្នំខេត្តដំបងនាពេលកន្លងទៅ