Home ព័ត៌មានជាតិ សន្តិសុខ ​កម្មករ​ជាងដែ...

​កម្មករ​ជាងដែក​ម្នាក់ បាន​ឆក់​ខ្សែភ្លើង​ស្លាប់ នៅនឹងកន្លែង នៅពេល​ឡើង​កាត់​ស្លាក​ប៉ាណូ​

ដោយៈ ចាន់តូ / ភ្នំពេញៈ កម្មករ​ជាងដែក សរុប ៦ នាក់ បាននាំគ្នា ឡើង​កាត់​ស្លាក​ប៉ាណូ លើដំបូល​ឃ្លាំង ដោយ​ធ្វេសប្រហែស ធ្វើ​ឲ្យ​កម្មករ​ម្នាក់ ឆក់​ខ្សែភ្លើង​ស្លាប់ ភ្លាមៗ នៅលើ​ដំបូល តែដោយសារ​ម្ចាស់​ទីតាំង ភ័យខ្លាច​ពាក់ព័ន្ធ ក៏បាន​បង្ខំ​ឲ្យ​ក្រុម​ជាង ហៅ​រថយន្ត​ដឹក​សព យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ទៅវិញ ហើយ បន្ទាប់មក ដឹក​យកទៅ​តំកល់ទុក នៅ​វត្ត​ទឹកថ្លា រួច​បាន​រាយការណ៍ ប្រាប់​សមត្ថកិច្ច ជា​ក្រោយ​។ ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៣​និង​៥០​នាទី រសៀល ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុចឃ្លាំង​ចាស់ មួយកន្លែង តាមផ្លូវ​ចោមចៅ មុខ​ច្រកចូល​ផ្ទះ​ឡ ភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

​សព​ជនរងគ្រោះ គ្រាន់តែ​ស្គាល់​ថា ឈ្មោះ ម៉ាក់ មាន​អាយុ​ជាង ២០ ឆ្នាំ មានមុខ​របរ ជា​កម្មករ​ជាងដែក ស្នាក់​នៅផ្ទះ​មេជាង រួមជាមួយ កម្មករ​ផ្សេងទៀត នៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ ជនរងគ្រោះ មាន​ស្រុកកំណើត ស្រុក​ចំការលើ ខេត្តកំពង់ចាម​។​

​វត្តមាន​ក្រុម​ជាង រួម​ការងារ​ជាមួយ​ជនរងគ្រោះ មួយក្រុម ក្នុងនោះ មាន​ទាំង​មេ​កម្មករ ជា​ស្ត្រី​ម្នាក់ នៅ​វត្ត​ទឹកថ្លា ដាក់​បម្រាម មិន​ឲ្យ​កម្មករ​របស់ខ្លួន បំភ្លឺ​ជាមួយ​អ្នកសារព័ត៌មាន ឬ​អាជ្ញាធរ​ឡើយ ។​

​តែបើ​តាម​ពលរដ្ឋ ឃើញ​ហេតុការណ៍ នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថាៈ មុន​កើតហេតុ ទីតាំង​ឃ្លាំង ខាងលើ ជួល​ឲ្យ​ក្រុមហ៊ុន ឯកជន​មួយ លុះដល់​ចប់​កុងត្រា ម្ចាស់​ឃ្លាំង បាន​ជួល​កម្មករ​មួយក្រុម ឲ្យ​រុះរើ​ស្លាក​ប៉ាណូ​ចេញ ហើយ​នៅវេលា​ម៉ោង ខាងលើ ហើយ​នៅពេល កាត់​ស្លាក​ទម្លាក់​ចុះ ហើយ​នៅសល់តែ​បង្គោល មួយ​ដើម កាត់​ហើយ លើក​បម្រុង​ដាក់ចុះ បែរជា​ទៅ​ប៉ះ​នឹង​ខ្សែ​កា​ប្លិ៍​ភ្លើង ដែលមាន​តង់ស្យុង​ខ្ពស់ ទើប​ធ្វើ​ឲ្យ​ឆ្លង​ឆក់ កម្មករ​ម្នាក់ បណ្តាលឱ្យ​ស្លាប់ នៅលើ​ដំបូល​ស័ង្កសី ។​

​ក្រោយ​កើតហេតុ​ភ្លាមៗ ម្ចាស់​ទីតាំង បង្ខំ​ឲ្យ​ក្រុមកម្មករ ដាក់​ជនរងគ្រោះ​ចុះ ប្រើល្បិច សែង​យកទៅ​មន្ទីរពេទ្យ​ឯករាជ្យ នៅ​ទល់មុខ គ្រាន់តែ​ពិនិត្យ ដឹងថា​ស្លាប់​ហើយ ម្ចាស់​ឃ្លាំង បង្ខំ​ឲ្យ​ក្រុមកម្មករ ទំនាក់ទំនង ហៅ​រថយន្ត​គ្លីនិក​ឯកជន រស្មី ដឹក​សព​ចេញពី​មន្ទីរពេទ្យ​ឯករាជ្យ ដើម្បី​យក​សព ទៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យ​លោកសង្ឃ តែដោយសារ ជនរងគ្រោះ ក្លាយជា​សព បាត់​ទៅហើយនោះ រថយន្ត បាន​ដឹក​សព យកទៅ​តំកល់ទុក នៅ​វត្ត​ទឹកថ្លា ហើយ​បាន​រាយការណ៍ ប្រាប់​សមត្ថកិច្ច​ជា​ក្រោយ ។​

​បើតាម​កម្មករ​ម្នាក់ បាន​បង្ហើប​ឲ្យ​ដឹងថាៈ មុន​កើតហេតុ ម្ចាស់​ឃ្លាំង​ជួល​ក្រុម​ជាង​របស់ខ្លួន តម្លៃ ៥០ ដុល្លារ ឡើង​ដោះ​ស្លាក​ប៉ាណូ ចាស់​ចេញ នៅពេល​ជិត​រួច ទៅហើយនោះ គឺ​នៅសល់តែ​បង្គោល​ដែក មួយ​ដើម ជនរងគ្រោះ បាន​លើក​ប៉ះ​ខ្សែ​កា​ប្លិ៍​ភ្លើង បណ្តាល​ឲ្យ​ឆ្លង​ចរន្តអគ្គិសនី ឆក់​ស្លាប់​ភ្លាមៗ​តែម្តង ៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular