ដោយ៖ដេប៉ូ
ភ្នំពេញ៖វិបត្តិកូវីដ-១៩ បានធ្វើឱ្យម្ចាស់អាជីវកម្មមួយចំនួនទទួលរងនូវផលប៉ះពាល់ ឬឈានដល់ការក្ស័យធន។ ទោះបីយ៉ាងណាទន្ទឹមគ្នាជាមួយការកើតវិបត្តិនេះក៏ជាឱកាសមួយជំរុញដល់ ម្ចាស់អាជីវកម្មមួយចំនួនធំបានប្រើប្រាស់ពេលវេលានៃវិបត្តិនេះ សម្រាប់កសាងនិង ពង្រឹងសមត្ថភាពរបស់ខ្លួនលើការគ្រប់គ្រងអាជីវកម្ម និងការបង្កើតអាជីវកម្មថ្មីៗ ប្រកបដោយភាពច្នៃប្រឌិតស្របតាមស្ថានភាពជាក់ស្ដែង។
បើតាមការលើកឡើងរបស់លោក អោម សេងបូរ៉ា ស្ថាបនិកស៊ីអ៊ីអូ ម៉ាស្ទឺរក្លឹប(CEO Master Club) និងជាគ្រូបង្វឹកម្ចាស់អាជីវកម្មដ៏ល្បីល្បាញមួយរូបនៅកម្ពុជាបានឱ្យដឹងថា”វិបត្តិកូវីត១៩ បានបណ្ដាលឱ្យអាជីវកម្មភាគច្រើនទទួលរងផលប៉ះពាល់តិច ឬច្រើន និងឈានទៅដល់ការបិទក៏មាន។ ប៉ុន្តែក៏មានម្ចាស់អាជីវកម្មមួយភាគធំបានប្រើប្រាស់វិបត្តិទៅជាការស្វែងរកឱកាស ក្នុងការបង្កើតអាជីវកម្មថ្មីៗបំពេញតាមតម្រូវរបស់ប្រជាជនក្នុងស្រុក”។
លោក សេងបូរ៉ា គូសបញ្ជាក់ថា “បងប្អូនម្ចាស់អាជីវកម្មខ្លះ គាត់មើលឃើញឱកាសនៅក្នុងពេលមានវិបត្តិកូវីដ-១៩ វាអំណោយផលដល់គាត់ ដូចជាវិស័យដំណីអាហារ និងវិស័យផ្សេងៗមួយចំនួនទៀត ឃើញថា មានការកើនឡើង។ នេះជាឱកាសបើកថ្មីដោយប្រើប្រាស់ធនធានចាស់។ ហើយអ្នកមានលុយមួយចំនួន ចាប់យកឱកាសទិញអចលនទ្រព្យលក់ប្រញាប់ ឬធូរៗថ្លៃ”។
លោកមើលឃើញម្យ៉ាងទៀតថា ជាសំណាងល្អមួយសម្រាប់អ្នករកស៊ីនៅកម្ពុជាផងដែរ ដោយសាររាជរដ្ឋាភិបាល បានគ្រប់គ្រងការរីករាលដាលជំងឺកូវីត១៩មានប្រសិទ្ធភាព ដែលអាចឱ្យអាជីវកម្មភាគច្រើននៅដំណើរការបាន។
លោកថា“បើមនុស្សអស់ឈាម អស់អុកស៊ីសែន គឺត្រូវស្លាប់ហើយ។ ចំណែកអាជីវកម្ម បើអស់លុយ គឺមិនអាចទៅមុខបានទេ ប៉ុន្តែមុននឹងបិទទ្វារ ម្ចាស់អាជីវកម្មគួរព្យាយាមបង្វឹលសាច់ប្រាក់ឱ្យអស់លទ្ធភាពសិន និងកុំខ្លាចខ្មាសគេក្នុងការបិទទ្វារ ហើយស្វែងរកលទ្ធភាពបើកអាជីវកម្មផ្សេងទៀត”។
ដោយឡែកលោក កែវ វុទ្ធី នាយកប្រត្តិបត្តិ ក្រុមហ៊ុនវុឌ្ឍីស័ក្តិ ខមមើសល ឯ.ក និងជាម្ចាស់ហាងថែរក្សាសម្ផស្ស ណារ៉ា ប៊ីយូធី បានអោយដឹងថា នៅក្នុងវិបត្តិកូវីដ-១៩នេះបានធ្វើឱ្យមានការធ្លាក់ចុះប្រាក់ចំណូល ខណៈការបញ្ជារទិញពីអតិថិជនធ្លាក់ចុះ។
លោកថា៖ “ប៉ុន្តែនៅក្នុងសម័យដែលយើងជូបបញ្ហាកូវីដនេះ បានធ្វើឱ្យយើងរឹងមាំខ្លាំងជាងមុន និងរិះរកវិធីទប់ស្កាត់បញ្ហាទៅថ្ងៃក្រោយ។ ជាក់ស្ដែង ខ្ញុំគ្រោងពង្រីកអាជីវកម្មរបស់ខ្ញុំចំនួនពីរទីតាំងបន្ថែមទៀត”។
ទាក់ទិនក្នុងរឿងនេះដែរ អ្នកស្រី ស៊ី ចាន់ណារ័ត្ន ម្ចាស់ហាងលក់គ្រឿងអលង្គការ និងពេជ្រ នៅលើអាគារពាណិជ្ជកម្មអូឡាំព្យ៉ា បានអះអាងថា អាជីវកម្មរបស់អ្នកស្រីមានការថមថយតិចតួចប៉ុណ្ណោះ។ អ្នកស្រីថា៖ “ដោយសារខ្ញុំបានរៀននៅស៊ីអ៊ីអូ ម៉ាស្ទឺរក្លឹប ខ្ញុំមានយុទ្ធសាស្ត្រថ្មីៗដើម្បីត្រៀមសម្រាប់វ៉ៃលុកទីផ្សារនៅក្នុងសម័យកូវីដនេះ”។
ទោះបីជាយ៉ាងណា បើតាមអ្នកជំនាញអាជីវកម្មរូបនេះ អាជីវកម្មអាចដំណើរការទៅមុខ ឬបិទទ្វារ មិនមែនអាស្រ័យទាំងស្រុងលើស្ថានភាពសង្គមនោះទេ។ វាក៏ស្រ័យលើម្ចាស់អាជីវកម្ម ត្រូវមានភាពច្បាស់លាស់ ហ្មត់ចត់លើការគ្រប់គ្រង និងចាត់ចែងផ្នែកហិរញ្ញវត្ថុផងដែរ ដើម្បីគេចចេញពីការក្ស័យធន និងមានភាពក្លាហានក្នុងបិទទ្វាអាជីវកម្ម ជៀសវាងបំណុលវ័ណ្ឌក។
ជាមួយគ្នានោះអ្នកជំនាញផ្នែកអាជីវកម្មខាងលើ លើកទឹកចិត្តអោយម្ចាស់អាជីវកម្ម ឬអ្នកវិនិយោគ ហ៊ានបោះទុនរកស៊ីបន្ថែមទៀត ប្រសិនបើខ្លួននៅមានលទ្ធភាពគ្រប់គ្រាន។ ការធ្វើបែបនេះ ក៏ជាការចូលរួមចំណែកជម្រុញសេដ្ឋកិច្ចជាតិឱ្យបន្តឈានទៅមុខបាន ហើយក្នុងនាមជាគ្រូបង្វឹកម្ចាស់អាជីវកម្មនៅកម្ពុជា លោកនៅតែបន្តបេសកកម្មរបស់ខ្លួន ចូលរួមចំណែកធ្វើឱ្យម្ចាស់អាជីវកម្មជាសមាជិករបស់ខ្លួនកាន់តែមានការរីកចម្រើន និងបង្កើតការងារជូនពលរដ្ឋកាន់តែច្រើន៕