Home ព័ត៌មានជាតិ សង្គម មន្ទីរពេទ្យ​ន...

មន្ទីរពេទ្យ​នៃ​សាកលវិទ្យាល័យ Soonchunhyang នៅ​កូរ៉េ ប្រគល់​ម៉ាស​ការពារ​ជំងឺ​ចំនួន​១០​ម៉ឺន​សន្លឹក ជូន​ប្រជាជន​កម្ពុជា​

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: លោក​ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​សាធារណៈរដ្ឋ​កូរ៉េ បានឱ្យដឹង​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក នៅ​រសៀល​ថ្ងៃទី​១១ មករា​នេះ​ថា​៖ តាមរយៈ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​កូរ៉េ Soonchunhyang University Hospital បានប្រគល់​ជូន​ប្រជាជន​កម្ពុជា នូវ​ម៉ាស​ការពារ​ជំងឺ​ប្រមាណ ១០​ម៉ឺន​សន្លឹក (​ប្រភេទ KD94 និង KF-AD) ឧបករណ៍​វាស់​កំដៅ​ចំនួន ៤៨​គ្រឿង និង​បន្ទះ​ប្លា​ស្ទិ​កបិទ​ការពារ​មេរោគ (Anti-Virus Film) ចំនួន ២០​ប្រអប់ (​ក្នុង​មួយ​ប្រអប់​មាន​ប្រវែង ១០​ម៉ែត្រ​) ក្នុង​យុទ្ធនា​ការជួយ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅ​ប្រទេស​កម្ពុជា​។​

​លោក​បន្តថា​៖​បរិក្ខារ​ទាំងនេះ​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួងសុខាភិបាល​នឹងត្រូវ​យកទៅ​ចែកជូន​ដល់​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មន្ទីរពេទ្យ​កុមារ​ជាតិ​នៅ​ភ្នំពេញ មន្ទី​ពេទ្យ​ព្រះ​អង្គឌួង មន្ទីរ​សុខាភិបាល​ខេត្តរតនគិរី និង​មណ្ឌលគិរី ព្រមទាំង​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​។​

​បន្ទាប់ពី​បាន​ចុះ​អនុស្សារណៈ​នៃ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ស្ថានទូត​កម្ពុជា នៅ​សេ​អ៊ូ​ល​មន្ទីរពេទ្យ​សាកលវិទ្យាល័យ Soonchunhyang បាន​សហការ​យ៉ាង​ល្អប្រសើរ​ជាមួយ​ស្ថានទូត ក្នុងការ​លើកកម្ពស់​សុ​ខ​មាល​ភាព​របស់​ប្រជាជន ជាពិសេស​បានផ្ដល់​ការបញ្ចុះ​តម្លៃ​ចំនួន ៣០% នៃ​ថ្លៃ​ព្យាបាល​សរុប​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ទាំងអស់ រួមទាំង​អ្នក​ដែល​មិនមាន​ធានារ៉ាប់រង​សុខភាព​ក៏ដោយ​។​

​ក្នុងឱកាស​នោះ លោក ឡុង ឌី​ម៉​ង់ បាន​សម្តែង​ការ​អរគុណ​ជាពិសេស ដល់​ក្រុម​បុគ្គលិក​បំរើការ​នៅ​សាកលវិទ្យាល័យ ដែល​ទទួលបន្ទុក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា Leo Yonghyun ដែល​បាន​ដុតដៃដុតជើង សម្របសម្រួល​អំណោយ​ដ៏​ថ្លៃថ្លា​នេះ ដែលជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​នៃ​សាមគ្គីភាព ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រជាជន​យើង​ទាំងពីរ ក្នុង​វិស័យ​សុខាភិបាល​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular