ប៉េអឹមបដិសេធ : ជនជិះឡានគៀរម៉ូតូដួល រួចដកកាំភ្លើងគំរាម គឺមិនមានឈ្មោះនៅក្នុងក្របខ័ណ្ឌរបស់កងរាជអាវុធហត្ថ

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ កងរាជអាវុធហត្ថបានឃើញ ក្នុងបណ្ដាញព័ត៌មានសង្គម ហ្វេសប៊ុក គណនីឈ្មោះព័ត៌មានទាន់ហេតុការណ៍បានសរសេរអត្ថបទមួយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ថាគ្រាន់តែគ្រោះថ្នាក់ចរាចរណ៍សោះលោកនាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយដកកាំភ្លើងគំរាមយុវជនម្នាក់

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឲ្យដឹងថាកងរាជអាវុធហត្ថ បានធ្វើការចុះត្រួតពិនិត្យ ស្រាវជ្រាវករណីរឿងហេតុខាងលើនេះ ដល់កន្លែងកើតហេតុតាមនីតិវិធី។ មន្ត្រីជំនាញកងរាជអាវុធហត្ថ បានបញ្ជាក់ថា បុគ្គលដែលបង្កហេតុដកកាំភ្លើងនៅផ្តុំផ្សារថ្មី ស្ថិតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាប្រមាណម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ មានឈ្មោះ សុខ ណាម៉ាលីដូ ភេទប្រុសថ្ងៃខែឆ្នាំកំណើត៖ ១៧០៨១៩៩៣ មានទីលំនៅផ្ទះលេខ១២អឺសូន្យ ផ្លូវលេខ៨៨ សង្កាត់វត្តភ្នំខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បុគ្គលឈ្មោះ សុខ ណាម៉ាលីដូ មិនមានឈ្មោះនៅក្នុងក្របខ័ណ្ឌរបស់កងរាជអាវុធហត្ថ និងអាវុធខ្លីម៉ាក់កា៥៩ លេខ២៩៩៩ ក៏មិនមាននៅក្នុងបញ្ជីគ្រប់គ្រងរបស់កងរាជអាវុធហត្ថផងដែរ។ កម្លាំងមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថ កំពុងធ្វើការស្រាវជ្រាវរកបុគ្គលខាងលើនេះ ដើម្បីបញ្ជាក់ការពិត និងអនុវត្តតាមច្បាប់។

លោកបន្តថា ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាគោលជំហរ បុគ្គលិកនៃកងរាជអាវុធហត្ថរូបណាដែលប្រព្រឹត្តនូវកំហុសឆ្គងល្មើសវិន័យកងទ័ព ត្រូវតែអនុវត្តទណ្ឌកម្មវិន័យ ដូចមានចែងក្នុងបទប្បញ្ញត្តិនៃបទវិន័យទូទៅ និងលក្ខន្តិកៈទូទៅសម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ។ ក្នុងករណីបុគ្គលណាប្រព្រឹត្តល្មើសច្បាប់ ត្រូវតែបញ្ជូនបុគ្គលនោះទៅតុលាការផ្តន្ទាទោសតាមច្បាប់ ដូចទិសស្លោកដែលបានដាក់ចេញនាពេលកន្លងទៅចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូតែគោរព បទល្មើសត្រូវតែបង្ក្រាប

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាខាងជំនាញធ្វើអធិការកិច្ច ធ្វើការស៊ើបអង្កេតស្រាវជ្រាវព័ត៍មានដែលបានផ្សព្វផ្សាយថា នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ ដកកាំភ្លើងគំរាមបាញ់ប្រជាពលរដ្ឋនៅក្នុងករណី គ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងនៅក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែមករាឆ្នាំ២០២១។

  នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជាថា ទាក់ទងករណីខាងលើនេះ លោកទទួលព័ត៍មាននេះពីអ្នកសារព័ត៍មាន ហើយលោកបានឲ្យខាងជំនាញ គឺខាងអធិការកិច្ចរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីធ្វើការត្រួតពិនិត្យករណីនេះឡើងវិញ តើរឿងនឹងវាកើតមានដូចសារព័ត៍មានបានចុះផ្សាយមែន ឬក៏អត់? ហើយបើដូចជាសារព័ត៍មានចុះផ្សាយមែន គឺដំណោះស្រាយមានតែពីរទេ ដោយដំណោះស្រាយទី១. គឺរឿងបញ្ហាទាក់ទងទៅនិងវិន័យរបស់កងយោធពលខេមរភូមិន្ទ ដោយយោងទៅតាមច្បាប់លក្ខន្តិកៈ ក៏ដូចជាបទវិន័យទូទៅរបស់របស់កងយោធពលខេមរភូមិន្ទ ប្រសិនបើរកឃើញថា រឿងនឹងវារឿងពិត។ ទី២. បើសិនជាការប្រព្រឹត្តនឹងច្បាប់ចែងថា មានទោស គឺយើងត្រូវបន្តពិនិត្យមើលបន្កទៅទៀត  តើទោសនឹងកម្រិតប៉ុណ្ណានិងត្រូវអនុវត្តដោយរបៀបយ៉ាងម៉េច ដើម្បីឲ្យវាស្របទៅនិងទង្វើអ្នកដែលប្រព្រឹត្ត

  នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថាជំហររបស់កងរាជអាវុធហត្ថ គឺមានភាពប្តូរផ្តាច់ណាស់ នៅក្នុងទិសស្លោករបស់កងរាជអាវុធហត្ថបិទនៅគ្រប់ទីកន្លែងទាំងអស់ គឺបើចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាជនត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាបដោយអត់មានលើកលែង ឬក៏មានករណីពិសេសអីទេ ហើយកិច្ចការងារនេះ អាវុធហត្ថត្រូវតែអនុវត្តខ្ជាប់ខ្ជួន  ព្រោះយើងបានដាក់ទិសស្លោកនេះ ហើយទិសសស្លោកនេះត្រូវបានយកមកអនុវត្តសម្រាប់កងរាជអាវុធហត្ថទាំងមូលក្នុងការទាំងមូលក្នុងការអនុវត្តតួនាទីភារកិច្ច

សូមជម្រាបថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតជាជម្លោះរហូតឈានដល់ការដកកាំភ្លើងគំរាមបាញ់សម្លាប់គូបដិបក្ខថែមទៀតផង។ ហេតុការណ៍នេះ កើតឡើងនៅជិតផ្សារធំថ្មី ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញនៅរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមករា។

សេចក្តីរាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តព្រូសបើកបរដោយបុរសម្នាក់ដែលមានកាំភ្លើង បានបើកឡានស្របគ្នាតាមបណ្តោយផ្លូវ៧៣ កៀនផ្សារធំថ្មី ហើយឃើញរថយន្តបានបើកគៀរម៉ូតូបណ្តាលឲ្យដួល ហើយបានដកកាំភ្លើងពីចង្កេះហើយស្រែកថាហ្អែងចង់យ៉ាងម៉េច ភ្លាមៗនោះជនរងគ្រោះបានលើកដៃសុំកុំបាញ់គាត់អី ប្រជាពលរដ្ឋបានរត់មកជួយជនរងគ្រោះដែលដួលម៉ូតូ បាក់ដងកាំបិតនិងត្រូវត្រង់ប្រអប់ជើង បញ្ជូនទៅកាន់មន្ទីរពេទ្យ។ បន្ទាប់មកអ្នកដែលអួតក្អេងក្អាង និងកាន់កាំភ្លើងនៅមុខសមត្ថកិច្ចថែមទៀតផង ក្រោយមកទើបសមត្ថកិច្ចបានដកទុក៕សរន

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular