ប្រែសម្រួលៈវាសនា/បាងកក៖អាជ្ញាធរថៃកាលពីថ្ងៃចន្ទទី១១មករាបានចោទប្រកាន់កម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ៤នាក់ពីបទប្រមាថព្រះមហាក្សត្រ នៅពេលចលនាតវ៉ាប្រឆាំងដែលបានធ្វើអោយកក្រើកព្រះរាជាណាចក្រនេះកាលពីឆ្នាំមុន ត្រូវបានផ្អាកដោយសារការផ្ទុះវីរុសកូរ៉ូណា។
សរុបមនុស្ស៤១នាក់ត្រូវបានចោទប្រកាន់ថាបានប្រមាថរបបរាជានិយម ។វាជាកំណើនដ៏ខ្ពស់នៅក្នុងការប្រើច្បាប់ហាមប្រមាថព្រះមហាក្សត្រដ៏តឹងរឹងរបស់ថៃ ចាប់តាំងពីចលនាដឹកនាំដោយក្រុមយុវជនបានចាប់ផ្តើមកាលពីខែកក្កដាឆ្នាំមុន។
ការចោទប្រកាន់មួយៗអាចជាប់គុក១៥ឆ្នាំ តែការគំរាមអំពីការកាត់ទោសដាក់គុកមិនបានរារាំងអ្នកប្រឆាំងតវ៉ាធ្វើការទាមទារការកែទំរង់របបរាជានិយមទេ។
ប៉ូលិសបានសួរជនជាប់ចោទទាំង៤នាក់កាលពីថ្ងៃចន្ទ និងបានដោះលែងពួកគេទៅវិញ។បីនាក់ក្នុងចំណោមពួកគេ ត្រូវបានចោទប្រកាន់ចំពោះការតវ៉ាប្រឆាំងមួយកាលពីខែធ្នូឆ្នាំមុន។ក្នុងបណ្តឹងដាច់ដោយឡែកមួយទៀត និស្សិតម្នាក់ត្រូវបានចោទប្រកាន់ចំពោះការបោះពុម្ពការទាមទារ១០ចំណុចរបស់ចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ ព្រមទាំងសុន្ទរកថារបស់មេដឹកនាំតវ៉ានៅក្នុងការជួបជុំតវ៉ាមួយកាលពីខែសីហា។
ទោះជាយ៉ាងណា អ្នកទាំង៤មិនបានឆ្លើយទទួលទោសកំហុសទេ។
អ្នកនាំពាក្យរដ្ឋាភិបាល ក្នុងពេលជាមួយគ្នាបានបញ្ជាក់ថា ប្រជាជនមានសេរីភាពធ្វើ«ការតវ៉ាទាមទារបែបស្ថាបនានិងមានផលប្រយោជន៍សំរាប់សង្គម» តែមិនមែនប្រមាថអ្នកដទៃឬ«ញុះញង់បង្កសម្អប់ទេ»។
ការប្រឆាំងតវ៉ាកន្លងមកទាមទារអោយកែទំរង់នយោបាយ នាយករដ្ឋមន្ត្រីចុះចេញពីតំណែងនិងកែទំរង់របបរាជានិយម។ការតវ៉ាទាមទារដែលគ្រោងបន្តធ្វើនៅដើមឆ្នាំនេះត្រូវផ្អាកសិនដោយសារប្រទេសថៃកំពុងជួបវិបត្តិវីរុសកូរ៉ូណា៕
មនុស្ស៤១នាក់ហើយត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ តាំងពីមានចលនាប្រឆាំងតវ៉ាដឹកនាំដោយក្រុមយុវជនចាប់តាំងពីខែកក្កដាឆ្នាំមុន