Home ព័ត៌មានសំខាន់ៗ ព្រឹត្តិការណ៍...

ព្រឹត្តិការណ៍ជាតិសំខាន់ៗ ប្រចាំវិច្ឆិកា ឆ្នាំ២០២០

ដោយ៖ ម៉េងឆៃ/ ភ្នំពេញ៖ ក្នុងខែវិច្ឆិកា ក៏មានព្រឹត្តិការណ៍ជាតិសំខាន់ៗជាច្រើន បានកើតឡើង។ ក្នុងនោះ មានជាអាទិ៍ ការឆ្លងជំងឺកូវីដ១៩ តាមរយៈព្រឹត្តិការណ៍ ៣វិច្ឆិកា ដែលរដ្ឋមន្ត្រីការបរទេសហុងគ្រី មកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងការឆ្លងកូវីដ១៩ ចូលក្នុងសហគមន៍ នាថ្ងៃទី២៨ ខែវិច្ឆិកា កម្ពុជាផ្តល់អំណោយម៉ាស និងសម្ភារៈពេទ្យដល់ប្រទេសឡាវ មីយ៉ាន់ម៉ា ជាដើម។

១-រដ្ឋមន្ត្រីការបរទេសហុងគ្រី បំពេញទស្សនកិច្ចនៅកម្ពុជា បង្កើតជាការឆ្លងកូវីដ ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា៖

កាលពីថ្ងៃទី៣ ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជ កម្ម ហុងគ្រី បានបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា។ បន្ទាប់ពីជួបពិភាក្សាការងារជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស នៅពេលរសៀល រដ្ឋមន្ត្រីការបរ ទេស និងពាណិជ្ជកម្ម ហុងគ្រី បានចូលជួបពិភាក្សាការងារ ជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព។

ក្រោយកិច្ចពិភាក្សាការងារនេះ កិច្ចព្រមព្រៀងសំខាន់ៗ ចំនួន ៣ ដែលពាក់ព័ន្ធនឹងវិស័យអាកាសចរណ៍ស៊ីវិល វិស័យកសិកម្ម និងធនធានទឹក ត្រូវបានភាគីប្រទេសទាំងពីរ កម្ពុជា និងហុងគ្រី ឯកភាពគ្នាជាផ្លូវការ ចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នា នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា។

បន្ទាប់ពីទទួលបានព័ត៌មានថា រដ្ឋមន្ត្រីក្រសួងការបរ ទេស និងពាណិជ្ជកម្ម ហុងគ្រី ដែលមកទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី៣ ខែវិច្ឆិកា មានវិជ្ជមានកូវីដ១៩ ដែលរកឃើញនៅប្រទេសថៃ បន្ទាប់ពីគាត់ចាកចេញពីកម្ពុជា រួចមក កាលពីយប់ថ្ងៃទី៤វិច្ឆិកា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ក្រុមគ្រូពេទ្យកម្ពុជា បានប្រញាប់ប្រញាល់ប្រមូលអ្នកមានទំនាក់ទំនងទាំងអស់ ដើម្បីយកសំណាកទៅធ្វើតេស្ត នៅវិទ្យាស្ថានប៉ាស្ទ័រ។ ជាលទ្ធផល សម្តេច និងក្រុមគ្រួសារ មិនឆ្លងជំងឺកូវីដ១៩ទេ តែសម្តេច ហ៊ុន សែន បានប្រកាសធ្វើចត្តាឡីស័ក រយៈ ពេល ១៤ថ្ងៃ និងលុបចោលនូវគម្រោងកម្មវិធីរបស់សម្តេចទាំងអស់ នៅក្នុងរយៈពេល ២សប្តាហ៍។

ការធ្វើតេស្តរកមេរោគកូវីដ១៩ លើអ្នកប៉ះពាល់ជាមួយ នឹងរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី ដែលសម្តេចតេជោ ហៅថា ព្រឹត្តិការណ៍៣វិច្ឆិកា គឺជាលទ្ធផលសរុប មាន ៤នាក់ ឆ្លងកូវីដ១៩។ នោះគឺអ្នកតំណាងរាស្ត្រ ១រូប អង្គរក្សខ្មែរម្នាក់ ដែលការពារផ្ទាល់គណៈប្រតិភូហុងគ្រី អនុប្រធាននាយកដ្ឋានកសិកម្ម និងឯកអគ្គរដ្ឋទូតហុងគ្រី ប្រចាំប្រទេសកម្ពុជា និងវៀតណាម។ រីឯអ្នកពាក់ប៉ះពាល់ជិត ២ពាន់នាក់ រាប់ទាំងសម្តេចតេជោ ហ៊ុ សែន រួមទាំងមន្ត្រីជាន់ខ្ពស់ច្រើនរូបផ្សេងទៀត បានធ្វើតេស្ត និងធ្វើចត្តាឡីស័ក ដោយមិនមានឆ្លងកូវីដ១៩ឡើយ។

២-កម្ពុជាផ្តល់អំណោយម៉ាស និងសម្ភារៈពេទ្យដល់ប្រទេសឡាវ៖

កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង ការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា និងអមដំណើរដោយលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ព្រមទាំងមានមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បាននាំនូវអំណោយរបស់រាជរដ្ឋាភិបាល ដែលមានម៉ាសចំនួន ២លាន ១សែន និងបរិក្ខារពេទ្យ សរុបចំនួន ១២មុខ ប្រគល់ជូនលោក ថនលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវរួចហើយ ដើម្បីចូលរួមជួយដល់ប្រទេសឡាវ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

៣-កម្ពុជាជាប់លំដាប់ថ្នាក់ទី១ ខាងការគ្រប់គ្រងការឆ្លងកូវីដ១៩ បានល្អប្រសើរ នៅអាស៊ី៖

ការវាយតម្លៃរបស់ការិយាល័យចក្ខុវិស័យសេដ្ឋកិច្ចរបស់ប្រទេស សេណេហ្កាល់ ស្តីអំពី សន្ទស្សន៍នៃស្ថានភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ បង្ហាញថា ក្នុងចំណោមប្រទេសទាំង ១៦៦ នៅលើពិភពលោក កម្ពុជាស្ថិតនៅចំណាត់ ថ្នាក់លេខ៣ ហើយបើនិយាយតែក្នុងតំបន់អាស៊ីវិញ គឺកម្ពុជា ឈរនៅលំដាប់ថ្នាក់ទី១ ដែលបានគ្រប់គ្រងការឆ្លងកូវីដ១៩ បានល្អប្រសើរ។ ចំណាត់ថ្នាក់ល្អរបស់កម្ពុជា ក្នុងកម្រិតពិភពលោក និងនៅអាស៊ីនេះ ផ្នែកលើការវាយតម្លៃ លើមូលដ្ឋានទិន្នន័យរបស់អង្គការសុខភាពពិភពលោក។ ការវាយតម្លៃនេះ ត្រូវបានធ្វើឡើងលើធាតុសំខាន់បី គឺស្ថានភាពនៃការឆ្លងមេរោគ ស្ថានភាពនៃការជាសះស្បើយ និងករណីមរណភាព។

៤-កម្ពុជា ផ្តល់ម៉ាស និងសម្ភារៈពេទ្យជាច្រើន ដល់មីយ៉ាន់ម៉ា៖

កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបរិច្ចាគម៉ាស ២លាន និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត ជូនដល់រដ្ឋាភិបាល និងប្រជាជន មីយ៉ាន់ម៉ា។ សម្តេចតេជោ បានចាត់តាំងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខា ភិបាល នាំយកអំណោយទាំងនេះ ទៅកាន់រដ្ឋធានីណៃពិដោរ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ តាមយន្តហោះពិសេស។

៥-កម្ពុជា រឹតបន្តឹងវិធានការសុខាភិបាល លើប្រតិភូបរទេស៖

កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខា ភិបាល បានកំណត់ថា គណៈប្រតិភូបរទេស នឹងត្រូវបានយកសំណាក ទៅធ្វើតេស្តរកវីរុសកូវីដ-១៩ យ៉ាងឆាប់ រហ័ស ពេលមកដល់កម្ពុជា មុនពេលចូលគាល់ព្រះ មហាក្សត្រ ព្រះមហាក្សត្រី ឬមុនចូលជួបមេដឹកនាំកំពូលៗរបស់កម្ពុជា។ នេះគឺជាការណែនាំបន្ទាប់ពីកម្ពុជា បានជួបព្រឹត្តិការណ៍៣វិច្ឆិកា។

៦-នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម ជួបតាមទូរសព្ទ លើកឡើងបញ្ហាជាច្រើន ពិសេសបញ្ហាព្រំដែនប្រទេសទាំងពីរ៖

កាលពីថ្ងៃទី២៤ ខែវិច្ឆិកា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបសន្ទនាតាមប្រព័ន្ធវីដេអូ ជាមួយឯកឧត្តម ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម ដើម្បីពិភាក្សាអំពីមធ្យោបាយ និងវិធានការនានា ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងពិភពលោក ដែលជាក្តីកង្វល់ និងផលប្រយោជន៍រួម រាប់បញ្ចូលទាំងកិច្ច សហការក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ក្នុងនោះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានប្តេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីដោះស្រាយកំណត់ខ្សែព្រំដែន ដែលនៅសេសសល់ ចំនួន១៦% ក្នុងគោលបំណងប្រែក្លាយព្រំដែនកម្ពុជា-វៀតណាម ជាព្រំដែនសន្តិភាព ស្ថិរភាព កិច្ចសហ ប្រតិបត្តិការ និងការអភិវឌ្ឍ។ មួយថ្ងៃក្រោយជំនួបនេះ ពោលគឺនៅថ្ងៃទី២៥ ខែវិច្ឆិកា អាជ្ញាធរសមត្ថកិច្ចវៀត ណាម បានរុះរើតង់ និងរោងយាមទាំងអស់ ដែលវៀត ណាមបានសាងសង់នៅព្រំដែនមិនទាន់ព្រមព្រៀង ក្នុងខេត្តកណ្តាល។

៧-រាជរដ្ឋាភិបាល អនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០២១៖

សេចក្ដីព្រាងច្បាប់ ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ ត្រូវបានរដ្ឋសភា ប្រជុំ ពិភាក្សា និងអនុម័តទាំងស្រុង នៅក្នុងកិច្ចប្រជុំពេញអង្គ កាលពីព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បញ្ជាក់ថា វិស័យអប់រំ និងសង្គមកិច្ច គឺជាវិស័យអាទិភាព ក្នុងគម្រោងចំណាយថវិកា ឆ្នាំ២០២១។ ថវិកាឆ្នាំ២០២១ ដែលគ្រោងចំណាយ ៧៥០០ លានដុល្លារអាមេរិក គឺជាថវិកាយុទ្ធសាស្ត្រ ដើម្បីការពារអាយុជីវិតប្រជាជន រក្សាលំនឹងសង្គម សេដ្ឋកិច្ច ជីវភាពប្រជាពលរដ្ឋ និងតម្រង់ឆ្ពោះទៅរកការស្ដារពីវិបត្តិជំងឺកូវីដ១៩។

៨-កម្ពុជា ផ្ទុះព្រឹត្តិការណ៍ឆ្លងកូវីដ ក្នុងសហគមន៍ ជាលើកដំបូង តាមរយៈព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា៖

ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រសិទ្ធនាមដូច្នេះ ក្រោយពីរកឃើញដំបូងលើភរិយាអគ្គនាយកពន្ធនាគារ ផ្ទុកជំងឺកូវីដ១៩ ហើយក្រោយមក ក៏រកឃើញកូនចៅ រួមទាំងអគ្គនាយកពន្ធ នាគារ អ្នកបើកបរ ក្រុមគ្រួសារអ្នកបើកបរ និងអ្នកស្គាល់ៗគ្នា រហូតដល់ឆ្លងចូលក្នុងហាងលក់សម្លៀកបំពាក់ច្រើននាក់ជាបន្តបន្ទាប់។ ជាសរុប ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា មានអ្នកឆ្លងសរុប ៤១នាក់។ មកដល់ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ឆ្លងសហគមន៍លើកដំបូង នៅកម្ពុជា តាមរយៈព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។ ប៉ុន្តែដាច់ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៨ ខែមករា ឆ្នាំ ២០២០ គឺនៅសល់អ្នកឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍នេះ ម្នាក់ មិនទាន់ជាសះស្បើយ នៅឡើយទេ។

៩-សម្តេចតេជោ ហ៊ុន សែន ដាក់ចេញវិធានការបន្ទាន់ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយធំ៖

ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានស្ថាបនាផ្លូវ ៣៨ ខ្សែ និងកែលម្អស្ទឹងសៀមរាប កាលពីព្រឹកថ្ងៃទី ៣០ វិច្ឆិកា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវបទបញ្ជាអន្តរាគមន៍បន្ទាន់ ចំពោះមុខមួយចំនួន ដើម្បីកាត់ផ្ដាច់ចរន្តចម្លងកូវីដ១៩ ចូលទៅក្នុងសហគមន៍ទ្រង់ទ្រាយធំ។ វិធានការទាំងនោះ មានជាអាទិ៍ ការបន្តជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា ត្រូវចូលរួមធ្វើតេស្តរកមេរោគកូវីដ និងការធ្វើចត្តាឡីស័ក ដាក់ខ្លួនឲ្យនៅដាច់ដោយឡែក រយៈពេល ១៤ ថ្ងៃ ព្រមទាំងការផ្តល់ថវិកា ២ម៉ឺនរៀល ក្នុងមួយគ្រួសារ សម្រាប់ប្រជាពលរដ្ឋក្រីក្រ ដែលធ្វើចត្តាឡីស័ក ជាដើម។

១០-ក្រសួងអប់រំ ប្រកាសបិទទ្វារសាលារៀន ជាថ្មី៖

បន្ទាប់ពីផ្ទុះករណីឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ថ្ងៃ២៨វិច្ឆិកា ភ្លាមៗ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឲ្យសាលារៀនរដ្ឋទាំងអស់ វ៉ាកងធំ ចាប់ពីថ្ងៃទី ៣០វិច្ឆិកា ប៉ុន្តែការប្រឡងឌីប្លូម នៅថ្ងៃទី៣០វិច្ឆិកា និងការប្រឡងបាក់ឌុប នៅថ្ងៃទី២១ ខែធ្នូ នៅបន្តដដែល។ ជាមួយគ្នានោះ ក្រសួងអប់រំ ក៏បានសម្រេចឲ្យសាលា រៀនឯកជនទាំងអស់ ឈប់សម្រាករយៈពេល ២ សប្តាហ៍ ដើម្បីការពារ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។

១១-ដំរីឯកោលើលោក ត្រូវបាននាំមកពីប៉ាគីស្ថាន ចូលមករស់នៅកម្ពុជា៖

កាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ដំរីឈ្មោលតែមួយគត់ នៅប្រទេសប៉ាគិស្ថាន ឈ្មោះ កាវ៉ាន់ ត្រូវបានដឹកតាមយន្ត ហោះពិសេស មកដល់ខេត្តសៀមរាប។ ការនាំដំរីពីប៉ាគីស្ថាន មកកម្ពុជានេះ បានក្លាយជាព័ត៌មានល្បីល្បាញ ពេញពិភពលោក ដែលធ្វើឲ្យគេស្គាល់កម្ពុជាកាន់តែច្រើន។ កាវ៉ាន់ ដែលមានអាយុ ៣៦ឆ្នាំ ត្រូវបានបញ្ជូនទៅរស់នៅក្នុងតំបន់ព្រៃអភិរក្ស គូលែន ព្រហ្មទេព ក្នុងទឹកដីខេត្តឧត្តរមានជ័យ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular