ប្រែសម្រួល : កញ្ញាដាលីស/វ៉ាស៊ីនតោន ៖ វេបសាយរបស់ក្រសួងការបរទេសអាម៉េរិកបានប្រកាសជាមុនថាលោកប្រធានាធិបតីដូណាល់ ត្រាំ បានចាកចេញពីតំណែងកាលពីថ្ងៃចន្ទទី១១មករាដោយនាំឱ្យផ្អើលពេញបណ្តាញសង្គមជុំវិញអ្វីដែលបានកើតឡើង។
ទំព័រជីវប្រវត្ដិផ្លូវការរបស់លោកត្រាំនិយាយយ៉ាងខ្លីកាលពីថ្ងៃចន្ទយ៉ាងដូច្នេះថា “អាណត្តិរបស់លោកដូណាល់ត្រាំបានបញ្ចប់នៅកាលបរិច្ឆេទ ២០២១-០១-១១ ១៩:៤៩:០០” មុនពេលលុបចោលវិញខណៈអ្នកលេងបណ្តាញសង្គមបានមើលឃើញនូវសារមួយជំនួសមកវិញថា កំហុសបច្ចេកទេស។
ក្រសួងការបរទេសមិនបានឆ្លើយតបភ្លាមៗទៅនឹងសំណួរថាតើឧបទ្ទវហេតុនេះបណ្តាលមកពីលទ្ធផលនៃការប្លន់វេបសាយឬក៏កំហុសបច្ចេកទេសនោះទេ។
ប៉ុន្តែគេដឹងយ៉ាងច្បាស់ថា លោកត្រាំ ដែលនៅជាប្រធានាធិបតីនៅលើវេបសាយរបស់សេតវិមាននៅឡើយនោះ នឹងមិនរកវិធីចឹងៗដើម្បីចុះចេញពីតំណែងនោះទេ។
ប្រធានាធិបតីជាប់ឆ្នោត ចូ បៃដិន នឹងត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករានាវេលាថ្ងៃត្រង់ បន្ទាប់ពីយកឈ្នះលោកត្រាំក្នុងការបោះឆ្នោតថ្ងៃទី ៣ ខែវិច្ឆិកា។
ក្រុមសមាជិកសភាកំពុងអំពាវនាវឱ្យគណៈរដ្ឋមន្ត្រីដកគាត់ចេញ លោកត្រាំលាលែងពីតំណែងឬ ត្រូវសភាចោទប្រកាន់ជាលើកទី ២ បន្ទាប់ពីលោកបានលើកទឹកចិត្តដល់ហ្វូងមនុស្សដែលប្រើហិង្សាក្នុងសម័យប្រជុំសភាដើម្បីបញ្ជាក់ជាផ្លូវការនូវជ័យជម្នះរបស់លោកបៃដិន៕
ក្រសួងការបរទេសច្រឡំប្រកាសជាមុនថាលោកត្រាំលាលែងពីតំណែង