ដោយៈតាកែវ/តាកែវ: ក្រៅពីបង្កងទឹកសាបដែលល្បីថាមានឱជារសឆ្ងាញ់ពិសារនោះ សម្រាប់ខេត្តតាកែវវិញ គឺនៅមានមុខម្ហូបពងទាកូន «ស្រែរនោង» មួយទៀតដែលមានភ្ញៀវទេសចរណ៍ ក្រៅស្រុកក៏ដូចជាភ្ញៀវនៅក្នុងស្រុកនិយមទទួលទាន និងសរសើរថាឆ្ងាញ់គ្រប់ៗគ្នា មិនតែប៉ុណ្ណោះ ក៏មានការកុម្ម៉ង់នាំចេញទៅលក់នៅតាមបណ្តាខេត្តនានាផងដែរ ។
ជាមួយនឹងភាពល្បីល្បាញនៃរស់ជាតិពងទាកូនស្រែរនោងនេះផងដែរ ក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាពនិងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តតាកែវ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវថ្លែងថា ពងទាកូនស្រែរនោង ជាផលិតផលកសិកម្មរបស់ខេត្តតាកែវ ដែលមានភាពល្បីល្បាញទូទាំងប្រទេស ព្រមទាំងជាផលិផលសម្គាល់តំបន់ភូមិសាស្ត្រថែមទៀតផង។
លោកអភិបាលខេត្តបានបញ្ជាក់ថា ពងទាកូនស្រែរនោង គឺត្រូវបានផលិតឡើងដោយកសិករនៅឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ រួមគ្នាបង្កើតជាសហគមន៍ ពងទាកូន ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារ ដែលបច្ចុប្បន្នបានចងក្រងរួមគ្នាជាសហគមន៍ផលិតពងទាកូនច្បាស់លាស់មួយ និងមានការយកចិត្តទុកដាក់ ព្រមទាំងប្រើប្រាស់បច្ចេកទេសចិញ្ចឹមទាយកពងថែទាំតាមលក្ខណៈធម្មជាតិសុទ្ធសាធ ចាប់តាំងពីការផ្តល់ចំណីមេទា រហូតដល់ផលិតជាពង និងបញ្ចេញលក់នៅលើទីផ្សារ។ ហើយបច្ចុប្បន្ននេះពងទាកូនស្រែរនោងត្រូវបានផ្គត់ផ្គងលើទីផ្សារទូទាំងប្រទេស ដោយបានចូលរួមបង្កើតការងារ និងចំណូលជាច្រើនព្រមទាំងលើកកម្ពស់កម្រិតជីវភាពកសិករនៅឃុំស្រែរនោងកាន់តែធូរធារឡើងជាលំដាប់។
លោកបានបង្ហើបថា នៅទូទាំងខេត្តតាកែវមានមេទា ចំនួន១.៦១២.៩៧០ក្បាល ចិញ្ចឹមជាលក្ខណៈគ្រួសារ និងមានកសិដ្ឋានចំនួន១៧២កន្លែង និងកន្លែងភ្ញាស់ពងទាចំនួន៧២កន្លែង។
ដោយឡែកសម្រាប់តម្លៃបោះដុំពងទាកូនឲម៉ូយធំៗ នៅទូទាំងប្រទេសនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នេះ លោក សូត្រ សុផល ប្រធានសហគមន៍ពងទាកូនស្រែរនោង បានឲដឹងថា ពងទាកូនមានតម្លៃ ចាប់ពី៥០០រៀល ទៅ៥៥០រៀលក្នុងមួយគ្រាប់ ចំពោះតម្លៃលក់រាយវិញ ក្នុង១គ្រប់ ៧០០រៀល
ក្នុងនោះសហគមន៍យើង បានផ្គត់ផ្គង់ការនាំចេញពងទារកូនក្នុងមួយថ្ងៃ ១០ម៉ឺនគ្រាប់ សម្រាប់នាំចេញទៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ៕