ប្រែសម្រួល : កញ្ញាដាលីស/តេហេរ៉ង់ (AP) ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានប្រាប់គណៈប្រតិភូកូរ៉េខាងត្បូងដែលមកធ្វើទស្សនកិច្ចកាលពីថ្ងៃចន្ទទី១១មករាថា ការដោះលែងនាវានិងនាវិករបស់វាដែលត្រូវចាប់បានដោយកងកម្លាំងអ៊ីរ៉ង់នោះគឺជារឿងត្រូវដោះស្រាយនៅតុលាការ និងមិនស្ថិតក្នុងដៃរបស់រដ្ឋាភិបាលទេ។
ការវិវត្តនេះកើតឡើងចំពេលមានជម្លោះហិរញ្ញវត្ថុកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ។
ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ម៉ូហាម៉ាត់ ចាវ៉ាដ ហ្សារីហ្វ ដោយនិយាយនៅក្នុងកិច្ចប្រជុំមួយជាមួយអនុរដ្ឋមន្ត្រីការបរទេសទី១របស់កូរ៉េខាងត្បូងថារដ្ឋាភិបាលអ៊ីរ៉ង់មិនអាចធ្វើអន្តរាគមន៍ក្នុងករណី ដែលកំពុងស្ថិតក្នុងការត្រួតពិនិត្យនៅក្នុងក្របខ័ណ្ឌច្បាប់និងតុលាការបានទេ។
ការរឹបអូសយកនាវាដឹកប្រេងដោតទង់ជាតិកូរ៉េខាងត្បូងដោយកងឆ្មាំបដិវត្តអ៊ីរ៉ង់កាលពីថ្ងៃទី ៥ ខែមករានៅច្រកសមុទ្រហ័រមូសបានកើតឡើងខណៈដែលមន្ត្រីអ៊ីរ៉ង់ដាក់សម្ពាធលើកូរ៉េខាងត្បូងឱ្យដោះលែងប្រាក់ចំនួន ៧ ពាន់លានដុល្លារ ដែលបង្កកនៅក្នុងធនាគាររបស់ប្រទេសនេះដោយសារតែទណ្ឌកម្មរបស់អាម៉េរិក។ ជាក់ស្តែងអ៊ីរ៉ង់កំពុងតែព្យាយាមបង្កើនគំនាស់របស់ខ្លួនលើរដ្ឋាភិបាលក្រុងសេអ៊ូល មុនពេលការធ្វើដំណើរតាមតំបន់ ដែលបានគ្រោងទុករបស់កូរ៉េខាងត្បូងដែលរួមមានទាំងការឈប់សំចតនៅប្រទេសកាតាផងដែរ។
លោកហ្សារីហ្វកាលពីថ្ងៃចន្ទបានលើកឡើងជាថ្មីម្តងទៀតចំពោះការអះអាងរបស់រដ្ឋាភិបាលថានាវានេះត្រូវបានរឹបអូសយកដោយអ៊ីរ៉ង់ជុំវិញការបំពុលបរិស្ថាន។ប៉ុន្តែលោកបានជំរុញឱ្យកូរ៉េខាងត្បូងដកចេញនូវការរឹតត្បិតលើមូលនិធិអ៊ីរ៉ង់ ដោយហៅទ្រព្យសម្បត្តិដែលបានបង្កកនេះថាជា “ឧបសគ្គធំបំផុត” ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ៕
លោក ម៉ូហាម៉ាត់ ចាវ៉ាដ ហ្សារីហ្វ ប្រាប់អនុរដ្ឋមន្ត្រីការបរទេសទី១របស់កូរ៉េខាងត្បូងថា រដ្ឋាភិបាលអ៊ីរ៉ង់មិនអាចធ្វើអន្តរាគមន៍ក្នុងករណីកប៉ាល់បានទេ