ប្រែសម្រួល : កញ្ញាដាលីស ៖ ក្រុមមាន់ខ្នាយមាស Tottenham នឹងត្រូវជួបក្រុម Fulham នៅរាត្រីថ្ងៃពុធទី១៣មករា បន្ទាប់ពីការប្រកួតរបស់ពួកគេនៅឯក្លិប Aston Villa ត្រូវបានពន្យារពេល ខណៈដែលក្របខ័ណ្ឌ Premier League បានប្រកាសពីករណីថ្មីចំនួន ៣៦ នៅក្នុងការធ្វើតេស្តិ៍រកមេរោគកូរ៉ូណាចុងក្រោយរបស់ខ្លួន។
ដំណើររបស់ Fulham ទៅកាន់ទឹកដី Spurs ត្រូវបានគ្រោងធ្វើឡើងនៅថ្ងៃទី ៣០ ខែធ្នូ ប៉ុន្តែត្រូវបានពន្យារពេលដោយសារការឆ្លងវីរុសកូរ៉ូណានៅឯទឹកដី Craven Cottage ។
ការប្រកួតរបស់ក្លិបនៅភាគខាងលិចនៃទីក្រុងឡុងដ៍ទល់នឹងក្រុមតោខៀវ Chelsea ក៏ត្រូវបានលើកពេលពីរាត្រីថ្ងៃសុក្រទៅល្ងាចថ្ងៃសៅរ៍ផងដែរ។
ការប្រកួតរបស់ Spurs ទល់នឹង Villa បានស្ថិតក្នុងភាពស្រពេចស្រពិល ចាប់តាំងពីលេចឮដំណឹងកាលពីសប្តាហ៍មុនថាមានការផ្ទុះឡើងនៃកូវីដ១៩ នៅឯក្លឹបភាគកណ្តាលប្រទេសនេះ ដោយមានកីឡាករឈុតធំ ១០ នាក់តេស្តិ៍វិជ្ជមាន។
ទោះយ៉ាងណា ការយល់ព្រមទទួលយករបស់ Fulham ក្នុងការប្រកួតជាមួយ Tottenham នៅសប្តាហ៍នេះមានន័យថា កាលវិភាគប្រកួតស្មុគស្មាញរបស់ Spurs គឺនៅដដែល តែមិនយ៉ាប់ជាងមុននោះទេ។
Villa ត្រូវបង្ខំចិត្តបិទកន្លែងហ្វឹកហាត់របស់ពួកគេនិងដាក់ក្រុមយុវជនឱ្យលេងនៅក្នុងការប្រកួតពានរង្វាន់ FA Cup ក្នុងជុំទី ៣ ទល់នឹងក្រុមហង្សក្រហម Liverpool កាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយសារតែកូវីដ១៩ផ្ទុះពេញបន្ទុកក្នុងជំរំរបស់ខ្លួន៕
Spurs នឹងត្រូវជួប Fulham នៅថ្ងៃពុធ ជំនួសឱ្យ Aston