​ដោយៈ​ស​រិ​ទ្ធ​/​កំពង់ឆ្នាំងៈក្មេងប្រុស​ចំនួន​២​នាក់​បាន​លង់​ទឹកស្រះ​ស្លាប់ កាលពី​វេលា​រសៀល​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ រហូតដល់​យប់​ថ្ងៃ​ដដែល​ទើប​ក្រុមគ្រួសារ​និង​អ្នកភូមិ​រួមទាំង​ប្រជា​ការពារ​បាន រកឃើញ​សព​។ ហេតុការណ៍​នេះ​កើតឡើង នៅ​ចំណុច​ស្រះ​ទឹក​មួយកន្លែង ជិត​សាលាបឋមសិក្សា​តា​ភន ស្ថិតក្នុង​ភូមិ​តាឱ​ស ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។​

​លោក ម៉ឹង វិសាល​សុខ មេឃុំ​ក្តុល​សែន​ជ័យ​បានឱ្យដឹងថា​ក្មេងប្រុស​រងគ្រោះ​ទាំង​២​នាក់​មានឈ្មោះ វី ជីវ៉ា​ន់ អាយុ​៦​ឆ្នាំ ជា​កូន​របស់​ឈ្មោះ សែម សុ​វី អាយុ​៣៦​ឆ្នាំ និង​ម្ដាយ​ឈ្មោះ សួន សុផល អាយុ​៣៦​ឆ្នាំ​។ ចំណែក​ម្នាក់ទៀត​ឈ្មោះ ជាតិ រិទ្ធី អាយុ​៤​ឆ្នាំ ជា​កូន​ឈ្មោះ ជ័រ ជាតិ អាយុ​៣៧​ឆ្នាំ និង​ម្ដាយ​ឈ្មោះ ស ចាន់ថា អាយុ​៣៣​ឆ្នាំ ។ ពួកគេ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​លោក​មេឃុំ​ក្តុល​សែន​ជ័យ​បាន​បន្តថា ក្មេងប្រុស​ទាំង​២​នាក់ បាន​បាត់​ខ្លួន​តាំងពីព្រឹក​។ ប៉ុន្តែ​ឪពុកម្តាយ​ក្មេងរងគ្រោះ​ទាំង​២​នាក់​មិនបាន​ចាប់អារម្មណ៍​នោះទេ លុះដល់​វេលា​ម៉ោង​ប្រមាណ​១​រសៀល​ថ្ងៃកើតហេតុ មិនឃើញ​កូន​មក​ហូបបាយ ទើប​មានការ​ភ័យ​ស្លន់ស្លោ ហើយ​សង្ស័យថា ក្មេងរងគ្រោះ​ទាំង​២​នាក់​ទៅលេង​ទឹកស្រះ​ជិត​សាលារៀន ក៏​នាំគ្នា​ទៅ​មើល ស្រាប់តែ​ឃើញ​ខោអាវ ស្បែកជើង ក្មេង​ទាំង​២​នាក់​នៅ​ជិត​កាំជណ្តើរ​ចុះ​ក្នុង​ស្រះ ទើប​សន្និដ្ឋានថា ក្មេង​ទាំង​២​នាក់​បាន​លង់​ទឹកស្រះ​បាត់ទៅហើយ ទើប​ក្រុមគ្រួសារ​និង​អ្នកភូមិ​រួមទាំង​ប្រជា​ការពារ​ក៍​នាំគ្នា​ចុះ​រាវរក រហូតដល់​វេលា​ម៉ោង​៩​យប់ ទើប​រក​សព​ឃើញ​។

​ស្រះ​ទឹក​ខាងលើ គឺជា​ស្រះ​សហគមន៍ ជីក​សម្រាប់​យក​ទឹក​ប្រើប្រាស់ និង​មាន​ព័​ទ្ឋ​របងលួស​ជុំវិញ​ទៀតផង​៕