ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​/​ភ្នំពេញៈ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ តង់​សានី ប្រារព្ធ​ទិវា បដិវត្តន៍ ហ្ស​ង់​ហ្ស៊ី​បា នៅ​ថ្ងៃទី ១២ ខែមករា ដើម្បី​រំឭក​ដល់​សោកនាដកម្ម ដ៏​ធំធេង​បង្កឡើង ដោយ បុរស​ជនជាតិ អ៊ូ​ហ្ក​ង់​ដា​ម្នាក់ ដឹកនាំ​ការបះបោរ ប្រឆាំង​រដ្ឋាភិបាល ស៊ុ​លត​ង់ នៅ​ហ្ស​ង់​ហ្ស៊ី​បា កាលពី​ឆ្នាំ ១៩៦៤ ដោយបាន​កាប់សម្លាប់ ជនជាតិ​អារ៉ាប់ និង​ជន​អាស៊ី ខាងត្បូង មិនតិចជាង ពីរពាន់​នាក់ ដែលជា​ការកាប់សម្លាប់ ជា​លក្ខណៈ​ប្រល័យពូជសាសន៍ មួយអន្លើ ដោយ​ការចាប់រំលោភ សេពសន្ថវៈ និង​លួច​ប្លន់ ។

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ​រួបរួម តង់​សានី មាន​ផ្ទៃដី ៩៤៧. ៣០៣ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​អាហ្វ្រិក ខាងកើត មាន​ព្រំដែន​ជាប់​ប្រទេស​កេ​ន​យ៉ា រ​វ៉ាន់ដា អ៊ូ​ហ្ក​ង់​ដា កុង​ហ្គោ សាំ​ប៊ី ម៉ាឡាវី ម៉ូ​សាំ​ប៊ិក និង​មហាសមុទ្ទ​ឥណ្ឌា ។ នៅ​ដើមឆ្នាំ​២០២១ មាន​ប្រជាពលរដ្ឋ ជាង ៦០ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា គ្រិស្ត និង អ៊ិ​ស្លាម ជា​ប្រទេស​ពហុ​ភាសា ពោលគឺ​មិនទាន់ មាន​ភាសា​ណាមួយ ត្រូវបាន​ចាត់ទុកថា ជា​ភាសាផ្លូវការ របស់​ជាតិ​នៅឡើយ រដ្ឋធានី គឺ​ទីក្រុង​ដា​អេស​សា​ឡឹម ។​

ប្រវត្តិសាស្ត្រ​
​តំបន់ Zanzibar Archipelago ដែល​បច្ចុប្បន្ន ជា​តំបន់​ភាគ​អាគ្នេយ៍ នៃ​សាធារណរដ្ឋ តង់​សានី គឹជា​តំបន់​កម្រង​កោះ លាតសន្ធឹង ពី​មហាសាគរ​ឥណ្ឌា ដល់ សាធារណរដ្ឋ Tanganyika ។ វា​ត្រូវបាន​រួមបញ្ចូល ទាំង​ភាគខាងត្បូង នៃ​កោះ Unguja ( ដែល​គេ​ស្គាល់​ផងដែរ​ថា Zanzibar គឺ ហ្ស​ង់​ហ្ស៊ី​បា ) កោះ Pemba ជា​ផ្នែក​ខាងជើង និង​កោះ​ជាច្រើន​ទៀត ។

​ហ្ស​ង់​ហ្ស៊ី​បា ត្រូវបាន​កាន់កាប់ ដោយ​ជនជាតិ អារ៉ាប់ តាំងពី​ឆ្នាំ ១៦៩៨ ដែលជា​ទឹកដី​របស់ អូ​ម៉​ង់ នៅឯ​នាយ​សមុទ្ទ រហូត​ទទួលបាន​ឯករាជ្យ កាលពី​ឆ្នាំ ១៨៥៨ ដោយមាន ស៊ុ​លត​ង់ (​ស្តេច​) របស់ខ្លួន ។ នៅ​ឆ្នាំ ១៨៩០ ហ្ស​ង់​ហ្ស៊ី​បា បាន​ឋិត​ក្រោម​កិច្ចការពារ ឬ អាណានិគម របស់ ចក្រភព អង់គ្លេស ។

​គិត​ត្រឹម​ឆ្នាំ ១៩៦៤ ប្រទេស​នេះ បាន​ក្លាយជា​ប្រទេស រាជាធិបតេយ្យ អាស្រ័យ​រដ្ឋធម្មនុញ្ញ ក្រោម ស៊ុ​លត​ង់ ចាម​ហ្ស៊ី ប៊ី​ន អាប់​ឌុល​ឡាស ។ នា​អំឡុង​ពេលនោះ ហ្ស​ង់​ហ្ស៊ី​បា មាន​ប្រជាជន ជា​ជនជាតិ អាហ្វ្រិក ប្រមាណ​ជា ២៣០.០០០ នាក់ ជនជាតិ​អារ៉ាប់ ប្រមាណ​ជា ៥០.០០០ នាក់ និង​ជនជាតិ​អាស៊ី​ខាងត្បូង ប្រមាណ​ជា ២០.០០០ នាក់ ដែល​ភាគច្រើន ជា​អ្នកជំនួញ ។ ជនជាតិ​អារ៉ាប់ នៃ​កោះ​នោះ គឺជា​ម្ចាស់​ដី​ភាគច្រើន ហើយ​ភាគច្រើន ជា​អ្នកមាន​ធូរធា​ជាង​ជនជាតិ​អាហ្វ្រិក ។ គណបក្សនយោបាយ ត្រូវបាន​រៀបចំ​តម្រូវ ទៅតាម​ជាតិ​សាសន៍ ដោយ​គណបក្ស Zanzibar Nationalist Party (ZNP) គ្រប់គ្រង ដោយ​ជន​អារ៉ាប់ ។ ចំណែក គណបក្ស Afro-Shirazi Party (ASP) គ្រប់គ្រង​ដោយ​ជនជាតិ អាហ្វ្រិក ។ ហ្ស​ង់​ហ្ស៊ី​បា ត្រូវបាន​គ្រប់គ្រង​ដោយ​អភិជន​អារ៉ាប់ ជាច្រើន​សតវត្សរ៍​មក​ហើយ ហើយ​គេ​មិនដែល​នឹកគិត​ថា ហ្ស​ង់​ហ្ស៊ី​បា នឹង​ត្រូវបាន​គ្រប់គ្រង ដោយ​ជន​ស្បែក​ខ្មៅ (​អាហ្វ្រិក​) សោះឡើយ ។​

​បន្ទាប់ពី ហ្ស​ង់​ហ្ស៊ី​បា ត្រូវបាន​ឈ្លានពាន​ដោយ ស៊ុ​លត​ង់ អូ​ម៉​ង់ កាលពី​ឆ្នាំ ១៦៩៨ មក ដីធ្លី​ភាគច្រើន នៅ​ជនបទ ត្រូវបាន​ប្រគល់​ទៅឱ្យ គ្រួសារ​អភិជន អូ​ម៉​ង់ ហើយ​កូនចៅ របស់​ពួកគេ នៅតែ​ជា​ម្ចាស់​ដីធ្លី​ទាំងនោះ រហូតដល់​ឆ្នាំ ១៩៦៤ ។ ប្រការនេះ​ឃើញថា ជន​ស្បែក​ខ្មៅ នៅ​ទីនោះ ជា​ក្រុម​ជាតិ​សាសន៍ ដែលមាន​ជីវភាព ទន់ទាប​ជាងគេ ។​

​ជា​ផ្នែក​មួយ នៃ​ការរំសាយ​អាណានិគម នៅ​ខែមករា ឆ្នាំ ១៩៦១ អង់គ្លេស បានរៀបចំ​ឱ្យ មានការ​បោះឆ្នោត បែប​ប្រជាធិបតេយ្យ ។ បក្ស ASP និង បក្ស ZNP ឈ្នះ​បាន​អាសនៈ ១១ កៅអី ក្នុងចំណោម​អាសនៈ​ទាំង ២២ នៃ សភា Zanzibar ។ ការបោះឆ្នោត​ម្តងទៀត នៅ​ខែមិថុនា ឆ្នាំ ដដែល​នោះ អាសនៈ បាន​កើនឡើង ដល់ ២៣ ។ គណបក្ស ZNP បានរួម​សម្ព័ន្ធ​ជាមួយ​គណបក្ស Zanzibar and Pemba People’s Party (ZPPP) ហើយ​ពេល នេះ ឈ្នះ​បាន ១៣ អាសនៈ ខណៈ​គណបក្ស ASP បើទោះជា​ទទួលបាន​សំឡេងឆ្នោត ភាគច្រើនបំផុត​ក្តី ក៏​ឈ្នះ​បានត្រឹមតែ ១០ អាសនៈ​ប៉ុណ្ណោះ ។

​គណបក្ស ASP បាន​សង្ស័យថា មាន​ការលួចបន្លំ​លទ្ធផល​បោះឆ្នោត​នោះ ក៏​នាំឱ្យមាន​ភាព ច្របូកច្របល់ ហើយ​ជា​លទ្ធផល នាំឱ្យ​មនុស្ស ៦៨ នាក់ បាន​ស្លាប់ ។ ដើម្បី​ធានា​នូវ​ការ គ្រប់គ្រង រដ្ឋាភិបាលចម្រុះ បានដាក់​បម្រាម​នូវ​គណបក្សប្រឆាំង​ហើយ​បានតែងតាំង មន្ត្រី​ដោយ​ខ្លួនឯង ចំណែក​នគរបាល ត្រូវបាន​ក្លាយជា​កម្លាំង បក្សនយោបាយ ។​

​បោះឆ្នោត​នៅ​ឆ្នាំ ១៩៦៣ អាសនៈ​នៅ​សភា បាន​កើន​ដល់ ៣១ ប៉ុន្តែ​លទ្ធផល​គឺ​ដូចគ្នា ទៅនឹង​ការបោះឆ្នោត កាលពី​ឆ្នាំ ១៩៦១ ។ យោងតាម​រូបមន្ត ដែល​បែងចែក​ដោយ បក្ស ZNP នោះ គណបក្ស ASP របស់លោក Abeid Amani Karume បានឈ្នះ​សំឡេងឆ្នោត ដល់​ទៅ ៥៤ ប៉ុន្តែ​ទទួល​បានតែ ១៣ អាសនៈ​ប៉ុណ្ណោះ ខណៈ គណបក្ស ZNP/ZPPP បានឈ្នះ​ទាំងស្រុង ហើយ​បន្ត​ពង្រឹង​អំណាច​របស់ខ្លួន​ទៀត ។​

​គណបក្ស Umma Party ត្រូវបាន​បង្កើតឡើង នៅ​ឆ្នាំ​នោះ ត្រូវបាន​ហាមឃាត់ ហើយ នគរបាល ជា​ជន​ស្បែក​ខ្មៅ នៅលើ​តំបន់​ដីគោក ត្រូវបាន​បណ្តេញចេញ ។ ប្រការនេះ បាន​ដកចេញ​យ៉ាងច្រើន នូវ​កម្លាំង​សន្តិសុខ ហើយ​បាន​បង្កើត​នូវ ក្រុម​ទាហាន​វិញ ។ លើសពីនេះ​ទៅ រដ្ឋាភិបាល ដែល​គ្រប់គ្រង​ដោយ អភិជន​អារ៉ាប់ នៅ ហ្ស​ង់​ហ្ស៊ី​បា បានបង្ហាញ​គោលជំហរ យ៉ាងច្បាស់​ថា ស៊ុ​លត​ង់ នឹង​ស្វែងរក​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ ពិភព​អារ៉ាប់ ជាពិសេស​ជាមួយ អេ​ហ្ស៊ី​ប ហើយ​គ្មាន​ចំណាប់អារម្មណ៍ នឹង​ទំនាក់ទំនង ជាមួយ​អាហ្វ្រិក​ដីគោក ដែលជា​បំណង​របស់​ជន​ស្បែក​ខ្មៅ ភាគច្រើន​ឡើយ ។ ទាសករ នៅ​ហ្ស​ង់​ហ្ស៊ី​បា ត្រូវបាន​លប់បំបាត់ នៅ​ឆ្នាំ ១៨៩៧ ប៉ុន្តែ​អភិជន​អារ៉ាប់ ភាគច្រើន បាន​លាក់ទុក​ជន​ស្បែក​ខ្មៅ សម្រាប់​ជា​ទាសករ របស់​ពួកគេ​ដដែល ដោយ​ពួកគេ​ចាត់ទុកថា ជន​ស្បែក​ខ្មៅ ស័ក្តិ​សមតែ​ធ្វើជា​ទាសករ របស់​ពួកគេ តែ​ម្យ៉ាង​ប៉ុណ្ណោះ ។ និយាយ​ជារួម ជន​ស្បែក​ខ្មៅ នៅ​ហ្ស​ង់​ហ្ស៊ី​បា រហូតដល់​ឆ្នាំ ១៩៦៣ ក៏​នៅតែ​ត្រូវបាន​គេ ចាត់ទុកថា ជា​ទាសករ ដោយសារតែ​អ​តី​ភាព របស់​ពួកគេ ធ្លាប់ជា​ទាសករ​ផង ដោយសារ​បច្ចុប្បន្ន ពួកគេ​មាន​ជីវភាព​ទន់ទាប​ផង ហើយ​ម្យ៉ាងទៀត ក៏​ព្រោះតែ​ភាព​ផ្សេងគ្នា នៃ​សាសនា គឺ​ពួកគេ​ជា​អ្នក​គ្រិស្តបរិស័ទ ខណៈ​ពួក​អភិជន​អារ៉ាប់ ជា​អ្នក​ជន​មូ​ស្ល៊ី​ម ជាហេតុ​ធ្វើឱ្យ​ពួកគេ ប្រកាន់​រើសអើង យ៉ាង​ជ្រាលជ្រៅ ចំពោះ​គ្នា​ទៅវិញទៅមក ។​

​ហ្ស​ង់​ហ្ស៊ី​បា ទទួលបាន​ឯករាជភាព ពេញលេញ​របស់ខ្លួន ពី​ចក្រភព​អង់គ្លេស នៅ​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ​១៩៦៣ ដោយមាន​រដ្ឋាភិបាល បក្សសម្ព័ន្ធ ZNP/ZPPP ដែលជា​រដ្ឋាភិបាល របស់​អភិជន​អារ៉ាប់ ជា​អ្នកគ្រប់គ្រង​អំណាច ។ រដ្ឋាភិបាល បានស្នើ​សុំឱ្យ​កងទ័ព​អង់គ្លេស បន្ត​នៅ​ទីនោះ​ទៀត ប៉ុន្តែ អង់គ្លេស បាន​បដិសេធ ព្រោះ​មិន​ស្របច្បាប់ អន្តរជាតិ​ផង ម្យ៉ាង​និន្នាការ នៃ​ចលនា​ពួក​អ្នក​កុ​ម្មុយ​និ​ស្ត​ផង អាច​នាំមក​នូវ​ភាព​តានតឹង ឬ ផុយស្រួយ ចំពោះ​វត្តមាន​កងទ័ព អង់គ្លេស នៅ​ទីនោះ ។

បដិវត្តន៍​ដ៏​ឃោរឃៅ
​កាលពី​ឆ្នាំ ១៩៥៩ នាយ​សារថី (​អ្នក​បររទេះ​) ម្នាក់ ជា​ជនជាតិ អ៊ូ​ហ្ក​ង់​ដា ឈ្មោះ ច​ន អូ​កេ​ឡូ បាន​ទៅដល់​តំបន់ Pemba ប្រកបមុខរបរ ជាជាង​កំបោរ ។ លុះដល់​ខែ កុម្ភៈ ឆ្នាំ ១៩៦៣ គាត់​បាន​ផ្លាស់​ទៅ ហ្ស​ង់​ហ្ស៊ី​បា ដោយបាន​ប្រកបមុខរបរ ជាម​ន្ត្រី នៅក្នុង​សហជីព​កម្មករ ជាងគំនូរ ហ្ស​ង់​ហ្ស៊ី​បា និង Pemba ហើយក៏​ជា​សកម្មជន នៅក្នុង​គណបក្ស ASP ផងដែរ ។​

​នៅ​ថ្ងៃទី ១២ ខែ មករា ឆ្នាំ ១៩៦៤ ជន​ស្បែក​ខ្មៅ រួមទាំង​ពួក អតីត​ប៉ូលិស ដែល​ទើបតែ ត្រូវបាន​បណ្តេញចេញ​ថ្មីៗ​នោះ ប្រមាណ​ជា ៦០០-៨០០ នាក់ ប្រដាប់​ដោយ ដាវ លំពែង កាំបិត និង ដំបង​ដែក បាន​វាយប្រហារ ទៅលើ​ទីតាំង ប៉ូលិស​នៅ​កោះ Unguja និង ស្ថានីយ​វិទ្យុ ។ កង​ប៉ូលិស អារ៉ាប់ ដែល​ទើបតែ​ដាក់ ជំនួស​ថ្មីៗ ហើយ​ស្ទើរតែ​គ្មាន ការហ្វឹកហាត់​ផង​នោះ មិនយូរប៉ុន្មាន ក៏ត្រូវ​បាន​ពួក​អ្នកបះបោរ យកឈ្នះ​បាន​ដោយ​ងាយ ។ ចំណែក​លោក អូ​កេ​ឡូ បាន​ដឹកនាំ វាយប្រហារ ទៅលើ​ការិយាល័យ​កណ្តាល​របស់ ប៉ូលិស Ziwani ដោយ​ជោគជ័យ ហើយ​មាន​អ្នកបះបោរ​តែ ៤-៥ នាក់​ប៉ុណ្ណោះ ត្រូវបាន​បាញសម្លាប់ ។​

​ព្រឹកស្អែក​ឡើង លោក អូ​កេ​ឡូ បានប្រកាស​តាម​វិទ្យុ​ថា មនុស្ស​របស់គាត់​គ្រប់គ្រង​ស្ថាន ការណ៍ បាន​ជោគជ័យ​ហើយ និង អំពាវនាវ​ឱ្យ ជន​អាហ្វ្រិក ទាំងអស់ ក្រោក​ឡើង​បះបោរ គ្រប់ទិសទី ដើម្បី​ផ្តួលរំលំ​ពួក​ចក្រ​ព័​ត្ត​និយម ។ លោក អូ​កេ​ឡូ បានប្រកាស​ខ្លួនឯង​ថា ជា​សេនាប្រមុខ ។ ត្រឹមតែ​រយៈពេល ប្រាំមួយ ម៉ោង ទីតាំង​សំខាន់ៗ របស់​រដ្ឋាភិបាល ត្រូវបាន​កាន់កាប់ ដោយ​ពួក​អ្នកបះបោរ ។​

​នៅ​ទូទាំង​ទីក្រុង Stone Town ហាង​ទំនិញ និង ផ្ទះសម្បែង ដែលជា​កម្មសិទ្ធិ​របស់​ជន អារ៉ាប់ និង​ជន​អាស៊ី​ខាងត្បូង ត្រូវបាន​ចូល​លួច​ប្លន់ ខណៈ​ស្ត្រី អារ៉ាប់ និង ស្ត្រី​អាស៊ី​ខាងត្បូង ត្រូវបាន​ចាប់រំលោភ​សេពសន្ថវៈ និង​សម្លាប់ចោល ដោយ​សេរី តាម​ទំនើងចិត្ត ។ ស៊ុ​លត​ង់ និង នាយករដ្ឋមន្ត្រី មូ​ហា​ម៉ា​ដ់ ហ្សា​ម​តេ ហា​ម៉ា​ឌិ មួយអន្លើ ដោយ​សមាជិក​គណៈរដ្ឋមន្ត្រី បាននាំគ្នា​ភៀសខ្លួន​ចេញពី​កោះ​នោះ ។ ចំណែក​រាជវាំង​របស់ ស៊ុ​លត​ង់ និង​ទ្រព្យសម្បត្តិ ទាំង​ប៉ុន្មាន របស់​ស៊ុ​លត​ង់ ត្រូវបាន​ពួក​អ្នកបះបោរ​រឹបអូស ។ បុរស​ជា​ជនជាតិ អារ៉ាប់ ត្រូវបាន​គេ​សម្លាប់ នៅតាម​ពាសពេញ​ផ្លូវ ហើយ​លិង្គ​របស់​ពួកគេ ត្រូវបាន​កាត់​ហើយ​ញាត់ ចូល មាត់​សព ទាំងនោះ​វិញ ។ ជា​ផ្នែក​មួយ នៃ​បញ្ជា​យ៉ាង​ប្រុងប្រយ័ត្ន របស់លោក អូ​កេ​ឡូ បាន​បញ្ជា​ឱ្យ ជន​អាហ្វ្រិក កាប់សម្លាប់ មិន​រើសមុខ នូវ​រាល់​ជន​អារ៉ាប់ ទាំងឡាយណា ដែល​គេ​បានឃើញ ។​

​បន្ទាប់ពី​បាន​ត្រួតត្រា លើ​ទីក្រុង Stone Town រួចមក នៅ​ថ្ងៃទី ២ ពួក​អ្នកបះបោរ បាន​បន្ត វាយប្រហារ ទៅលើ​ទីក្រុង Manga ដើម្បី​កាន់កាប់​តំបន់​ជនបទ ហើយ​នៅក្នុង​យុទ្ធនាការ ទាំងនោះ ជន​អារ៉ាប់ ត្រូវបាន​កាប់សម្លាប់ ទាំង​គ្រួសារៗ ហើយ​ផ្ទះសម្បែង​របស់​ពួកគេ ត្រូវបាន​ដុតបំផ្លាញ ។​

​លោក ច​ន អូ​កេ​ឡូ បាន​អះអាង​ជា​បន្តបន្ទាប់ និង ដោយ​ម៉ឺងម៉ាត់ អំពី​មូលហេតុ ដែល​គាត់ ដឹកនាំ​បះបោរ​បដិវត្តន៍ យ៉ាង​ឃោរឃៅ​នោះ​ថា គឺ​គាត់​បាន “ ឮ​សំឡេង​របស់ ព្រះ​ជា​ម្ចាស់ បាន​ស្រែក​បញ្ជា​គាត់ ក្នុងនាម​ជា​គ្រិស្ត​សាសនិក​ម្នាក់ ឱ្យ​រំដោះ​ប្រជាពលរដ្ឋ នៅ​ហ្ស​ង់​ហ្ស៊ី​បា សម្រាប់​ព្រះ​យេស៊ូគ្រិស្ត ពី​ពួក​មូ​ស្ល៊ី​ម អារ៉ាប់ “ ហើយ​ថា​អ្វីៗ​គ្រប់យ៉ាង ដែល​គាត់​ចេះ គឺ​រៀន​ពី​ព្រះគម្ពីរ បាយ​ប៊​ល (​គម្ពីរ​ពិសិដ្ឋ ឬ គម្ពីរ​គោល របស់​គ្រិស្តសាសនា ដូចជា​គម្ពីរ ព្រះ​ត្រៃបិដក របស់​ព្រះពុទ្ធសាសនា និង​គម្ពីរ​កូ​រ៉ា​ន់ របស់​អ៊ិ​ស្លាម ) ។​

​នៅក្នុង​អំឡុង នៃ ការបះបោរ​នោះ ស្ត្រី​ជនជាតិ អារ៉ាប់ និង ស្ត្រី​ជ​ជាតិ​អាស៊ី​ខាងត្បូង រាប់ពាន់នាក់ ត្រូវបាន​ចាប់រំលោភ​សេពសន្ថវៈ ហើយ​សម្លាប់ចោល ដោយ​មនុស្ស​ពពួក ជន​ស្បែក​ខ្មៅ របស់លោក ច​ន អូ​កេ​ឡូ ។ អ្នកទោស​ដែលជា​ជនជាតិ អារ៉ាប់ ត្រូវបាន​មនុស្ស របស់លោក អូ​កេ​ឡូ សម្លាប់​ទាំង​ក្រុម ទាំង​ហ្វូង ។ ដើម្បី​រក្សា​អាយុជីវិត ជន​អារ៉ាប់ និង​អាស៊ី ខាងត្បូង ជាច្រើន​នាក់ នាំគ្នា​រត់គេចខ្លួន សម្រុក​ចូលទៅ​ប្រទេស​អូ​ម៉​ង់ ។ ជា​សារុប មនុស្ស​ពី​ចន្លោះ ២.០០០-៤.០០០ នាក់ ដែលជា​ជន​អារ៉ាប់ និង​ជន​អាស៊ី​ខាងត្បូង​ត្រូវបាន ពពួកមនុស្ស​ស្បែក​ខ្មៅ របស់លោក ច​ន អូ​កេ​ឡូ សម្លាប់​យ៉ាង​ឃោរឃៅ​ព្រៃផ្សៃ​ជាទីបំផុត ។​

​មន្ត្រីការទូត​អាមេរិក​លោក Don Petterson ដែល​បានឃើញ​ទិដ្ឋភាព​ទាំងនោះ​ផ្ទាល់ បាន​ហៅ​អំពើ​កាប់សម្លាប់ ពី​សំណាក់​ជន អាហ្វ្រិក ទៅលើ​ជន អារ៉ាប់ ទាំងនោះ​ថា អំពើ​ប្រល័យពូជសាសន៍ ។ ពួក​មនុស្ស​របស់លោក ច​ន អូ​កេ​ឡូ នាំគ្នា​ដើរ​ស្រែក​ជ័យ ឃោស​ន៍ នៅតាម​ដង​វិថី​នានា​ថា “ ព្រះ​ជា​ម្ចាស់ ( យេ​ហ៊ូ​វ៉ា ) ប្រទាន​ពរ ដល់​ជន​អាហ្វ្រិក “ ដោយ​ពួកគេ​បាន​ហៅ​ខ្លួនគេ​ថា​ជា “ កងទ័ព​របស់​ព្រះ​ជា​ម្ចាស់ “ ។​

​រឿង​ដែល​គួរឱ្យ​អស់សំណើច​បំផុត​នោះ​គឺថា លោក អូ​កេ​ឡូ បាន​អះអាងថា “ ព្រះ​គ្រិស្ត គឺជា​ជន​អាហ្វ្រិក ហើយ​ទ្វីបអាហ្វ្រិក គឺជា​ទ្វីប​ដ៏​ពិសិដ្ឋ របស់​ព្រះ​ជា​ម្ចាស់ “ ។ កាន់តែ​គួរ ឱ្យអស់​សំណើច​ជាង​នោះ​ទៀត​នោះ​គឺថា ពួក​អ្នក​ហែហម ដែលជា​ពួក​គ្រិស្តបរិស័ទ ជឿ​ការអះអាង​របស់លោក ច​ន អូ​កេ​ឡូ ថា ព្រះ​គ្រិស្ត គឺជា​ជន អាហ្វ្រិក ទៅទៀត ។

​បន្ទាប់ពី​បដិវត្តន៍​
​បន្ទាប់ពី​នោះមក ក្រុមប្រឹក្សា​បដិវត្តន៍ មួយ​ត្រូវបាន​បង្កើតឡើង ដោយ​គណបក្ស ASP និង គណបក្ស Umma ដើម្បី​បំពេញ​តួនាទី ជា​រដ្ឋាភិបាលបណ្តោះអាសន្ន ដោយមាន​លោក Abeid Amani Karume ជា​ប្រធានាធិបតី ។ ប្រទេស ត្រូវបាន​ផ្លាស់ប្តូរ ទៅជា​សាធារណរដ្ឋ ហ្ស​ង់​ហ្ស៊ី​បា និង ប៉េ​ម​បា ។​

​គិត​ត្រឹម​ថ្ងៃទី​៣ ខែ កុម្ភៈ និង ១៩៦៤ ដដែល​នោះ ស្ថានភាព​បាន​វិលត្រឡប់ ទៅរក​ភាព ប្រក្រតី​វិញ ហើយ​លោក Karume ត្រូវបាន​ប្រជាពលរដ្ឋ ទទួលស្គាល់​ជាទូទៅ​ថា ជា​ប្រធានាធិបតី ។​

វាសនា​របស់​មេបះបោរ ច​ន អូ​កេ​ឡូ
​លោក ច​ន អូ​កេ​ឡូ បាន​បង្កើត​ក្រុម​កងកម្លាំង​រំដោះ (FMF) ជា​កងទ័ព​ផ្ទាល់ខ្លួន​របស់គាត់ (​គឺជា​ពួក​ជន​ជនដៃដល់ ដែល​បាន​ចាប់រំលោភ កាប់សម្លាប់ លួច​ប្លន់​ជន​អារ៉ាប់ និង​អាស៊ី ខាងត្បូង នា​អំឡុង ងើប​បះបោរ ) ។ ប៉ុន្តែ​គិត​ត្រឹម​ខែមីនា ឆ្នាំ ដដែល​នោះ កងកម្លាំង FMF ភាគច្រើន​របស់លោក អូ​កេ​ឡូ ត្រូវបាន​ដកហូត​អាវុធ ដោយ​កងទ័ព​ដែល​គាំទ្រ លោក Karume និង គណបក្ស Umma ។ នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ ដដែល​នោះ លោក អូ​កេ​ឡូ ត្រូវបាន​ដកហូត​តំណែង ជា​សេនាប្រមុខ ហើយ​មិនត្រូវ​បានអនុញ្ញាត ឱ្យ​ត្រឡប់​ចូល ហ្ស​ង់​ហ្ស៊ី​បា វិញ​ឡើយ ។ អូ​កេ​ឡូ ត្រូវបាន​និរទេស ទៅ​ដែនដី Tanganyika រួច​បញ្ជូនទៅ កេ​ន​យ៉ា ហើយ​ទីបំផុត ត្រូវបាន​បញ្ជូនទៅ អ៊ូ​ហ្ក​ង់​ដា ដែលជា​ប្រទេស​កំណើត របស់គាត់​វិញ ដោយ​គ្មាន​ទ្រព្យ​អ្វី ជាប់​នឹង​ខ្លួន​មួយ​កាក់ មួយ​សេន​ឡើយ ។​

​នៅ​ខែមេសា រដ្ឋាភិបាល​បង្កើត កងទ័ព​រំដោះ​ប្រជាពលរដ្ឋ (PLA) ហើយ​កង​កង​ម្លាំ​ង FMF របស់លោក អូ​កេ​ឡូ ដែល​នៅ​សេសសល់ ត្រូវបាន​រំលាយចោល ជា​ស្ថាពរ ។ ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​១៩៦៤ ដែនដី Tanganyika និង ហ្ស​ង់​ហ្ស៊ី​បារ ( Zanzibar ) រួបរួមគ្នា​បង្កើត បានជា​រដ្ឋ​មួយ​ឈ្មោះ Tanzania (​តង់​ហ្សា​នី​) ៕/V-PC

សាកសព នៃ ជន​អារ៉ាប់ ដែល​ត្រូវ​ជន​ស្បែក​ខ្មៅ​សម្លាប់​នៅ​អំឡុង បដិវត្តន៍​នៅ ហ្ស​ង់​ហ្ស៊ី​បា (​សព​ជន​អារ៉ាប់​)
លោក ច​ន អូ​កេ​ឡូ ( អង្គុយ )​មេក្លោង​បដិវត្តន៍​និង​កាប់សម្លាប់​រង្គាល​នៅ ហ្ស​ង់​ហ្ស៊ី​បា (​ច​ន អូ​កេ​ឡូ​)