ដោយៈ សៅវ៉ាន់ឌី/ព្រះវិហារៈ ការប្រកួតកីឡាបាល់ទាត់ ជ្រើសរើសជើងឯក ដណ្ដើមពាន រង្វាន់ ៧មករា ក្នុងឱកាសអបអរសាទរខួបលើកទី៤២ ថ្ងៃជ័យជំនៈ ៧មករា បានត្រូវប្រកាស បិទ ក្នុងពិធីផ្លូវការមួយ កាលពីរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ដោយបានរកឃើញ ម្ចាស់ជ័យលាភីលេខ១ បានទៅលើក្រុមខ្លាព្រៃ ស៊ីអេសអូ។
លោក នាន់ បូរ៉ា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះវិហារ បានអញ្ជើញប្រគល់ ពានរង្វាន់ ដល់ក្រុមកីឡាករ ទទួលបានជ័យលាភី នៃការប្រកួត កីឡាបាល់ទាត់ជ្រើសរើស ជើងឯកទូទាំងខេត្ត ប្រចាំឆ្នាំ២០២១ ដែលការប្រកួតនាពេលនេះ មានចំនួន ៤ ពូល ស្មើនឹង ១២ ក្រុម ដើម្បីអបអរសាទរខួបលើកទី៤២ នៃថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ – ៧ មករា ២០២១ នៅមណ្ឌលកីឡាខេត្តព្រះវិហារ។
លោក នាន់ បូរ៉ា បានថ្លែងថាៈ វិស័យកីឡា ត្រូវបានយកចិត្តទុកដាក់ យ៉ាងខ្លាំងពី រាជរដ្ឋា ភិបាល ក្នុងការជំរុញវិស័យមួយនេះ ឆ្ពោះទៅរកកិត្យានុភាពជាតិ សាមគ្គីភាព និងមោទន ភាពជាតិ ព្រមទាំងជួយពង្រឹងសុខភាព និងមិត្តភាព និងជួយដល់យុវជន គ្រប់មជ្ឈដ្ឋាន ចៀសឆ្ងាយពីអំពើអបាយ មុខផ្សេងៗ។ ឆ្លងតាមការប្រកួត យ៉ាងស្វិតស្វាញ អស់រយៈពេល ៧ ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៥ ខែមករា ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ និងដោយឈរ លើស្មារតី ចេះអធ្យាស្រ័យគ្នា មានសាមគ្គីភាព មិត្តភាព ហើយប្រកាន់បានយ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍ច្បាប់ បញ្ញត្តិ បទបញ្ជាបច្ចេកទេសផងនោះ បានធ្វើឱ្យការប្រកួត បញ្ចប់ទៅដោយភាពជោគជ័យ គួជាទីមោទនៈ។
លោកបានបញ្ជាក់ថាៈ ជាលទ្ធផល នៃការប្រកួតបាល់ទាត់ នាពេលនេះ ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមខ្លាព្រៃ ស៊ីអេសអូ ទទួលបានថវិកា ២ លានរៀល , លេខ២ បានទៅលើ ក្រុមព្រះវិហារ ស៊ីធី ទទួលបានថវិកា ១លាន ៦០ម៉ឺនរៀល និងលេខ៣ បានទៅលើក្រុម ព្រះវិហារ យូណាយធីត ទទួលបានថវិកា ១លាន ២០ម៉ឺនរៀល៕/V-PC