ដោយៈ ភ្នំស្វាយ/បន្ទាយមានជ័យៈ ទីលានបាល់ទាត់សាលាតម្រង់ទិសបាល់ទាត់ នៅខេត្ត បន្ទាយមានជ័យ ដែលស្ថិតក្នុងបរិវេណ វិទ្យាល័យ ហ៊ុន សែន ខ្លាកូន នាវិថី៧មករា ភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជួសជុលរួចរាល់វិញហើយ ។
លោក ឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ បានអោយដឹង កាលពីថ្ងៃទី១១ ខែមករាថាៈ យោងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា គឺស្ថាប័នគ្រប់គ្រង កីឡាបាល់នេះ បានដំណើរការរៀបចំជួសជុលកែលម្អ ” ទីលានស្មៅធម្មជាតិ វិទ្យាល័យ ហ៊ុន សែន ខ្លាកូន ខេត្តបន្ទាយមានជ័យ ” រួចរាល់ ហើយអាចដំណើរការ ការប្រកួតវិញ បាននាពេលនេះ ។
ប្រភពពីការិយាល័យកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ ក៏ដូចពី វិទ្យាល័យ ហ៊ុន សែន ខ្លាកូន បានអោយដឹងថាៈ ទីលានបាល់ទាត់ សាលាតម្រង់ទិស នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅទីតាំងនេះ ត្រូវលោកឧត្តមសេនិយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ និងជាសមាជិកសហព័ន្ធបានចាត់ចែង ស្ថាបនា ក្នុងនាមលោក នាយឧត្តមសេនិយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក៏ជាប្រធានសហព័ន្ធ កីឡាបាល់ទាត់កម្ពុជា។ ប៉ុន្តែ ដោយការប្រើប្រាស់ស្មៅ នៅតារាងនោះ បានខូចខាត ហេតុនេះ បានជាចាំបាច់ ត្រូវជួសជួកកែលម្អឡើងវិញ៕/V-PC