ដោយៈ រ៉ាម៉ន / ភ្នំពេញៈ ដើមឈឺធំៗចំនួន បីដើម ក្នុងចំណោមដើមឈើ ប្រមាណ ៥០ ដើម នៅលើសួនកាណាឌីយ៉ា មុខមន្ទីរពេទ្យអង្គឌួង ស្ថិតនៅក្នុង ខណ្ឌដូនពេញ ដែលអង្គភាព សួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ក្រោមការ ឯកភាពពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចឱ្យកាប់យកចេញ ហើយដាំជំនួសថ្មីនោះ មកដល់ពេលនេះ ត្រូវបានលោកអភិបាលរាជធានីភ្នំពេញ សម្រេចថា មិនឱ្យកាប់ យកចេញនោះទេ មានតែការដាំថ្មីបន្ថែម។
ការសម្រេចបែបនេះ បានធ្វើឡើង នៅពេលលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌ ចុះពិនិត្យមើលស្ថានភាព ដើមឈើទាំងបីដើមនេះ ជាក់ស្តែង នៅសួនច្បារកាណាឌីយ៉ា ក្នុងខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ ។
ក្នុងដំណើរនៃ ការចុះពិនិត្យដើមឈើនេះ លោក ឃួង ស្រេង បានមានប្រសាសន៍ថាៈ ដើមឈើទាំងបីដើមនេះ មិនត្រូវបានកាប់ចេញនោះទេ ដោយសារវា អាចនៅបន្ត ឈរទៀតបាន ។ តែលោកបានបញ្ជាឱ្យមន្ទីរបរិស្ថានរាជធានី មន្ទីរកសិកម្មរាជធានី និងមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ សហការគ្នាមើលថែដោយធ្វើបាន ត្រឹមតែលះមែក ឬកាត់មែក ដែលស្អុយចេញបាន ចំណែកដើមឈើទាំងមូលត្រូវធ្វើជើង ទម្រទប់ដើម ដើម្បីកុំឱ្យរលំបង្កគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ។
លោក ឃួង ស្រេង បានបញ្ជាក់យ៉ាងច្បាស់ថាៈ នៅរាជធានីភ្នំពេញ គ្មានការកាប់ដើមឈើ យកចេញទេ មានតែការដាំថ្មីបន្ថែម ដើម្បីអោយទីក្រុង ក្លាយជាទីក្រុង មានពណ៌បៃតង មានបរិស្ថានល្អ។
គួរបញ្ជាក់ថា កន្លងទៅនេះ លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរ សាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹង កាលពីថ្ងៃទី៨ មករាកន្លងទៅនេះ ថាៈ ដើមឈើធំៗ នៅសួនកាណាឌីយ៉ា ខាងមុខមន្ទីរពេទ្យព្រះអង្គឌួង មានចំនួនប្រមាណ ៥០ ដើម ហើយក្នុងចំនួនដើមឈើធំៗ ទាំងនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសំរេចកាប់យកចេញ ចំនួន ៣ ដើម ហើយឱ្យដាំដើមឈើថ្មី ជំនួសវិញ ដោយសារតែ ដើមឈើ ទាំង ៣ ដើមនេះ ពុកគល់ ប្រហោងក្នុង ដើម្បីកុំឲ្យកើតមានគ្រោះថ្នាក់ ដល់ ប្រជាពលរដ្ឋ ជាអ្នកដំណើរជាយថាហេតុ។ ក៏ប៉ុន្តែមកដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នេះ នៅពេលលោក អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌចុះពិនិត្យ មើលស្ថានភាព ដើមឈើទាំងបីដើមនេះ ជាក់ស្តែង លោកអភិបាល រាជធានីភ្នំពេញ បានសម្រេចជាថ្មីថា មិនឱ្យកាប់យកចេញ ចំពោះដើមឈើ ទាំងបីដើមនេះ ជាដាច់ខាត មានតែការដាំថ្មីបន្ថែម ៕/V-PC