ដោយៈ បាយ័ន/សៀមរាបៈ ប្រជាពលរដ្ឋចំនួន ៥.៩៦១ គ្រួសារ ដែលមានប័ណ្ណក្រីក្រ ប្រភេទ ០១ និងប័ណ្ណក្រីក្រប្រភេទ ០២ ទទទួលបានការជួយឧបត្ថម្ភ ពីរាជរដ្ឋាភិបាល តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេល ជំងឺកូវីដ-១៩។ នេះជាការបញ្ជាក់អោយដឹង ពីមន្ទីរផែនការ ខេត្តសៀមរាប នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ។
បើតាមរបាយការណ៍ របស់មន្ទីរផែនការ ខេត្តសៀមរាប បានអោយដឹងថាៈ អំឡុងឆ្នាំ២០២០ កន្លងទៅនេះ គ្រួសារប្រជាពលរដ្ឋ មានប័ណ្ណក្រីក្រ ប្រភេទ០១ មានចំនួន ២.៧៦៦ គ្រួសារ និងគ្រួសារប្រជាពលរដ្ឋ មានប័ណ្ណក្រីក្រ ប្រភេទ០២ មានចំនួន ៣.១៩៥ គ្រួសារ ក្នុងក្រុង សៀមរាប បានទទួលការជួយឧបត្ថម្ភ ពីរាជរដ្ឋាភិបាល តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ។
របាយការណ៍ របស់មន្ទីរផែនការ ខេត្តសៀមរាប បានបញ្ជាក់ទៀតថាៈ ដោយឡែក ក្នុងឆ្នាំ២០២១នេះ កម្មវិធីឧបត្ថម្ភជូនគ្រួសារក្រីក្រ ក្នុងអំឡុងពេល ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជុំទី៤ នេះ ត្រូវបានរាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានប្រកាសបន្តអនុវត្តន៍ ចំនួន ៣ ខែបន្ថែម ទៀត គឺសម្រាប់ខែមករា ខែកុម្ភៈ និងខែមីនា ឆ្នាំ២០២១ ខាងមុខនេះ។ ការឧបត្ថម្ភនេះ បានចូលរួមចំណែកលើកស្ទួយ និងរក្សាលំនឹងជីវភាព របស់បងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងសៀមរាប នាអំឡុងពេល ដ៏លំបាកនេះ ដោយសារតែជំងឺកូវីដ-១៩ នៅមិនទាន់ទៅណាឆ្ងាយ ពីយើងនៅឡើយ។
ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន មានមេភូមិ និងក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏បានអនុវត្តន៍ ដោយតម្លាភាព គណនេយ្យភាព និងប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ ដោយមិនអនុវត្តន៍ ផ្ទុយពីនីតិវិធី នៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំឡើយ គឺស្របទៅតាមអ្វី ដែលជាបំណងរបស់ រាជរដ្ឋាភិបាល៕/V-PC