ប្រែសម្រួលៈវាសនា/ហ្សាការតា៖ ឥណ្ឌូនេស៊ីកំពុងប្រើយានប្រតិបត្តិការក្រោមទឹកបញ្ជាពីចម្ងាយដើម្បីជួយអ្នកមុជទឹកក្នុងការស្វែងរកសាកសពជនរងគ្រោះពីការធ្លាក់យន្តហោះនិងប្រអប់ថតទិន្នន័យហោះហើររបស់យន្តហោះBoeing 737-500ដែលបានធ្លាក់ចូលក្នុងសមុទ្រកាលពី៣ថ្ងៃមុន។
យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍Sriwijaya Air ជាមួយនឹងមនុស្ស៦២នាក់នៅក្នុងវា បានធ្លាក់ចូលក្នុងសមុទ្រចាវ៉ាកាលពីរសៀលថ្ងៃសៅរ៍ នៅ៤នាទីក្រោយចេញដំណើរពីក្រុងហ្សាការតា។វាជាគ្រោះថ្នាក់យន្តហោះធំទី២នៅឥណ្ឌូនេស៊ីចាប់តាំងពីអ្នកដំណើរនិងនាវិកយន្តហោះ១៨៩នាក់បានស្លាប់នៅពេលយន្តហោះBoeing 737 MAXរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ីមួយទៀតបានធ្លាក់ចូលក្នុងសមុទ្រចាវ៉ា ក្រោយចេញដំណើរបានបន្តិចកាលពីឆ្នាំ២០១៨។
ពួកអ្នកមុជទឹកស្វែងរកកាលពីថ្ងៃចន្ទបានបំព្រួញតំបន់ស្វែងរកប្រអប់ខ្មៅតែការងាររបស់គេត្រូវរំខានដោយអាកាសធាតុមិនល្អនិងកំទេចកំទីយន្តហោះនៅរាយប៉ាយពេញបាតសមុទ្រ។
យានប្រតិបត្តិការក្រោមទឹក(មនុស្សយន្តគ្មានមនុស្សបើក)ដែលបញ្ជាពីចម្ងាយក៏ត្រូវបានបញ្ជូនចុះទៅស្វែងរកនៅបាតសមុទ្រ នៅពេលនាវាកងទ័ពជើងទឹកប្រើឧបករណ៍ស្ទង់ចាប់ពីលើផ្ទៃទឹកទៅ។
នៅពេលគេរកឃើញប្រអប់ខ្មៅ នោះគណៈកម្មាធិការសុវត្ថិភាពគមនាគមន៍ជាតិឥណ្ឌូនេស៊ី នឹងអាចអានព័ត៌មានមានតាំងពីកំពស់ហោះ ល្បឿននិងការសន្ទនាដែលវាថតទុកក្នុងយន្តរយៈពេល៣ថ្ងៃ។
នៅពេលមិនទាន់មានដានអំពីមូលហេតុបណ្តាលអោយយន្តហោះធ្លាក់ ពួកអ្នកស៊ើបអង្កេតនឹងនៅតែពឹងលើប្រអប់ខ្មៅដើម្បីកំណត់បញ្ហា៕
នាវាកងទ័ពជើងទឹកប្រើឧបករណ៍ស្ទង់ចាប់ពីលើផ្ទៃទឹក នៅពេលអ្នកមុជទឹកនិងយានប្រតិបត្តិការក្រោមទឹកចុះទៅរកប្រអប់ខ្មៅនៅបាតសមុទ្រ
កំទេចកំទីយន្តហោះនៅរាយប៉ាយពេញបាតសមុទ្រត្រង់កន្លែងយន្តហោះធ្លាក់