ដោយៈ សុខសុភ័ណ្ឌ/កំពង់ស្ពឺៈ បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង និង ៥នាក់ផ្សេង ទៀត បានរងរបួសធ្ងន់ស្រាល ដោយសាររថយន្ត FORD RANGER និងរថយន្ត TOYOTA ALPHARD បុកគ្នាពេញទំហឹង ក្នុងទិសដៅបញ្ច្រាសទិសគ្នា ។ ហេតុការណ៍នេះ បានកើតឡើង នៅលើផ្លូវជាតិលេខ៤ ត្រង់ចន្លោះ គីឡូម៉ែត្រលេខ ៩២-៩៣ ស្ថិតក្នុងភូមិ ចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីវេលាទៀបភ្លឺ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថាៈ មុនពេលកើតហេតុ គេឃើញរថយន្ត ម៉ាក FORD RANGER ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 02. 2-6829 អ្នកបើកបរ ឈ្មោះ ហេង រ៉ានី ភេទប្រុស អាយុ ២៥ ឆ្នាំ និងអ្នករួមដំណើរជាមួយ ៤ នាក់ទៀត រួមមានៈ ១.ឈ្មោះ មិន ឆោម ភេទប្រុស អាយុ៣៦ ឆ្នាំ , ២.ឈ្មោះ ចែម សារឿន ភេទស្រី អាយុ ៣៨ ឆ្នាំ , ៣.ឈ្មោះ ឆោម ករុណាប ភេទប្រុស អាយុ១០ ឆ្នាំ , ៤.ឈ្មោះ ឆោម សុវណ្ណ ភេទប្រុស អាយុ ៣៥ ឆ្នាំ , អ្នកទាំង ៥ រស់នៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានធ្វើដំណើរពីទិស ខាងកើត ទៅខាងលិច លុះមកដល់ចំណុចខាងលើ បានដាច់កង់ រួចរេចង្កូតចូលចំណែក ផ្លូវម្ខាង ជ្រុលទៅបុកគ្នា ពេញទំហឹង ក្នុងទិសដៅបញ្ច្រាសទិសគ្នា ជាមួយរថយន្ត ម៉ាក TOYOTA ALPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC- 5007 អ្នកបើកបរ ជាជនជាតិចិន មិនទាន់ស្គាល់ឈ្មោះ បណ្តាលឲ្យឈ្មោះ មិន ឆោម (ខាងភាគីរថយន្ត ម៉ាក FORD RANGER) ស្លាប់ភ្លាមៗ នៅនឹងកន្លែង និង ៥ នាក់ទៀត រងរបួសធ្ងន់ ស្រាល។
ប្រភពដដែល បានបន្តថាៈ ក្រោយពីកើតហេតុ អ្នករងរបួសទាំងអស់ បានដឹកទៅព្យាបាល នៅមន្ទីពេទ្យ។ សពបានប្រគល់ជូនសាច់ញាតិ ចំពោះវត្ថុតាង ទាំងពីរគ្រឿងបានយកមក រក្សាទុក នៅអធិការដ្ឋានគរបាល ស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនិតិវិធី៕/V-PC