Home ព័ត៌មានសំខាន់ៗ មន្ត្រីជំនាញន...

មន្ត្រីជំនាញនាំយកសំណាកកម្មករអ្នកថែទាំមាន់ ទាក្នុងទីតាំងចិញ្ចឹមដែលមានសត្វមាន់ងាប់ជាង១០០០ក្បាលទៅពិនិត្យវិភាគ

ដោយ: ភ្នំខៀវ / បាត់ដំបង:មន្ត្រីជំនាញ នៅព្រឹកនេះបានចុះយកសំណាកកម្មករអ្នកថែទាំមាន់ ទាដោយផ្ទាល់នៅក្នុងទីតាំងចិញ្ចឹមដែលផ្ទុះជំងឺផ្តាសាយបក្សីងាប់សត្វមាន់ជាង ១០០០ក្បាលក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបងទៅពិនិត្យវិភាគ។

   លោក អ៊ុក វិទ្យា អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងថានៅព្រឹកថ្ងៃទី១២ ខែមករានេះមន្ត្រីមន្ទីរសុខាភិបាលខេត្តបានចុះយកសំណាកកម្មករចំនួន ២នាក់ក្នុងទីតាំងចិញ្ចឹមមាន់ ទាមួយកន្លែងឋិតក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបងដើម្បីវិភាគក្រោយមានករណីផ្ទុះផ្តាសាយបក្សី H5N1ងាប់សត្វមានចំនួន ១៣០០ក្បាលចាប់តាំងពីថ្ងៃ៦ខែមករាកន្លងមកនេះ។

កម្មករជាអ្នកថែទាំផ្ទាល់ខាងលើឈ្មោះ រ៉ន បញ្ញា ភេទប្រុស អាយុ ២១ឆ្នាំ និងម្នាក់ទៀតឈ្មោះជីវ័ន ភេទប្រុស អាយុ ២៨ឆ្នាំ។

លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងនៅព្រឹកថ្ងៃដដែលក៏បាននិយាយថាចំពោះមុខនេះមន្ត្រីជំនាញកំពុងត្រួតពិន្យយ៉ាងម៉ត់ចត់ដោយមិនអនុញ្ញាតិឲ្យមានសត្វបក្សី មាន់ ឬទាឆ្លងកាត់ ឬដឹកជញ្ជូនចេញពីទីតាំងកើតហេតុនោះទេ ។ពិសេសទីតាំងចិញ្ចឹមមាន់ ទា ដែលកម្មសិទ្ធរបស់ឈ្មោះ ហូ ណាម ឋិតក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំដែលរងករណីផ្ទុះនូវជំងឺផ្តាសាយបក្សីនេះ។ មន្ទីរក៏  កំពុងរងចាំការប្រកាសជាផ្លូវការរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើម្បីដាក់តំបន់ខាងលើជាតំបន់ដែលផ្ទុះជំងឺផ្សាសាយបក្សីជាមួយគ្នាមន្ត្រីការិយាល័យបសុព្យាបាលក៏កំពុងបន្តការតាមដានលើសត្វទាកាប៉ាចំនួនជាង១០០ក្បាលទៀត ដែលចិញ្ចឹមនៅចម្ការទីតាំងតែមួយជាមួយគ្នានេះ។

   លោក ឈឹម វជិរ៉ា បន្តថាបន្ទាប់ពីផ្ទុះឡើងករណីផ្តាសាយបក្សីបណ្តាលឲ្យមាន់ងាប់សរុបចំនួន១៣០០ក្បាលចាប់តាំងពីថ្ងៃសៅមកមន្ត្រីជំនាញបានចុះធ្វើជីវសុវត្ថិភាពដោយបានបាញ់ថ្នាំសម្អាតអនាម័យជាបន្តបន្ទាប់ និងបានចុះចែក និងបិទប័ណ្ណផ្សព្វផ្សាយនានាឲ្យពលរដ្ឋ ពិសេសម្ចាស់កសិដ្ឋាននានាផ្សេងទៀតឲ្យពួកបានយល់កាន់តែទូលំទូលាយក្រោមកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន កម្លាំងសមត្ថកិច្ច រួមជាមួយស្ថាប័នសាលាដំបូងខេត្តមួយចំនួនទៀត។

   លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ខេត្តបាត់ដំបងក្នុងដំណាក់កាលដំបូងនេះបានអំពាវនាវផងដែរដល់បងប្អូនអ្នកចិញ្ចឹមសត្វបក្សី មាន់ ទាក្នុងខេត្តទាំងអស់ប្រសិនជាមានករណីសត្វចិញ្ចឹមបក្សី មាន់ ទាមានសភាពប្រែប្រួលសំកុកឈឺដែលគួរឲ្យសង្ស័យសូមរាយការណ៍មកដល់ការិយាល័យបសុព្យាបាល ឬគេហទំព័ររបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទឲ្យបានលឿនដើម្បីក្រុមការងារបានចុះធ្វើអន្តរាគមន៍បានភ្លាមៗ និងយកវត្ថុសំណាកដើម្បីវិភាគ  ចំណែកម្ចាស់ទីតាំង ឬម្ចាស់កសិដ្ឋានហាមយកសត្វដែលមានជំងឺយកទៅបរិភោគ និងបន្តចែកចាយទៅកាន់ប្រជាពលរដ្ឋឯទៀត រួមទាំងការនាំចេញសត្វទាំងនោះទៅក្រៅចេញពីតំបន់ដែលមានផ្ទុះនូវជំងឺខាងលើ៕សរន

រូបថត: មន្ត្រីមន្ទីរសុខាភិបាល និងមន្ត្រីបសុព្យាបាលនៃមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងចតាមដាន និងពិនិត្យយកសំណាកកម្មករ ២នាក់( រូប:ភ្នំខៀវ )

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular