រថយន្ត​ប្រាំ​គ្រឿង​បុក​បន្ត​គ្នា​នៅ​ស្រុក​ភ្នំស្រួច​

1887
ចែករម្លែក
  • 1.5K
    Shares

​ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: រថយន្ត​ប្រាំ​គ្រឿង​បាន​បុក​បន្តកន្ទុយ​គ្នា ដែល​គ្រោះថ្នាក់​នេះ បណ្ដាលមកពី​ហ្វូងគោ​ឆ្លងផ្លូវ ទើប​ធ្វើ​ឲ្យ​រថយន្ដ​នៅខាងមុខ​គេ ចាប់​ហ្វ្រាំ ទើប​បុក​បន្ត​គ្នា​តែម្តងទៅ និង​សង្កេតឃើញថា​មានការ​ស្ទះចរាចរណ៍​ផងដែរ​។ ហេតុការណ៍​នេះ កើតឡើង​នៅ​ចំណុច​ភូមិ​ទី​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​៨០.៨១ កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ប៉ុស្តិ៍​ឃុំ​ត្រែងត្រយឹង​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក់​គា (KIA) ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ ភ្នំពេញ 3D 9383 របស់​ក្រុមហ៊ុន ស៊ុន លី​ហួត ដឹក​អ្នកដំណើរ អ្នកបើកបរ​ដោយ​ឈ្មោះ​សុន អូន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ស្តេច ឃុំ​ចាម ស្រុក​កំពុងត្របែក ខេត្តព្រៃវែង ត្រូវ​រថយន្ត​មួយទៀត​ម៉ាក ហ៊ីយ៉ានដាយ (​តូ​រិ​ស​) ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 2K 7554 របស់​ក្រុមហ៊ុន ស្រា​បៀរ អ្នកបើកបរ​ឈ្មោះ ហ៊ុយ សាក់​លី ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ រស់នៅ​សង្កា​ត​១ ខណ្ឌ​មិត្តភាព ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ រថយន្ត​ទី​៣ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស​ពាក់​ស្លាក​លេខ ព្រះសីហនុ 3A 5829 សឺ​មី​រឺ​ម៉ក ពណ៌​ខៀវ​ពាក់​ស្លាក​លេខ ភ្នំពេញ 4A 2648 អ្នកបើកបរ មិន​ស្គាល់ឈ្មោះ រថយន្ត​ទី​៤ ម៉ាក​គា (KlA) ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ ភ្នំពេញ 3D 9392 របស់​ក្រុមហ៊ុន​ស៊ុន លី​ហួត ដឹក​អ្នកដំណើរ អ្នកបើកបរ​ឈ្មោះ សុខា ភេទ​ប្រុស រស់​មិន​ទីលំនៅ​រថយន្ត​ទី​៥ ម៉ាក់​គា (KIA) ពណ៌​ស លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3D 7385 របស់​ក្រុមហ៊ុន​ស៊ុន​លី​ហួត ដឹក​អ្នកបើកបរ​ឈ្មោះ បូ រ៉ា ភេទ​ប្រុស មិន​ស្ដា​ល​ទីលំនៅ​។​

​ប្រភព​បាន​បន្តថា រថយន្ត​ទាំង​ប្រាំ​គ្រឿង​ធ្វើដំណើរ​ស្របគ្នា​ពី​កើ​តទៅ​លិច ហើយ​ការបុក​បន្ត​គ្នា​នេះ ដោយសារ​តែមាន​ហ្វូងគោ​ឆ្លងផ្លូវ ទើប​ធ្វើ​ឲ្យ​រថយន្ដ​នៅខាងមុខ​គេ ចាប់​ហ្វ្រាំ ទើប​បុក​បន្ត​គ្នា​តែម្តងទៅ​។ បណ្តាល​ឲ្យ​រថយន្ត​ធំ ៤​គ្រឿង ខូចខាត​ធ្ងន់ និង​រថយន្ត​តូច​មួយគ្រឿង​ទៀត​ខូចខាត​ស្រាល​។ តែ​មិន​បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះទេ ចំពោះ​វត្ថុតាង​រថយន្ត​ទាំង ៥​គ្រឿង​ខាងលើ បាន​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រែងត្រយឹង ដើម្បី​ដោះស្រាយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម