ដោយ: សុផល / ភ្នំពេញ: លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីម្សិលមិញបានអញ្ជើញធ្វើបាឋកថាតាមអនឡាញ ជូនដល់កម្មសិក្សាការី និងសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល។
បាឋកថានេះ ធ្វើឡើងដើម្បីចែករំលែកនូវព័ត៌មានពាក់ព័ន្ធទៅនឹងការកែទម្រង់ស៊ីជម្រៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដើម្បីឱ្យពួកគាត់បានយល់ច្បាស់អំពីទិសដៅក៏ដូចជាចក្ខុវិស័យរបស់ក្រសួង និងត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមសហការអនុវត្តប្រកបដោយឆន្ទៈខ្ពស់។
ថ្លែងក្នុងបាឋកថានាឱកាសនោះលោកទេសរដ្ឋមន្ត្រីបានរំលឹកឡើងវិញអំពីប្រវត្តិដំបូងនៃការធ្វើសមាហរណកម្មហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជាដើម្បីតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់បណ្ដាខេត្តនានានិងតភ្ជាប់ពីខេត្តមួយទៅខេត្តមួយដោយការចាក់កៅស៊ូពីរស្រទាប់ស្ដើង(DBST)សំដៅពង្រឹងនិងពង្រីកកិច្ចសហការនិងទំនាក់ទំនងក្នុងក្របខណ្ឌសង្គមនិងសេដ្ឋកិច្ចប៉ុណ្ណោះ ប៉ុន្តែឈានដល់ដំណាក់កាលថ្មីនេះ កម្ពុជាតម្រូវឱ្យមានការពង្រីកនិងលើកកម្ពស់គុណភាពផ្លូវពីប្រភេទផ្លូវចាក់កៅស៊ូពីរស្រទាប់ស្ដើង (DBST) ទៅជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) ដោយក្នុងនោះរួមមាន៖ ផ្លូវជាតិលេខ១ លេខ២ លេខ៣ លេខ៤ លេខ៥ លេខ៦ លេខ៧ លេខ៨ លេខ៩ និងផ្លូវជាតិនានាទៀតព្រមទាំងកំពុងកសាងផ្លូវថ្មីពីវាលវែងទៅខេត្តកោះកុង(ផ្លូវជាតិលេខ១០) ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុជាដើម ឱ្យសមស្របតាមកំណើន សេដ្ឋកិច្ចនាពេលបច្ចុប្បន្នរបស់ប្រទេស។
ជាងនេះទៅទៀតទេសរដ្ឋមន្ត្រីបានឱ្យដឹងថា៖ក្រសួងបានទិញគ្រឿងចក្រទំនើបៗដែលមិនធ្លាប់មានជូនមន្ទីររាជធានី-ខេត្តទាំង២៥ដើម្បីពង្រឹងប្រសិទ្ធភាពការងារសាងសង់ថែមទៀត ព្រោះថាក្រសួង មិនទទួលយកផ្លូវធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ ឬ ចាក់ស្ដើងស៊ីក្រាស់ចាក់ក្រាស់ស៊ីស្ដើងទៀតឡើយពោលគឺត្រូវធ្វើផ្លូវឱ្យមានគុណភាពតាមស្តង់ដាបច្ចេកទេសនិងសៀវភៅបន្ទុក។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រីបានលើកឡើងផងដែរអំពី៖ គម្រោងសិក្សាលើការពង្រីកកំពង់ផែកុងតឺន័រជម្រៅ១៤,៥ម៉ែត្រ និង១៧ម៉ែត្រនៅខេត្តព្រះសីហនុ ដែលអាចឱ្យនាវាខ្នាតធំអាចចូលចតបានសំដៅដោះស្រាយកំណើន នៃការធ្វើពាណិជ្ជកម្មតាមផ្លូវទឹកជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ការអភិវឌ្ឍផែនការមេប្រព័ន្ធចម្រោះទឹកកខ្វក់នៅខេត្តព្រះសីហនុ ដើម្បីថែរក្សាអនាម័យ និងសោភ័ណភាពទីក្រុងទេសចរណ៍មួយនេះ ឱ្យកាន់តែប្រសើរឡើង និងទាក់ទាញវិនិយោគិន ភ្ញៀវទេសចរណ៍ជាតិនិង អន្តរជាតិឱ្យចូលមកបណ្ដាក់ទុន និងទស្សនាខេត្តនេះឱ្យកាន់តែច្រើនថែមទៀត។
ទាក់ទងនឹងវិស័យដឹកជញ្ជូនទេសរដ្ឋមន្ត្រីបានឱ្យដឹងថា ក្រសួងបានប្រើប្រាស់យន្តការព័ត៌មានវិទ្យា ដើម្បីធ្វើទំនើបកម្មសេវាសាធារណៈ ដូចជា៖ ការចុះបញ្ជីយានជំនិះ ការប្ដូរនិងពន្យារបណ្ណបើកបរ ការស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះនិង ការប្រឡងយកបណ្ណបើកបរតាមអនឡាញក៏ដូចជាបង្កើតកម្មវិធីព័ត៌មានវិទ្យានានាឱ្យស្របតាមការរីកចម្រើនផ្នែកព័ត៌មានវិទ្យារបស់សកលលោក។
លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា៖ ក្រសួងបានសហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការអភិវឌ្ឍផែនការមេភ័ស្តុភារកម្មកម្ពុជា ដើម្បីជំរុញនិងលើកកម្ពស់ការប្រកួតប្រជែងវិស័យភ័ស្តុភារកម្ម នៅក្នុងតំបន់និងពិភពលោកដោយហេតុថា៖កម្ពុជា មានទីតាំងភូមិសាស្ត្រអំណោយផលឋិតនៅចំចំណុចកណ្ដាល នៃប្រទេសក្នុងតំបន់អាស៊ាន។ ជាងនេះទៀត បច្ចុប្បន្នក្រសួងត្រៀមនឹងចុះកិច្ចព្រមព្រៀងក្របខណ្ឌ ជាមួយក្រុមហ៊ុន YCH ដើម្បីបង្កើតមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ សម្រាប់ជំហានទី១ និងជំហានបន្ទាប់នៅខេត្ត ព្រះសីហនុ។
ទាក់ទងនឹងការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់លោកទេសរដ្ឋមន្ត្រីបានថ្លែងថា៖ ក្រសួងបានរៀបចំជញ្ជីងអចល័ត ជញ្ជីងចល័ត និងជញ្ជីងស្វ័យប្រវត្តិ ( Weight in Motion Sensor ) ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលនាំឱ្យផ្លូវឆាប់ខូចខាតមុនអាយុកាលនិងបានធ្វើយុទ្ធនាការដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍តាមរយៈការចែកមួកសុវត្ថិភាព បិទចំណាំងផ្លាត និងការផលិតខ្សែវីដេអូអប់រំខ្លីៗ។
លោករដ្ឋមន្ត្រីសាធារណការ បានឱ្យដឹងផងដែរថា៖ ក្រសួងនឹងដាក់ឱ្យដំណើរការវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូននៅពេលដ៏ខ្លីខាងមុខ ដើម្បីបង្កើតថ្នាលបណ្ដុះបណ្ដាលចំណេះដឹងផ្នែកបច្ចេកទេសសាងសង់ផ្លូវ-ស្ពាន ដល់អ្នកជំនាន់ក្រោយឱ្យមានសមត្ថភាពពេញលេញ និងអាចកសាងស្ពានឆ្លងទន្លេ មេគង្គបានដោយកម្ពុជាខ្លួនឯង។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្ដាំផ្ញើឱ្យកម្មសិក្សាការីនិងសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាលយកចំណេះ ដឹងនិងបទពិសោធន៍របស់ខ្លួនទៅបម្រើជាតិមាតុភូមិឱ្យកាន់តែមានការរីកចម្រើនថែមទៀត និងគួរចងចាំនូវពាក្យស្លោកមួយចំនួនដូចជា៖ មន្ត្រីគឺអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយនាយរាស្ត្រឡើយ ត្រូវធ្វើអ្វីៗដោយឆន្ទៈនិងធ្វើឱ្យបានបើធ្វើមិនបានកុំធ្វើ និងសំដីឥតប្រយោជន៍ នាំឱ្យជាតិបែកបាក់ការងារ មានប្រសិទ្ធភាពនាំឱ្យជាតិរុងរឿង៕