ប្រែសម្រួលៈវាសនា/បាងកក៖អ្នកស្រុកនៅក្នុងខេត្តថៃចំនួន៦ ឥឡូវត្រូវសុំការអនុញ្ញាតមុនចាកចេញពីខេត្តរបស់គេ។ភោជ្ជនីយដ្ឋាននៅក្រុងបាងកក ត្រូវឈប់បំរើអាហារនៅនឹងកន្លែងត្រឹមម៉ោង៩យប់។បណ្តារោងភាពយន្តត្រូវបិទ និងកន្លឬម៉ាស្សា ងងឹតមិនទទួលភ្ញៀវសាជាថ្មី។
ថៃ ដែលកំពុងតស៊ូនឹងការផ្ទុះជំងឺកូវីដ១៩នៅរលកទី២ បានដាក់ប្រើការរឹតត្បិតមួយឈុតដោយអាស្រ័យលើការឆ្លងកាត់ព្រំដែនខេត្តម្តងៗ។នរណាម្នាក់ដែលចង់ចេញពីក្រុងបាងកកទៅកាន់ខេត្តអាយុទ្យាក្បែរនោះ ក្នុងចម្ងាយផ្លូវធ្វើដំណើរប្រហែល១ម៉ោង នឹងត្រូវចុះឈ្មោះក្នុងកម្មវិធីតាមដានចលនាមួយ ហើយត្រូវធ្វើចត្តាឡីស័កក្នុងផ្ទះ១៤ថ្ងៃក្រោយមកដល់បាងកកវិញ។
ដោយព្យាយាមបញ្ចៀសការជាប់គាំងសេដ្ឋកិច្ចដូចដែលក្នុងពេលអនុវត្តការបិទខ្ទប់ទូទាំងប្រទេសកាលពីខែមីនាឆ្នាំមុន ថៃពេលនេះបានដាក់ចេញវិធានការទប់ស្កាត់កូវីដ១៩ដោយប្រយ័ត្នប្រយែងដោយជៀសវាងការបិទខ្ទប់ទូទៅ។ជំនួសអោយការបិទប្រទេសទាំងស្រុង អាជ្ញាធរសំរេចរឹតបន្តឹងបណ្តើរៗ ពីមួយខេត្តទៅមួយខេត្ត ដោយចាប់ផ្តើមកាលពីខែមុន នៅពេលការឆ្លងជាចង្កោមត្រូវបានរកឃើញនៅផ្សារបង្គារមួយក្នុងខេត្ត សាមុត សាខន ។
តែមធ្យោបាយនេះបានបង្កការមិនស្រួលចិត្តក្នុងចំណោមអ្នកខ្លះនៅក្នុងសហគមន៍វេជ្ជសាស្ត្រ ដែលព្រមានថាវាទុកអោយថៃប្រឈមនឹងការឆ្លងនៅរលកថ្មីមួយទៀតនៅឆ្នាំនេះ។វាក៏កាន់តែរុញការរើបរើសេដ្ឋកិច្ចរបស់ថៃអោយកាន់តែឃ្លាតឆ្ងាយថែមទៀត។
គិតមកត្រឹមថ្ងៃអង្គារទី១២មករានេះ ថៃមានអ្នកឆ្លងកូវីដ១៩សរុប១០.៨៣៤នាក់ និងចម្លងនៅទូទាំង៧៧ខេត្តរបស់ព្រះរាជាណាចក្រនេះចាប់តាំងពីខែមករាឆ្នាំ២០២០មក។
ថៃកាលពីថ្ងៃអង្គារ បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៨៧នាក់ទៀតបន្ទាប់ពីឆ្លង២៤៩នាក់ កាលពីថ្ងៃចន្ទ។
អ្នកឯកទេសជំងឺឆ្លងលោកធីរ៉ា វ៉ូរ៉ាតាណារ៉ាត មកពីវិទ្យាល័យវេជ្ជសាសស្ត្រនៃសកលវិទ្យាល័យជូឡាឡុងកនបានប្រាប់សាពត៌មានមួយថា «រដ្ឋាភិបាលហាក់ឆ្លើយតបនឹងការផ្ទុះជំងឺនៅរលកទី២នេះយឺតនិងមិនសូវមានប្រសិទ្ធភាពជាងកាលពីរលកទី១។ហេតុផលធំមួយគឺដោយសារបារម្ភអំពីផលប៉ះពាល់សេដ្ឋកិច្ចបណ្តាលមកពីការបិទប្រទេស។ខ្ញុំបានព្រមានពួកគេអោយប្រយ័ត្នដោយសារប្រទេសជាច្រើនដែលជ្រើសយកយុទ្ធសាស្ត្របត់បែននិងផ្តោតលើសេដ្ឋកិច្ចខ្លាំងជាងក្រោយមករងការឆ្លងខ្លាំងក្លានៅក្នុងប្រទេសរបស់គេហើយក៏បិទខ្ទប់ទូទាំងប្រទេសរយៈពេលយូរឡើងដែលកាន់តែធ្វើអោយខូចខាតសេដ្ឋកិច្ចខ្លាំងឡើង»។
លោក កាសេម ព្រូនរ៉ាតាណាម៉ាឡា ប្រធានក្រុមសិក្សាស្រាវជ្រាវមូលបត្រCGS-CIMB Securities (ថៃ)បាននិយាយថា «រដ្ឋាភិបាលហាក់ស្ទាក់ស្ទើរនឹងបិទប្រទេសនៅពេលនេះដោយសារខ្លាចផលប៉ះពាល់សេដ្ឋកិច្ចដែលខ្លួនបានជួបកាលពីឆ្នាំមុន។រដ្ឋាភិបាលក៏សល់ប្រាក់តិចទៅសំរាប់ជួយអ្នករងផលប៉ះពាល់ផងដែរ»។
តែការរឹតត្បិតល្មមនៅទីបំផុតនឹងប៉ះពាល់ឧស្សាហកម្មទេសចរណ៍ដែលចូលរួមចំណែកប្រមាណ២០ភាគរយនៃផលិតផលសរុបក្នុងស្រុករបស់ថៃ។
លោកកាសេមបាននិយាយថា« វិស័យជាក់លាក់ខ្លះដូចជា សណ្ឋាគារនិងទេសចរណ៍ ចង់អោយមានការរឹតត្បិតតឹងរឹងខ្លាំងឡើងដើម្បីគ្រប់គ្រងកូវីដ១៩អោយបានឆាប់។ពួកគេបារម្ភថា បើការបិទខ្ទប់មិនតឹងរឹងហ្មត់ចត់ល្មមទេ ទេសចរណ៍ក្នុងស្រុកនឹងរលំរលាយសំរាប់រដូវបុណ្យចូលឆ្នាំថ្មីនាខែមេសា។បើជំងឺបន្តរីករាលដាលហួសឆមាសទី១ វានឹងបំផ្លាញទេសចរណ៍បរទេសដែលត្រូវរើបឡើងវិញនៅឆមាសទី២»។
តែអ្នកនាំពាក្យរដ្ឋាភិបាល បានអះអាងថា ការបិទខ្ទប់ប្រទេសវាមិនចាំបាច់ទេ ពីព្រោះសាធារណជនយល់ដឹងរបៀបការពារខ្លួនពីវីរុសនេះហើយឥឡូវ។
នាយករដ្ឋមន្ត្រីថៃកាលពីសប្តាហ៍មុនថែមទាំងអន្តរាគមន៍ បន្ធូរបន្ថយការរឹតត្បិតលើម៉ោងអង្គុយទទួលទានអាហារនៅតាមភោជ្ជនីយដ្ឋានក្នុងក្រុងបាងកកថែមទៀតផង។
តែការប្រយុទ្ធនឹងកូវីដ១៩នៅពេលនេះអាចស្មុគស្មាញដោយសារតែការពិតគឺថា ការផ្ទុះជំងឺកូវីដ១៩ក្នុងសហគមន៍នាពេលបច្ចុប្បន្នចេញពីការឆ្លងជាចង្កោមចំនួន២ មួយចេញពីកម្មករចំណាកស្រុកមកពីប្រទេសជិតខាង និងមួយទៀតចេញពីវង់ល្បែងជាហេតុនាំអោយការឆ្លងក្នុងស្រុកជាងពាក់កណ្តាលមិនដឹងប្រភពច្បាស់លាស់។
នៅក្នុងកិច្ចខិតខំរកអ្នកប្រឈមការឆ្លងមកធ្វើតេស្តិ៍និងទប់ការឆ្លងរាលដាលខ្លាំងឡើង ក្រសួងការងារថៃបានប្រកាសលើកលែងទោសដក់កម្មករពលករចំណាកស្រុកខុសច្បាប់ទាំងអស់ដោយអនុញ្ញាអោយពួកគេមានសិទ្ធិស្នាក់នៅធ្វើការនៅថៃបាន២ឆ្នាំឯណោះបើពួកគេចេញមកចុះឈ្មោះច្បាស់លាស់៕
អ្នកទទួលទានអាហារនៅតាមផ្លូវនៃក្រុងបាងកកត្រូវអង្គុយនៅតុអាហារបាំងដោយផ្លាស្ទិចដើម្បីការពារកូវីដ១៩។ភោជ្ជនីយដ្ឋានក្នុងទីក្រុងនេះអនុញ្ញាតអោយបើកទទួលភ្ញៀវត្រឹមម៉ោង៩យប់ ហួសពីម៉ោងនេះអាចត្រឹមទិញយកទៅទទួលទាននៅខាងក្រៅ