ដោយៈ ពៅនិមល / ភ្នំពេញ: អគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថាៈ ពេញមួយឆ្នាំ ២០២០ កម្ពុជា មានតម្រូវការបន្លែ រហូតចំនួនប្រមាណ ១លានតោន ដោយក្នុងនោះ ការផលិតបន្លែក្នុងស្រុក ផ្គត់ផ្គង់ទីផ្សារ បានប្រមាណជិត ៧០ ភាគរយ និង ៣០ ភាគរយទៀត ត្រូវនាំចូលពីប្រទេសជិតខាង។
យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថាៈ តាមការប៉ាន់ស្មាន តម្រូវការបន្លែ នៅក្នុងឆ្នាំ២០២០ មានចំនួនសរុប ១.០៤៥.៧២៥ តោន ហើយជាក់ស្តែង ផលិតកម្មបន្លែក្នុងស្រុក មាន លទ្ធភាពផ្គត់ផ្គង់ ប្រមាណត្រឹមតែ ៧១៦.១១៣ តោន ស្មើនឹង ៦៨ ភាគរយ ក្នុងនេះ នៅរដូវប្រាំង ៦៩ ភាគរយ និងរដូវរំហើយ ៧៥ ភាគរយ។ ក្រៅពីនេះ កម្ពុជា ចាំបាច់ត្រូវនាំចូលបន្លែ សរុបចំនួន ៣២៩.៦១២ តោន ដែលភាគច្រើន កម្ពុជាមិនអាចផលិតបាន។ កំណើនសេដ្ឋកិច្ច គឺជាដើមចមមួយ យ៉ាងសំខាន់ នៃដំណើរការវិវត្តន៍ រីកចម្រើនកម្រិតជីវភាព របស់ប្រជាពលរដ្ឋ បានធ្វើឲ្យប្រជាពលរដ្ឋ ចាប់អារម្មណ៍គិតគូពី ការរស់នៅស្អាត បញ្ហាសុខភាព និងមាននិន្នាការ ប្រកាន់យករបបអាហារមួយ មានគុណភាព និងសុវត្ថិភាព ជាពិសេស បន្លែ ផ្លែឈើ និងត្រីសាច់។
ដើម្បីឆ្លើយតប តាមសេចក្តីត្រូវការ យ៉ាងទទួចរបស់អ្នកបរិភោគបន្លែ និងផ្លែឈើ មានគុណភាព និងសុវត្ថិភាពល្អ និងជាពិសេស ស្របពេលដែលរាជរដ្ឋាភិបាល បានជំរុញលើកទឹកចិត្ត និងគាំទ្រឲ្យ ប្រជាពលរដ្ឋ ខិតខំយកចិត្តទុកដាក់ បង្កើនការដាំដុះបន្លែ ក្នុងស្រុក ដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារ ជួយបង្កើនប្រាក់ចំណូល ក្នុងគ្រួសារ បង្កើតការងារ និងឆក់យកកាលានុវត្តភាព ដែលពិភពលោក កំពុងប្រឈមនឹងវិបត្តិ នៃការរីករាលដាល ជាសកលនៃជំងឺឆ្លងកូវីដ-១៩ ដើម្បីពង្រីកសក្តានុពល ផលិតកម្មបន្លែសុវត្តិភាព ឈានទៅកាត់បន្ថយ ការនាំចូល។
ឆ្លើយតបទៅតាម សេចក្តីត្រូវការចាំបាច់នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានកសិកម្ម ជាសេនាធិការ ដោយទទួលបាន ការគាំទ្រទាន់ពេលវេលា ពីរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ ជាពិសេសមូនិធិអន្តរជាតិ សម្រាប់ការអភិវឌ្ឍ វិស័យកសិកម្ម បាននិងកំពុងជំរុញគាំទ្រ និងលើកទឹកចិត្តឲ្យវិស័យឯកជន រួមជាមួយដៃគូអភិវឌ្ឍន៍ជាច្រើន ដូចជាគម្រោង កម្មវិធី ASPIRE, CASDP, LEAP, និង CHAIN អនុវត្តគម្រោងផលិតកម្ម បន្លែសុវត្ថិភាព ជាមួយកសិករ និងដៃគូនានា នៅទូទាំងប្រទេស ហើយតាមរយ:កិច្ចសហការ ដ៏ល្អនេះ ក្រសួងសង្ឃឹម និងជឿជាក់ យ៉ាងមុតមាំថា អនាគតដ៏ខ្លី កម្ពុជានឹងមានបន្លែសុវត្ថិភាព គ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ ឲ្យទីផ្សាក្នុងស្រុក និងធ្វើការនាំចេញ។
បន្ថែមលើនេះ ក្រសួង ក៏បានគិតគូយកចិត្តទុកដាក់សិក្សា ស្រាវជ្រាវផងដែរ អំពីលទ្ធភាពពង្រីក នៃការផលិតបន្លែសំខាន់ៗ មួយចំនួនដូចជា ស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ដំឡូងបារាំង និងមើមខ្ទឹមស។ល។ នៅខេត្តមណ្ឌលគីរី ដែលជាខេត្តមានលក្ខណៈភូមិសាស្ត្រ និងសក្តានុពល ក្នុងការផលិតបន្លែសំខាន់ៗទាំងនេះ ដើម្បីរួមចំណែកបំពេញបន្ថែម សេចក្តីត្រូវការ៕/V.mara