ដោយ:ដេប៉ូ/ភ្នំពេញ: «ក្រសួងបរិស្ថានបង្ហាញនូវមោទនភាពចំពោះមន្ត្រីឧទ្យានុរក្ស សមា ជិកនៃសហគមន៍តំបន់ការពារធម្មជាតិ និងអង្គការដៃគូទាំងអស់ដែល បានចូលរួមការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិនៅក្នុងឆ្នាំ២០២០ កន្លងមកនេះ ជាពិសេសក្នុងការអនុវត្តច្បាប់ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយបទល្មើសដែលបង្ក្រាបបាននៅឆ្នាំ២០២០ មានកំណើនចំនួន ៣.៤៤២ករណី ឬកើនឡើងប្រមាណ ៣០ភាគរយ»។ នេះគឺជាការបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ។
លោករដ្ឋលេខាធិការបានបញ្ជាក់ថា ការទទួលបានសមិទ្ធផលខាងលើនេះ តាមរយៈការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំង ៦៨ កន្លែង ដែលស្ថិតនៅក្រោមការការពារ និងអភិរក្សរបស់ក្រសួងបរិស្ថាន។
លោកបានឱ្យដឹងទៀតថា នៅពេញមួយឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្សទាំង ១.២០០ នាក់នៃក្រសួងបរិស្ថានបានចុះល្បាតសរុបចំនួន ២៧.៥៨៨ លើក ខណៈនៅការចុះល្បាតនៅឆ្នាំ ២០១៩ មានចំនួន ២៤.០៤៨ លើក ពោលគឺមានការចុះល្បាតមានការកើនឡើងចំនួន ៣.៥៤០ លើក។ ក្នុងការចុះល្បាតនេះ មន្ត្រី ឧទ្យានុរក្សដែលជាមន្ត្រីនគរបាល យុត្តិធម៌បានបង្ក្រាបបទល្មើសបានចំនួន ៨.៩១៧ ករណី ខណៈឆ្នាំ ២០១៩ បង្ក្រាបបានបទល្មើសធនធានធម្មជាតិចំនួន ៥.៤៧៥ ករណី គឺមានការកើនឡើងចំនួន ៣.៤៤២ ករណី។
លោកនេត ភក្ត្រា បានបញ្ជាក់ថា បទល្មើសដែលបង្ក្រាបបានភាគច្រើនជាបទល្មើសលួចកាប់ឈើ ការរុករានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ការបរបាញ់សត្វ និងការដាក់អន្ទាក់ចាប់សត្វ។ ហើយនៅឆ្នាំ ២០២០ កន្លងទៅ សំណុំរឿងបទល្មើសធនធានធម្មជាតិដែលត្រូវបានបញ្ជូនទៅកាន់តុលាការមានចំនួន ៦០៥ ករណី ហើយនៅឆ្នាំ ២០២០ មានការផាកពិន័យអន្តរការណ៍លើជនប្រព្រឹត្តល្មើសចំនួន ៨៥៧ ករណី និងបទល្មើសដែលត្រូវធ្វើការអប់រំនិងធ្វើកិច្ចសន្យាមានចំនួន ២.៩៤៦ ករណី។ ក្នុងប្រតិបត្តិការចុះល្បាតនិងបង្ក្រាបបទល្មើស នៅឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបានរឹបអូសរណាយន្តបានចំនួន ៤.០០៤ គ្រឿង គឺមានការកើនឡើងប្រមាណ ៥០០ គ្រឿង ខណៈនៅឆ្នាំ ២០១៩ រណាយន្តដែលត្រូវបានរឹបអូសមានចំនួន ៣.៤៩៤ គ្រឿង។
លោករដ្ឋលេខាធិការបានឱ្យដឹងបន្ថែមថា ចំណែកអន្ទាក់ដែលត្រូវបាន ដោះបានចេញពីតំបន់ការពារធម្មជាតិក្នុងឆ្នាំ ២០២០ មានចំនួន ៤៣.២៧០អន្ទាក់ គឺមានការកើនឡើងជិត ៤.០០០អន្ទាក់ ខណៈ នៅឆ្នាំ ២០១៩ កន្លងទៅ អន្ទាក់ដែលត្រូវបានមន្ត្រីឧទ្យានុរក្សនិងសហគមន៍តំបន់ការពារធម្មជាតិដោះបានចំនួន ៣៩.៣៨២ អន្ទាក់។ នៅឆ្នាំ២០២០កន្លងទៅ រថយន្តចំនួន ២១៥ គ្រឿងដែលប្រព្រឹត្តបទល្មើសត្រូវបានរឹបអូស និងគោយន្តចំនួន ៦១១ គ្រឿង ព្រមទាំងម៉ូតូចំនួន ៥៩០ គ្រឿងត្រូវបានដកហូតផងដែរ ។ មន្ត្រីឧទ្យានុរក្សក៏បានដកហូតកាំភ្លើងកែច្នៃដែលប្រើសម្រាប់បរបាញ់សត្វបានចំនួន ៧៣៧ ដើម និងដកហូតឈើបានចំនួន ២៧១៨ម៉ែត្រគូប។
លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ដែរថា ជាមួយប្រសិទ្ធភាពនៃការអនុវត្តច្បាប់នេះ បទល្មើសព្រៃឈើខ្នាតធំលែងមានទៀតហើយ គឺនៅមានបទល្មើលព្រៃឈើខ្នាតតូចដែលមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាននិងបន្តសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ និងអង្គការដៃគូបន្តអប់រំផ្សព្វផ្សាយច្បាប់ និងអនុវត្តច្បាប់ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសបន្តទៀតដើម្បីថែរក្សា និងការពារធនធានធម្មជាតិដែលកម្ពុជានៅមាននេះឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត»៕