ប្រែសម្រួល : កញ្ញាដាលីស ៖ ព្រះបរមរាជវាំងរបស់ថៃបានបញ្ចេញនូវរូបថតរបស់ព្រះមហាក្សត្រ មហា វិជ្ជរ៉ាឡុងកន យាងធ្វើទស្សនកិច្ចនៅពន្ធនាគារជាមួយអ្នកម្នាង ស៊ីនីណាត វង់វិជ្ជរ៉ាភក្តីខណៈក្រុមគ្រួសាររាជវង្សានុវង្សបង្កើនវត្តមានជាសាធារណៈ បន្ទាប់ពីមានការតវ៉ាទ្រង់ទ្រាយធំទាមទារឱ្យធ្វើកំណែទម្រង់របបរាជាធិបតេយ្យ។
នៅក្នុងរូបមួយនៃព្រឹត្តិប័ត្ររាជវង្សចេញផ្សាយពេលយប់នៅលើប៉ុស្តិ៍ទូរទស្សន៍រដ្ឋនិងឯកជនកាលពីថ្ងៃសៅរ៍ (៩ មករា) ព្រះមហាក្សត្រនិងអ្នកម្នាងដែលព្រះអង្គប្រគល់តំណែងឱ្យវិញកាលពីឆ្នាំមុនបន្ទាប់ពីត្រូវដកតំណែងចេញយ៉ាងអាម៉ាស់នោះ បានបង្ហាញព្រះរាជវត្តមានយាងត្រួតពិនិត្យគម្រោងនានានៅតាមពន្ធនាគារទូទាំងប្រទេសថៃ។
ក្នុងរូបថតគេឃើញពួកទ្រង់កំពុងបោសសំរាមនិងមានបន្ទូលទៅកាន់មន្ត្រីក្នុងអំឡុងពេលពីរខែចុងក្រោយនៃឆ្នាំ ២០២០ហើយរូបថតក៏បង្ហាញបទសម្ភាសន៍របស់ទ្រង់ជាមួយអ្នកទោសអំពីអត្ថប្រយោជន៍នៃគម្រោងទាំងនោះផងដែរ។
ការបង្ហាញរូបថតបែបនេះបានក្លាយជារឿងធម្មតាទៅហើយចាប់តាំងពីព្រះមហាក្សត្របានវិលត្រឡប់មកប្រទេសថៃវិញជាមួយមហាក្សត្រិយ៍ស៊ូធីតានិងបរិវាររបស់ព្រះអង្គចំពេលមានបាតុកម្មមិនធ្លាប់មានពីមុនមកអំពាវនាវឱ្យមានការផ្លាស់កែទំរង់របបរាជានិយមនិងការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីដែលគាំទ្រដោយយោធា។
ការទាមទារឱ្យទម្លាក់លោកនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចានិងការរឹតត្បិតអំណាចទើបពង្រីកថ្មីៗរបស់ព្រះមហាក្សត្របានបំបែកនូវបម្រាមជាយូរឆ្នាំមកហើយនៅក្នុងប្រទេសមួយដែលប្រពៃណីអភិរក្សចាត់ទុកព្រះមហាក្សត្រជាព្រះនិងហាមឃាត់ការរិះគន់ជាដាច់ខាត៕
ព្រះមហាក្សត្រ មហា វិជ្ជរ៉ាឡុងកននិងអ្នកម្នាងយាងបោសសំរាមតាមពន្ធនាគារ និងពិនិត្យមើលគំរោងនានា