ប្រែសម្រួល : កញ្ញាដាលីស/វ៉ាស៊ីនតោន ៖ ប្រធានាធិបតីដូណាល់ ត្រាំនិងអនុប្រធានាធិបតី ម៉ៃ ផេនបានជួបគ្នាកាលពីថ្ងៃចន្ទទី១១មករាជាលើកដំបូងចាប់តាំងពីក្រុមកុបករសម្រុកចូលវិមានកាពីតូលអាម៉េរិកកាលពីសប្តាហ៍មុន ដែលនេះបង្ហាញពីការរួបរួមគ្នាទប់ទល់នឹងកិច្ចប្រឹងប្រែងរបស់ពួកប្រជាធិបតេយ្យដើម្បីចោទប្រកាន់ដកតំណែងលោកត្រាំជាលើកទីពីរ។
ការប្រជុំនៅការិយាល័យពងក្រពើ ដែលត្រូវបានពិពណ៌នាថាជា “ការសន្ទនាដ៏ល្អ” ដោយមន្ត្រីជាន់ខ្ពស់មួយរូប បានកើតឡើងមុនរយៈពេល ៤៨ម៉ោងដ៏សំខាន់នៅពេលដែលលោកផេនស្ថិតក្រោមសម្ពាធដើម្បីផ្តាច់ខ្លួនចេញពីប្រធានាធិបតីនិងផ្តួចផ្តើមការដកលោកត្រាំចេញពីតំណែង។
សល់ត្រឹម៨ថ្ងៃមុនផុតអាណត្តិនិងជិតមួយសប្តាហ៍បន្ទាប់ពីការបះបោរមិនបានជោគជ័យដែលធ្វើរង្គោះរង្គើអាសនៈប្រជាធិបតេយ្យរបស់អាម៉េរិកលោកត្រាំបានធ្វើដំណើរទៅកាន់រដ្ឋតិចសាស់នៅថ្ងៃអង្គារនេះក្នុងដំណើរចុងក្រោយរបស់លោកក្នុងនាមជាប្រធានាធិបតី ដើម្បីទៅដល់ដែនដីដែលស្វាគមន៍គាត់ ដូច្នេះគាត់នឹងអាចអួតអំពីជោគជ័យរបស់រដ្ឋបាលគាត់។
ទោះយ៉ាងណានៅទីក្រុងវ៉ាស៊ីនតោនគាត់គឺជាគោលដៅនៃកិច្ចខិតខំប្រឹងប្រែងដើម្បីដកគាត់ចេញពីអំណាចរួមទាំងការចោទប្រកាន់ជាលើកទីពីរជាប្រវត្តិសាស្ត្រ ដោយលើកនេះគឺពីបទ “ញុះញង់បះបោរ” ជុំវិញការរំលោភបំពានដ៏សាហាវរបស់អ្នកគាំទ្ររបស់គាត់ទៅលើអគារកាពីតូល។
ដំបូងសភាតំណាងរាស្ត្រនឹងបោះឆ្នោតនៅថ្ងៃអង្គារនេះលើការប្រឹងប្រែងជាយូរដើម្បីឱ្យលោកផេននិងគណៈរដ្ឋមន្ត្រីយកមកប្រើឡើងវិញនូវវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ២៥ដែលនឹងប្រកាសលោកត្រាំមិនសមនឹងបំពេញភារកិច្ចរបស់គាត់ ហើយបន្តុបលោកផេនជាប្រធានាធិបតីស្តីទី។
ការប្រជុំរបស់លោកផេនជាមួយលោកត្រាំហាក់ទាត់ចោលអស់ទៅហើយនូវការរំពឹងទុកបែបនោះ។
មន្ត្រីជាន់ខ្ពស់សេតវិមានរូបនោះនិយាយថា”បុរសទាំងពីរនាក់បានបញ្ជាក់ជាថ្មីថាអ្នកដែលរំលោភច្បាប់និងលុកលុយវិមានកាពីតូលកាលពីសប្តាហ៍មុនមិនតំណាងឱ្យចលនាអាម៉េរិកជាអាទិភាពដែលគាំទ្រដោយជនជាតិអាម៉េរិកចំនួន ៧៥ លាននាក់នោះទេ ហើយសន្យាថានឹងបន្តការងារនេះក្នុងនាមប្រទេសសម្រាប់អាណត្តិសេសសល់របស់ពួកគេ”។
បន្ទាប់មកទៀត ក្រុមប្រជាធិបតេយ្យនឹងជំរុញដំណើរការចោទប្រកាន់នានា រួមទាំងការបោះឆ្នោតរបស់សភា ដែលរំពឹងធ្វើនៅថ្ងៃពុធទី១៣មករា។
ចំណាត់ការ ដែលគំរាមកំហែងដល់ក្តីសង្ឃឹមនៃអនាគតនយោបាយសម្រាប់លោកត្រាំ អាចធ្វើឱ្យមានភាពតានតឹងយ៉ាងខ្លាំងសម្រាប់ភាពចម្រូងចម្រាសរយៈពេលបួនឆ្នាំមកនេះនៅមុនការសម្ពោធកាន់តំណែងរបស់លោក ចូ បៃដិន នៅថ្ងៃទី ២០ ខែមករា៕
លោកត្រាំត្រូវគ្នាជាមួយលោកផេនវិញ ក្រោយជួបគ្នាកាលពីថ្ងៃចន្ទ