ដោយៈ អ៊ុន សុដាវី អ្នកសរសេរទស្សនាវដ្តីស្វែងរកការពិត/ភ្នំពេញៈខ្ញុំឈ្មោះ ទួន ចាន់ដារ៉ា ហៅ ភាន់ កើតនៅក្នុងឆ្នាំ១៩៤៦។ ខ្ញុំមានស្រុកកំណើតនៅភូមិ ជ្រោយថ្ម ឃុំកំពង់សៀម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឪពុករបស់ខ្ញុំឈ្មោះ ទួន ឡាង គឺជាអតីតចៅហ្វាយខេត្តនិងតំណាងរាស្ត្រនៅមណ្ឌលសួង ខេត្តកំពង់ចាម។នៅក្នុងឆ្នាំ១៩៦១ឪពុកខ្ញុំបានផ្លាស់មករស់នៅទីក្រុងភ្នំពេញ។ នៅពេលដែលឪពុករបស់ខ្ញុំផ្លាស់មករស់នៅទី ក្រុងភ្នំពេញ ខ្ញុំបានស្នាក់នៅជាមួយឪពុកធំរបស់ខ្ញុំឈ្មោះ ទួន គីមសៀ។ ឪពុកធំរបស់ខ្ញុំ គឺជាគ្រូបង្រៀន។ ខ្ញុំ បានរៀនសូត្រនៅក្នុងវិទ្យាល័យសីហនុកំពង់ចាម។
រូបខាងស្តាំ៖ ទួន សុផល្លា និង នួន ឃឿន(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
នៅអំឡុងឆ្នាំ១៩៦២ ខ្ញុំបានផ្លាស់មករស់នៅជាមួយឪពុកម្តាយខ្ញុំនៅឯទីក្រុងភ្នំពេញ វិញ។ ផ្ទះរបស់ខ្ញុំ ស្ថិតនៅម្តុំមេភ្លើង ពេទ្យចិន។ ខ្ញុំបានបន្តចូលរៀននៅឯវិទ្យាល័យយុគន្ធរ រហូតដល់ថ្នាក់ទី៤ ទើបខ្ញុំសម្រេចចិត្តឈប់រៀន។
នៅក្នុងឆ្នាំ១៩៦៤ ខ្ញុំបានរៀបការជាមួយ ទួន សុផល្លា ហៅកឿន។ ប្តីរបស់ខ្ញុំនិងខ្ញុំ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា។យើងមានកូនចំនួន៦នាក់។ ប្តីរបស់ខ្ញុំ ក៏មានស្រុកកំណើត នៅក្នុងខេត្តកំពង់ចាមដែរ។ គាត់បានមកបន្តការសិក្សានៅក្នុងវិទ្យាល័យស៊ីសុវត្ថិឯទីក្រុង ភ្នំពេញមុនពេលដែលខ្ញុំមកដល់។
នៅក្នុងខែមករា ឆ្នាំ១៩៦៥ សមាគមនិស្សិត ត្រូវបានបង្កើតឡើងជាផ្លូវការនៅទីក្រុង ភ្នំពេញ។ ភោគ ឆាយ ត្រូវបានជ្រើសតាំងឲ្យធ្វើជាប្រធានសមាគមនិស្សិត ចំណែកឯប្តីរបស់ ខ្ញុំគឺជាអគ្គលេខាធិការ។ ក្រោយពីសមាគមនិស្សិតនេះបង្កើតបានរយៈពេលប្រហែលកន្លះខែ គិញបានចាប់ខ្លួនប្តីរបស់ខ្ញុំយកទៅឃុំឃាំង ព្រោះប្តីរបស់ខ្ញុំបានធ្វើសកម្មភាពបាចខិតប័ណ្ណ។ បន្ទាប់ពីប្តីរបស់ខ្ញុំជាប់ឃុំឈ្មោះ ឈុន សុខងួន បានធ្វើការងារជំនួសគាត់។
នៅក្នុងគុក ប្តីរបស់ខ្ញុំមិនបានធ្វើសកម្មភាពអ្វីទៀតនោះទេ។ កន្លងផុតអស់រយៈពេល ប្រហែល១ឆ្នាំ ឪពុករបស់ខ្ញុំ បានទៅធានាប្តីរបស់ខ្ញុំឲ្យចេញពីគុកវិញនិងណែនាំប្តីរបស់ខ្ញុំឲ្យ ចូលខ្សែសេអ៊ីអា។
ឈ្មោះ ហ៊ុយ ម៉ោង ដែលមាននាទីជាប្រធានគណបក្សប្រជាធិបតេយ្យគឺជាអ្នកទទួល ស្គាល់ប្តីរបស់ខ្ញុំ។ ក្រោយមក ខ្ញុំត្រូវបានចាត់តាំងឲ្យចូលបង្កប់ក្នុងចលនាតស៊ូនៅក្នុងក្រុងជា មួយប្តីរបស់ខ្ញុំ។ នៅក្នុងចលនានេះ យើងបានរៀបចំផែនការ កសាងកម្លាំង សេ.អ៊ី.អា, ស៊ើបការណ៍ពីទីស្នាក់ការរបស់បដិវត្តន៍នៅក្នុងក្រុង, ឃោសនាបំផុសប្រជាជនឲ្យប្រឆាំងនឹង បដិវត្តន៍ និង បំបែកបំបាក់ចលនាតស៊ូរបស់និស្សិតក្នុងក្រុង។ អ្នកដែលចូលខ្សែ សេ.អ៊ី.អា តាមរយៈប្តីរបស់ខ្ញុំចាប់ពីឆ្នាំ១៩៦៨ ដល់ ឆ្នាំ១៩៧៣ ដែលមានបង្កប់ក្នុងចលនាតស៊ូក្នុងក្រុង មានឈ្មោះ អ៊ិត ហេង គឺជាចាងហ្វាងរោងពុម្ពវត្តភ្នំ, ម៉ៅ រុន គឺជាសាស្ត្រាចារ្យ, នុត គីមឡេង ជាពេទ្យសត្វ, សៀង ប៉ោសែ ជាចាងហ្វាងភូមិសាស្ត្រ, ម៉ៃ សាខន ហៅ សំ ផ្នែកត្រាវូ និង ឌី ផុន ហៅ ផុក គឺជាពេទ្យធ្មេញ។
នៅខែមីនា ឆ្នាំ១៩៧៣ ប្តីរបស់ខ្ញុំបានចេញទៅបង្កប់ខ្លួនក្នុងជួរបដិវត្តន៍នៅតំបន់រំដោះ។ រហូតដល់ខែកញ្ញា ឆ្នាំ១៩៧៣ដដែល ខ្ញុំបានចេញទៅតាមប្តីរបស់ខ្ញុំ។ ខ្ញុំចេញទៅនេះ តាមរយៈអ៊ិត ហេង ដើម្បីឲ្យខ្ញុំយកផែនការទៅទំនាក់ទំនងជាមួយនឹង សៀង ប៉ោសែ និងប្តីរបស់ខ្ញុំ។ ពេលខ្ញុំចេញទៅនៅពេលនោះ ខ្ញុំបានត្រឹមតែជួបជាមួយ សៀង ប៉ោសែ និងប្រាប់គាត់អំពីផែនការដែល អ៊ិត ហេង បានដាក់ឲ្យតែប៉ុណ្ណោះ ប៉ុន្តែមិនទាន់បានអនុវត្ត នោះទេ។
កម្មករនៅស្រុកមង្គលបុរី ភូមិភាគពាយ័ព្យ កំពុងចងដែកយកទៅធ្វើទ្វារទឹក។(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
នៅខែមេសា ឆ្នាំ១៩៧៤ អង្គការបានឲ្យខ្ញុំត្រឡប់ទៅបង្កបង្កើនផលនៅឯមន្ទីរក-៣០០ អង្គភាពស.៧១ ស្ថិតក្នុងភូមិភាគឧត្តរ។ ពេលនោះ សៀង ប៉ោសែ បានឲ្យខ្ញុំទាក់ទងជា មួយខ្សែសេអ៊ីអានៅក្នុងមន្ទីរ ដែលមានឈ្មោះថា នារី អេម អតីតធ្វើស្រែ និងធ្វើពេទ្យនៅ ក្នុងមន្ទីរនោះ។
ខ្ញុំបានជួបប្តីរបស់ខ្ញុំដែលកំពុងតែបង្កបង្កើនផលនៅក្នុងអង្គភាពស.៧១នោះដែរ។ នារី អេម បានប្រាប់ខ្ញុំឲ្យស្គាល់ ហ៊ូ នឹម ហៅភាស់, តូច ភឿន ហៅ ភិន, នារីភី ដែលជាជនជាតិលាវ និងនារី វ៉ាន។ សកម្មភាពរបស់ក្រុមខ្ញុំគឺបំផ្លាញស្រូវនៅក្នុងជង្រុក ដោយធ្វើឲ្យរហែកដំបូលទទឹកស្រូវ និងអំបិលដែលត្រៀមទុកសម្រាប់សមរភូមិឆ្នាំ១៩៧៥។ ក្រុមខ្ញុំក៏បានបំផុសពីបញ្ហាមិនចាយលុយនៅក្នុងអង្គភាពដើម្បីឲ្យមានទំនាស់ជាមួយអង្គការ។
ក្រោយមកនៅក្នុងខែមីនា ឆ្នាំ១៩៧៥ ប្តីរបស់ខ្ញុំត្រូវបានអង្គការដកយកទៅតំបន់ ១០៣។ ៣ខែកន្លងទៅ អង្គការក៏បានដកខ្ញុំ, ទី, កុច, ផង់ និងរិន ឲ្យទៅតំបន់១០៣ដែរ ហើយ អេម បានឲ្យយើងទាក់ទងអ្នកនៅតំបន់១០៣ដើម្បីអនុវត្តផែនការបន្តទៀត។ អង្គការបានចាត់ តាំងឲ្យខ្ញុំធ្វើជាអ្នកធ្វើប្រវត្តិរូបនៅក្នុងពាណិជ្ជកម្មស្រុករវៀងអស់រយៈពេល១ខែ។ អំឡុងពេលនោះ ខ្ញុំក៏បានបែកចេញពីប្តីរបស់ខ្ញុំម្តងទៀត។ អង្គការបានដកគាត់ឲ្យមកនៅ ភ្នំពេញវិញ។
នៅក្នុងខែសីហា ឆ្នាំ១៩៧៥ អង្គការបានដកខ្ញុំចេញពីពាណិជ្ជកម្មស្រុករវៀងឲ្យទៅរស់ នៅក្នុងសហករណ៍វិញ។ ខ្ញុំក៏បានទាក់ទងនឹងខ្សែ សេ.អ៊ី.អា ថ្មីមានឈ្មោះ សេន និង ភី ដើម្បីអនុវត្តផែនការបន្តទៀត។ សកម្មភាពរបស់ខ្ញុំ បានកសាងកម្លាំងចំនួន៥នាក់បន្ថែមទៀត គឺ នុត, ជុំ, នារីនឹម, នារីថន និងនារីផស់ ដែលអ្នកទាំងអស់ គឺជាប្រជាជននៅទីនោះ។ យើងបាននាំគ្នាបំផុសប្រជាជននៅក្រុមទី១ឲ្យប្រឆាំងនឹងអង្គការ ចែករំលែកស្រូវឲ្យប្រជាជនថ្មី និងលាក់ស្រូវទុកដាំបាយហូបនៅក្នុងក្រុម។ ថ្ងៃមួយឈ្មោះ រឹត បានឲ្យខ្ញុំយកថ្នាំពេទ្យទៅចែក ប្រជាជននៅក្នុងក្រុមដើម្បីឲ្យប្រជាជនមានគំនិតប្រឆាំងនឹងអង្គការដោយសារតែមិនគិតគូរដោះស្រាយថ្នាំពេទ្យឲ្យប្រជាជន និងទុកឲ្យប្រជាជនស្លាប់។
នៅក្នុងខែតុលា ឆ្នាំ១៩៧៥ ខ្ញុំធ្លាក់ខ្លួនឈឺគ្រុន ហើយមកដេកពេទ្យនៅក្នុងស្រុករវៀងអស់រយៈពេល៣ខែ។ ក្រោយមកនៅដើមឆ្នាំ១៩៧៦ អង្គការបានបញ្ជូនខ្ញុំឲ្យមករស់នៅជាមួយប្តីរបស់ខ្ញុំនៅឯក្រសួងសាធារណការវិញ។ ខ្ញុំក៏បានបន្តដេកពេទ្យព.១៧ អស់រយៈពេល៣ខែទៀត។
នៅដើមឆ្នាំ១៩៧៦ដដែល ខ្ញុំបានចេញពីពេទ្យមកនៅសាធារណការមន្ទីរស៨ជាមួយប្តីរបស់ខ្ញុំ។ ខ្ញុំបានជួបនឹងប្តីរបស់ខ្ញុំមិនទាន់បានប៉ុន្មានផង អង្គការបានចាត់ឲ្យគាត់ទៅបំពេញភារកិច្ចនៅការដ្ឋានវារីអគ្គិសនីនៅគិរីរម្យ។ ចំណែក ខ្ញុំបានទំនាក់ទំនងជាប់ជាមួយនឹងនារី អេម ធ្វើពេទ្យនៅក្នុងមន្ទីរ, នារី ផស់ អ្នកមើលថែកុមារ, ម៉ៃ សាខន អនុប្រធានមន្ទីរស-៨, តូច ភឿន ប្រធានក្រសួងសាធារណការ និងប្រពន្ធរបស់គាត់គឺជាប្រធានមន្ទីរកុមារ។ តូច ភឿន បាបរៀបចំមន្ទីរកុមារនៅបឹងត្របែក ហើយក្រោយមកបានផ្លាស់ប្តូរទីតាំងទៅក្រោយរោងកុនមេគង្គ ស្ថិតនៅក្រោយផ្សារដើមគរវិញ។ រហូតដល់ខែឧសភាឆ្នាំ១៩៧៦ ប្តីរបស់ខ្ញុំបានត្រឡប់មកពីការដ្ឋានវារីអគ្គិសនីគិរីរម្យមកសាធារណការមន្ទីរស៨វិញ។
នៅក្នុងខែកក្កដា ខ្ញុំ, ទូច និង ផស់ បានទទួលផែនការរដ្ឋប្រហារឆ្នាំ១៩៧៧ពីនារីអេម។ នារីអេម បានឲ្យយើងខិតខំកសាងកម្លាំងឲ្យបានច្រើននិងរៀបចំកន្លែងលាក់ថ្នាំពេទ្យ។ ក្រោយមក ម៉ៃ សាខន បានដឹកថ្នាំពេទ្យយកមកឲ្យខ្ញុំ,ទូច និងផស់យកទៅទុកនៅក្នុងមន្ទីរកុមារ។
នៅខែកញ្ញាឆ្នាំ១៩៧៦ ខ្ញុំនិងប្តី បានទៅទាក់ទង សៀង ប៉ោសែ ដើម្បីសួរពីផែនការធ្វើរដ្ឋប្រហារឆ្នាំ១៩៧៧។ សៀង ប៉ោសែ ក៏ប្រាប់ប្តីរបស់ខ្ញុំវិញថា ផែនការរៀបចំសម្ភារ,ស្បៀង និងកម្លាំងរួចអស់ហើយ។ សៀង ប៉ោសែ ក៏បានដាក់ផែនការឲ្យប្តីរបស់ខ្ញុំរៀបចំត្រៀមកម្លាំងពិសេស។ ចំណែកខ្ញុំ និងនារីអេម បានទៅទាក់ទងនារីវ៉ាន និងនារីទី នៅក្រសួងឃោសនាការវត្តភ្នំ ដើម្បីដាក់ផែនការឲ្យអនុវត្ត។ ផែនការនោះគឺឲ្យកសាងកម្លាំងនៅក្នុងក្រសួងឃោសនាការនិងត្រៀមសម្ភារសម្រាប់ធ្វើរដ្ឋប្រហារ។
នៅក្នុងខែវិច្ឆិកា ឆ្នាំ១៩៧៦ នារីអេម បានដកខ្ញុំឲ្យមកនៅដាំបាយក្នុងមន្ទីរស.៨។ ខ្ញុំក៏បានទាក់ទងជាមួយឈ្មោះភី ជាអ្នកដាំបាយជាមួយខ្ញុំ និងខ្សែថ្មីទៀតដែលនារី អេម កសាងបានគឺយុទ្ធនារីឈ្មោះ យោ, រី និង ណូយ។ យើងបាននាំគ្នាបំផ្លិចបំផ្លាញចានអស់ជាង១០០ចាន, ស្លាបព្រា២០០ និងឆ្នាំងធំៗអស់ចំនួន៣។
នៅខែមករា ឆ្នាំ១៩៧៧ អង្គការបានដកប្តីរបស់ខ្ញុំចេញពីក្រសួងសាធារណការស៨និងចាប់ខ្លួនយកមកគុកទួលស្លែង។ ក្រោយមកបាន១០ថ្ងៃ អង្គការបានដកខ្ញុំឲ្យទៅធ្វើស្រែនៅមន្ទីរស.៧១ ព្រែកប្រា។ ខ្ញុំធ្វើការនៅទីនោះបាន១៥ថ្ងៃ អង្គការបានដកខ្ញុំឲ្យទៅនៅមន្ទីរក.១៦ ភូមិតាឡី។ ពេលនោះខ្ញុំដាច់ខ្សែទាក់ទងទាំងអស់ និងមិនបានបន្តធ្វើសកម្មភាពអ្វីទៀតនោះទេ។
នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៧៧ អង្គការបានចាប់ខ្ញុំបញ្ជូនមកទួលស្លែងតែម្តង។ ឈ្មោះ ហ៊ាង, ទូច និងប៉ូ គឺជាអ្នកសួរចម្លើយខ្ញុំ។
កំណត់ចំណាំ ៖ អត្ថបទនេះ ដកស្រង់ចេញពីចម្លើយសារភាពឯកសារ D០០១៤៨។ រាល់ចម្លើយសារភាពរបស់អ្នកទោសទាំងអស់នៅមន្ទីរសន្តិសុខស-២១ សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំ និងធ្វើទារុណកម្មធ្ងន់ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម ដូច្នេះ យើងមិនអាចសន្និដ្ឋានបានថា ចម្លើយរបស់ ទួន ចាន់ដារ៉ា ហៅ ភាន់ ពិតឬយ៉ាងណានោះទេ?៕