ដោយៈ សុផល / ភ្នំពេញៈ ក្រសួងសុខាភិបាល បានបែងចែកក្រុមការងារ ចំនួន៤ក្រុម ទៅកាន់ខេត្តបន្ទាយ មានជ័យ ដើម្បីជួយពង្រឹងសមត្ថភាព ក្នុងការផ្ដល់ សេវាពិនិត្យ ព្យាបាល និង ថែទាំអ្នកជំងឺកូវីដ-១៩ ជាពិសេស នៅពេលមានករណីចាំបាច់ ដែលត្រូវជួយសង្គ្រោះបន្ទាន់ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានមានប្រសាសន៍ថាៈ ក្រុមការងារ ទាំង៤ក្រុមរបស់ ក្រសួងសុខាភិបាលនេះ បានចូលធ្វើការងារ នៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី ដែលជាមន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ ដើម្បីលើកទឹកចិត្ត និងគាំទ្រផ្នែកបច្ចេកទេស ក៏ដូចជា បំពាក់បំប៉នសមត្ថភាព បន្ថែមទៀត ជូនដល់ក្រុមគ្រូពេទ្យបង្អែក នៃខេត្តនេះ។
នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នេះ ដោយអនុវត្តតាមបញ្ជា របស់សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រុមការងារ ក្រសួងសុខាភិបាល ដឹកនាំដោយលោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល រួមដំណើរជាមួយ លោកស្រី វេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា និងមន្ត្រីនៃក្រសួងសុខាភិបាល ព្រមទាំងក្រុមគ្រួពេទ្យមិត្តភាព ខ្មែរ-សូវៀត បានចុះបេសកកម្មធ្វើការងារ នៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ មានខេត្តបន្ទាយមានជ័យ បាត់ដំបង និង ខេត្តប៉ៃលិន។
លោកស្រី បានបញ្ជាក់ថាៈ ក្រុមការងារក្រសួងសុខាភិបាល បានពិភាក្សាជាមួយលោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ ក៏ដូចជា ថ្នាក់ដឹកនាំខេត្ត ហើយបានបែងចែកក្រុមការងារ ឱ្យធ្វើការងារជាក្រុមតូចៗ តាមជំនាញ។ ក្រុមទី១. សម្រាប់បំពេញការងារ ពិនិត្យកិច្ចការ នៃការគ្រប់គ្រង អ្នកជំងឺទូទៅ នៅក្នុងមន្ទីរពេទ្យ។ ក្រុមទី២.គឺជាក្រុមគ្រូពេទ្យមិត្តភាព ខ្មែរ-សូវៀត ដោយអនុវត្តតាមបញ្ជា របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាននាំយកមក ជាមួយនូវ ម៉ាស៊ីនវាស់ចង្វាក់បេះដូង ដើម្បីដាក់ជូនមន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី និងផ្ដល់ការបង្ហាត់បង្ហាញ អំពីការប្រើប្រាស់ ក៏ដូចជា បំពាក់បំប៉ននូវ សមត្ថភាពបន្ថែមទៀត អំពីនីតិវិធី និងរបៀបរបប នៃការពិនិត្យព្យាបាល អ្នកជំងឺកូវីដ-១៩ ក្នុងគោលបំណង ដើម្បីជួយគ្នា ទៅវិញទៅមក ក្នុងការផ្ដល់សេវាពិនិត្យ ព្យាបាល ថែទាំដល់អ្នកជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ក្រុមទី៣. គឺជាក្រុមនៃនាយកដ្ឋាន មន្ទីរពេទ្យរបស់ ក្រសួងសុខាភិបាល ដែលកំពុងជួយដល់ មន្ទីរពេទ្យនេះ ក្នុងការអនុវត្ត ក៏ដូចជា ពង្រឹងសមត្ថភាពបន្ថែមទៀត ក្នុងការចាត់ចែង ធ្វើយ៉ាងណា ឱ្យការការពារនូវ ការចម្លងរោគ នៅក្នុងមន្ទីរពេទ្យនេះ ឱ្យបានសមស្រប ទៅតាមលក្ខណៈបច្ចេកទេស វិទ្យាសាស្ត្រ និងក្រុមទី៤ ក៏ជាក្រុមរបស់ក្រសួងសុខាភិបាល ដែលមានវេជ្ជបណ្ឌិតជំនាញ ផ្នែកសង្គ្រោះបន្ទាន់ បាននិងកំពុងផ្ដល់ការគាំទ្រ និងជួយបង្ហាត់បង្ហាញ បន្ថែមទៀត ទៅដល់ក្រុមគ្រូពេទ្យ សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ ដើម្បីពង្រឹងនូវសមត្ថភាព របស់ពួកគាត់ នៅក្នុងការជួយ ដល់អ្នកជំងឺ នៅពេលដែលមានករណីចាំបាច់ត្រូវ ជួយសង្គ្រោះបន្ទាន់ ទៅដល់អ្នកជំងឺកូវីដ-១៩ ប្រសិនបើមានករណីធ្ងន់ធ្ងរ ហើយមិនត្រឹមតែ អ្នកជំងឺកូវីដ-១៩ទេ គឺជួយដល់អ្នកជំងឺ ដទៃទៀតផងដែរ»។
លោកស្រី រដ្ឋលេខាធិការ បានបញ្ជាក់ថាៈ ការពង្រឹងសមត្ថភាពបន្ថែម ដល់មន្ទីរពេទ្យ នៅខេត្តបន្ទាយមានជ័យនេះ ស្របពេលដែលពលករខ្មែរ កាន់តែច្រើន បានចាកចេញពី ប្រទេសថៃ ត្រឡប់មកកម្ពុជាវិញ ក្នុងគ្រាដែលប្រទេសថៃ កំពុងរាតត្បាត ដោយជំងឺកូវីដ-១៩ ក្នុងនោះ នៅតាមច្រកព្រំដែននានា រវាងកម្ពុជា និងថៃ មន្ត្រីសុខាភិបាល បានពង្រឹងការធ្វើចត្តាឡីស័ក និងបានរកឃើញ ពលករមួយចំនួន មានផ្ទុកជំងឺកូវីដ-១៩ ដោយក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ ក្នុងការថែទាំ ព្យាបាល យ៉ាងត្រឹមត្រូវ ពីក្រុមគ្រូពេទ្យជំនាញ៕/V