ដោយៈ​តារា​រិ​ទ្ធៈ​ភ្នំពេញ​/​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃទី​១២​ខែមករា​ឆ្នាំ​២០២១​នេះ​បានចេញ​អនុក្រឹត្យ​ស្ដីពី​ប្រាក់​បេ សកកម្ម​នៅក្នុង​និង​ក្រៅប្រទេស​សម្រាប់​រដ្ឋបាល​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ​។​អនុក្រឹត្យ​ក៏បាន​កំណត់​ទោសទណ្ឌ​ចំពោះ​មន្ត្រីរាជការ​សាធារណៈ​គ្រប់​ប្រភេទ​និង​គ្រប់​ឋានៈ រួមទាំង​មន្ត្រី​ជាប់កិច្ចសន្យា​ចំពោះ​សកម្មភាព​ដែល​បាន​ប្រព្រឹត្ត ឬ​សមគំនិត​ក្នុងការ​ប្រព្រឹត្ត​ក្លែងបន្លំ​លិខិត​យុ​ត្តិ​ការចំណាយ​និង​លិខិតស្នាម​ផ្សេងៗ​ក្នុង​គោលបំណង​ទទួលបាន​ប្រាក់​បេសកកម្ម​ដែល​ខ្លួន​ពុំមាន​សិទ្ធិ​ទទួល​តាម​ការកំណត់​នៃ​អនុក្រឹត្យ ។​

​អនុក្រឹត្យ​នេះ​កំណត់​អំពី​វិធាន​និង​នីតិវិធី​នៃ​ការ​អនុវត្ដ​ប្រាក់​បេសកកម្ម​នៅក្នុង​ប្រទេស​និង​ក្រៅប្រទេស​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព ភាព​សក្ដិ​សិទ្ធិ តម្លាភាព​និង​គណនេយ្យ ភាព​នៃ​ការបំពេញ​បេសកកម្ម​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​របស់​ថ្នាក់ដឹកនាំ​មន្ដ្រីរាជការ​សាធារណៈ និង មន្ដ្រី​ជាប់កិច្ចសន្យា​នៃ​ក្រសួង​ស្ថាប័ន អង្គភាព​រដ្ឋបាល​ថ្នាក់ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៃ​កម្ពុជា ។​

​អនុក្រឹត្យ​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​៖​សមាជិក​រាជរដ្ឋាភិបាល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សមាសភាព​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ត្រីរាជការ​សាធារណៈ​គ្រប់លំដាប់​ថ្នាក់ ទីប្រឹក្សា​ជំនួយការ មន្ត្រី​ជាប់កិច្ចសន្យា​ដែលមាន​ការទទួលស្គាល់​ជា​ផ្លូវការ​ពី​ក្រសួង​មុខងារសាធា រណៈ​ជំនួយការ​ហិរញ្ញវត្ថុ​នៃ​រដ្ឋបាល​ឃុំ​សង្កាត់ ។​

​នៅក្នុង​ជំពូក​ទី​៥​ស្តីពី​ទោស​ប្បញ្ញត្តិ ក្នុង​មាត្រា​តី​២៤ បាន​ចែងថា​មន្ត្រីរាជការ​សាធារណៈ​គ្រប់​ប្រភេទ​និង​គ្រប់​ឋានៈ រួមទាំង​មន្ត្រី​ជាប់កិច្ចសន្យា​ត្រូវ​ទទួល​ទណ្ឌកម្ម​រដ្ឋបាល​និង សំណង​រដ្ឋប្បវេណី​តាមច្បាប់​និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​ចំពោះ​សកម្មភាព​ដែល​បាន​ប្រព្រឹត្ត ឬ សមគំនិត​ក្នុងការ​ប្រព្រឹត្ត​ដូចខាងក្រោម ៖
-​ការ​ក្លែងបន្លំ​លិខិត​យុ​ត្តិ​ការចំណាយ​និង​លិខិតស្នាម​ផ្សេងៗ ក្នុង​គោលបំណង​ទទួលបាន​ប្រាក់​បេសកកម្ម ដែល​ខ្លួន​ពុំមាន​សិទ្ធិ​ទទួល​តាម​ការកំណត់​នៃ​អនុក្រឹត្យ​នេះ ។​
-​ការ​បង្វែរ​ឬ​កេង​ប្រ​វ័​ញ្ចា​ប្រាក់​បេសកកម្ម​ដើម្បី​យកទៅ​ប្រើប្រាស់​ក្រៅពី​ការបំពេញ​បេសកកម្ម ។​
-​ការបង្កើន​រយៈពេល​បំពេញបេសកកម្ម និង​/ ឬ​ចំនួន​មន្ត្រី​ចុះ​ធ្វើ​បេសកកម្ម​ដែល​ខុសពី​បេសកកម្ម​ដែល​បាន​អនុវត្ត​ជាក់ស្តែង ។​
-​ការបង្កើត​បេសកកម្ម​ដោយ​ក្លែងបន្លំ​ក្នុង​គោលបំណង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​បន្ថែម​។​
-​ការទទួលបាន​ប្រាក់​បេសកកម្ម​តែ​មិនបាន​ផ្តល់ជូន​សាមី​មន្ត្រីរាជការ​សាធារណៈ​ដែល​ត្រូវបំពេញ​បេសកកម្ម​។​
-​ការរារាំង​ឬ​ការព្យាយាម​រារាំង​ដល់​ដំណើរការ​ត្រួតពិនិត្យ​ប្រក្រតីភាព​នៃ​ការអនុវត្ត​ប្រាក់​បេសកកម្ម ។​
​ទណ្ឌកម្ម​នេះ​មិនមែនជា​ឧបសគ្គ​សម្រាប់​ការចោទប្រកាន់​និង​ការផ្តន្ទាទោស​ព្រហ្មទណ្ឌ ស្របតាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជាធរ​មាននៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ ។

​ចំណែក​នៅក្នុង​មាត្រា​២៥ បាន​ចែងថា​៖​អនុលោម​តាម​បទ​ប្បញ្ញត្តិ​ច្បាប់​ជា​ធរមាន​ទណ្ឌកម្ម​រដ្ឋ​បាល​សម្រាប់​មន្ត្រីរាជការ​ស៊ីវិល​រួមមាន​ជាអាទិ៍​៖​ការស្តីបន្ទោស​,​ការផ្លាស់​ដោយ បង្ខំ​តាម​វិធានការ​ខាង​វិន័យ​,​ការ​លុបឈ្មោះ​ចេញពី​តារាង​ឡើង​ឋានន្តរស័ក្តិ​ឬ​ថ្នាក់​,​ការដាក់​ឱ្យនៅ​ទំនេរ​គ្មាន​បៀវត្ស​,​ការបន្ថយ​ឋានន្តរស័ក្តិ​ឬ​ថ្នាក់​, ការដាក់ឱ្យ​ចូលនិវត្តន៍​មុន កំណត់​,​ការបញ្ឈប់​ពី​ការងារ​ដោយ​បង្ខំ​ឬ​ការបណ្តេញចេញ​ពីមុខ​តំណែង​ជា​មន្ត្រីរាជការ​។​

​អនុក្រឹត្យ​នេះ​មាន​ប្រសិទ្ធភាព​អនុវត្ត​ជំនួស​អនុក្រឹត្យ​លេខ ២១៦ អនក្រ​.​បក ចុះ​ថ្ងៃទី ២២​ខែកក្កដា​ឆ្នាំ​២០១៤ ស្តីពី​ប្រាក់​បេសកកម្ម​នៅក្នុង​និង​ក្រៅប្រទេស​សម្រាប់​រដ្ឋបាល ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ ។ បទ​ប្បញ្ញត្តិ​ទាំង ឡាយណា​ដែលមាន​ខ្លឹមសារ​ផ្ទុយ​នឹង​អនុក្រឹត្យ​នេះ​ត្រូវ​ទុកជា​និរាករណ៍ ៕