ដោយៈ គ្រញូង / បាត់ដំបងៈ ថ្នាក់ដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានឲ្យដឹង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នេះថាៈ នៅពេលរដូវប្រាំង បានមកដល់ មន្ទីរជំនាញ បានចាប់ផ្តើមការងារ ជួសជុលផ្លូវ ដែលខូចខាតដោយទឹកជំនន់ ទឹកភ្លៀង កន្លងមក ចំនួន ៣ ចំណុច ដើម្បីតភ្ជាប់ចរាចរណ៍, ជួសជុលខួប និងការងារជួសជុល ថែទាំផ្លូវជាប្រចាំ។
លោក ចាន់ សំបូរ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង បានបញ្ជាក់ថាៈ ការងារទាំង ៣ ចំណុចនោះ មានៈ ១. កំណាត់ផ្លូវជាតិលេខ៥៖ ការងារគូសគំនូសចរាចរណ៍ លើផ្លូវកៅស៊ូបេតុង (A/C) ចន្លោះគីឡូម៉ែត្រ ២៩៤+៨០០០០០ ដល់គីឡូម៉ែត្រ ២៩៥+០០០ ស្ថិតនៅសង្កាត់អូរចារក្រុងបាត់ដំបង ។
២.កំណាត់ផ្លូវជាតិលេខ៥៧បេ១៖ ការងាររៀបថ្មសំណាញ់ (Gabion) ការពារមុខទឹក នៃលូប្រអប់ ចន្លោះគីឡូម៉ែត្រ ១៣+៤០០។ ៣. កំណាត់ផ្លូវខេត្តលេខ ១៥៧១៖ ការងារកៀរសម្រួល ក្រួសក្រហម ស្រទាប់គ្រឹះរង ចន្លោះគីឡូម៉ែត្រ ០០+០០០ ដល់គីឡូម៉ែត្រ ០០+៦០០ ស្ថិតនៅសង្កាត់វត្តគរ ក្រុងបាត់ដំបង និងលុបសំបុកមាន់ និងស្រោចកៅស៊ូ DBST ចន្លោះគីឡូម៉ែត្រ ១៩+៣០០ ដល់គីឡូម៉ែត្រ ១៩+៥៥០ ស្ថិតនៅឃុំកន្ទឺរ២ ស្រុកបាណន់៕/V