ករណី​ផ្ទុះ​ជំងឺ​គ្រុនផ្តាសាយ​បក្សី​នៅ​ស្រុក​ឯក​ភ្នំ ត្រូវបាន​បិទ​បញ្ចប់​ហើយ​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ករណី​ផ្ទុះ​ជំងឺ​គ្រុនផ្តាសាយ​បក្សី នៅក្នុង​កសិដ្ឋាន​ស្ថិតនៅ​ភូមិ​ព្រែ​កតា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវបាន​បញ្ចប់​ហើយ ដោយ​មន្ត្រី​ជំនាញ​បាន​យក​បក្សី​ដែល​នៅ​សេសសល់​ជីក​កប់ និង​បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅក្នុង​កសិដ្ឋាន​ចិញ្ចឹម​មាន់​។

លទ្ធផល​ផ្លូវការ នៃ​ការធ្វើ​តេស្ត​សំណាក​សត្វ​មាន់​ដែល​ងាប់​ជាង​មួយ​ពាន់​ក្បាល នៅ​ស្រុក​ឯក​ភ្នំ គឺ​បាន​បង្ហាញថា គ្រុនផ្តាសាយ​បក្សី (H5N1)​។​លទ្ធផល​នៃ​ការធ្វើ​ត​តេស្ត​នេះ​គឺ​បានបង្ហាញ​កាលពី​ថ្ងៃទី​១១​ខែមករា​ម្សិលមិញ​។​ការធ្វើ​តេស្ត​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​សត្វ​មាន់​ជាច្រើន​ក្បាល​បាន​ងាប់​ជា​បន្តបន្ទាប់​នៅក្នុង​កសិដ្ឋាន​ចិញ្ចឹម​មួយ​មួយកន្លែង​ស្ថិតនៅ​នៅ​ភូមិ​ព្រែ​កតា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ កាលពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៧ ខែមករា​កន្លងទៅ​។​

លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី​១២ ខែមករា នេះ​ថា ករណី​គ្រុនផ្តាសាយ​បក្សី​នៅ​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង គឺ​បាន​បិទ​បញ្ចប់​ហើយ ដោយ​យក​បក្សី​ដែល​នៅ​សេសសល​ជីក​កប់ និង​បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​រួចរាល់​ហើយ ដូច្នេះ​មិនមាន​បញ្ហា​អ្វី​ទៀត​ទេ​។​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​“​យើង​បាន​បិទ​បញ្ចប់​អស់ ហើយ ករណី​គ្រុនផ្តាសាយ​បក្សី គឺ​បាន​យក​បក្សី​ដែល​នៅ​សេសសល់​ជីក​កប់ ហើយ​បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​ដូចជា​មិនមាន​បញ្ហា អ្វី​ទៀត​ទេ​”​។​

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់ គឺជា​មន្ត្រី​សុខាភិបាល ។​ប៉ុន្តែ​មិនមែនជា​អ្នក​ចិញ្ចឹម​មាន់​ពិតប្រាកដ​ទេ និង​មិន​បានដឹង មិនបាន​យល់​អំពី​ការថែទាំ​មាន់ ឬ​ព្យាបាល​មាន់​នោះទេ ហើយ​គោលបំណង​របស់គាត់ គឺ​ចិញ្ចឹម​មាន់​ដើម្បី​យក​លាមក ប៉ុន្តែ​នៅពេល​កើតមាន​បញ្ហា​គាត់​អត់​បានធ្វើ​ទំនាក់ទំនង​ជាមួយ​មន្ត្រី​របស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តបាត់ដំបង​។ ប៉ុន្តែ​អ្វីៗ​ត្រូវបាន​បិទ​បញ្ចប់​ដោយ​មន្ត្រី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តបាត់ដំបង បាន​ចាត់ចែង​ចប់សព្វគ្រប់​អស់ហើយ​។​
​លោក​វេ​ង សាខុន បាន​អះអាងថា ករណី​គ្រុនផ្តាសាយ​បក្សី​នេះ (H5N1) គឺ​មិន​ប៉ះពាល់​ដល់​មនុស្ស​នោះទេ​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular