ដោយៈបញ្ញាសាស្ត្រ/ភ្នំពេញៈអង្គការសង្គ្រោះកុមារ( Save the Children) ទទួលបានជំនួយមនុស្សធម៌ពីសហភាពអឺរ៉ុប ក្នុងការផ្តល់ជូនសាច់ប្រាក់ដោយគ្មានលក្ខខណ្ឌ ដល់គ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន ៣០០០គ្រួសារដើម្បីឆ្លើយតបនឹងតម្រូវ ការមូលដ្ឋាន។អង្គការសង្គ្រោះកុមារ សម្រេចការងារនេះបានដោយបានដៃគូសហការពីភ្នាក់ងារវីងដែលជាធនាគារឯកទេស និងអង្គការក្រៅរដ្ឋាភិបាលរួមមានអង្គការកុមាររីករាយនិងអង្គការហាហ្ការអន្តរជាតិ។នេះបើយោងតាមសេចក្តីព័ត៌មានរួមគ្នារវាងអង្គការសង្គ្រោះកុមារ និង សហភាពអឺរ៉ុប កាលពីថ្ងៃទី១១ខែមករា។
នៅចុងខែកញ្ញាឆ្នាំ២០២០ប្រទេសកម្ពុជាបានជួបប្រទះជំនន់ទឹកភ្លៀងបណ្តាលឱ្យមានទឹកជំនន់យ៉ាងខ្លាំងដែលបង្កឱ្យប្រជាជនរាប់ពាន់គ្រួសារផ្លាស់ទីលំនៅ។ ខេត្តបាត់ដំបង ត្រូវបានចាត់ទុកថាជាខេត្ត ដែលទទួលរងគ្រោះធ្ងន់ជាងគេដោយមានប្រជាជនរងផលប៉ះពាល់ ច្រើន។
ទឹកជំនន់ក៏បានប៉ះពាល់ដល់សាលារៀនក្នុងតំបន់សៀវភៅសិក្សា បរិក្ខារបន្ទប់ទឹក និងសម្ភារទឹកស្អាតជាច្រើនផងដែរ។យោងតាម ការវាយតម្លៃរួមគ្នាដែលធ្វើឡើងតាមរយៈវេទិកាឆ្លើយតបផ្នែកមនុស្សធម៌ គ្រួសារប្រមាណ ៣៤ភាគរយ បានរាយការណ៍ថាមិនមាន អាហារគ្រប់គ្រាន់សម្រាប់បរិភោគ។ កម្ចីម្ហូបអាហារ ឬការកាត់បន្ថយបរិមាណអាហារ ក្លាយជាបញ្ហារួមក៏ដូចជាការប្រើកម្ចីសម្រាប់ ទិញសម្ភារៈដែលចាំបាច់។
លោកស្រី Gloria Doñate នាយិកាផ្នែកយុទ្ធសាស្ត្រ អភិវឌ្ឍន៍កម្មវិធី និងផលប៉ះពាល់ នៃអង្គការSave the Children បានពន្យល់ថា គ្រួសារដែលរងគ្រោះដោយទឹកជំនន់ទាំងនោះ កំពុងជួបការលំបាកយ៉ាងខ្លាំងក្នុងការទប់ទល់នឹងផលប៉ះពាល់ទាំងផ្នែកសេដ្ឋកិច្ច និងសង្គម ដែលបង្កដោយជំងឺកូវីដ ១៩។ ទាំងនេះបានក្លាយជាបន្ទុកបន្ថែមទៀត សម្រាប់ការចំណាយលើការទិញអាហារនិងទឹកស្អាត ក៏ដូចជាសម្ភារៈ ប្រើប្រាស់ក្នុងផ្ទះ ថ្នាំសង្កូវ និងការបញ្ចូនកូនៗទៅសាលាវិញផងដែរ។ លោកស្រីបន្តយ៉ាងដូច្នេះថា“គ្រួសារទាំងនេះ ជួបការលំបាករួចទៅហើយក្នុងជីវភាពប្រចាំថ្ងៃ ដោយសារជំងឺកូវីដ១៩ ក៏ដូចជាការបាត់បង់ចំណូល និងជីវភាពរស់នៅប្រចាំថ្ងៃ។ ការផ្ទេរសាច់ប្រាក់ដោយគ្មានលក្ខខណ្ឌនេះ នឹងជួយសម្រាលបន្ទុកពួកគេ ដើម្បីអាចបំពេញនូវតម្រូវការមូលដ្ឋានប្រកបដោយសេចក្តី ថ្លៃថ្នូរ ក៏ដូចជាជួយស្តារនូវជីវភាពរស់នៅក្នុងតំបន់ផងដែរ” ។
លោកស្រី Doñate បន្ថែមទៀតថា ការផ្ទេរសាច់ប្រាក់ដោយគ្មានលក្ខខណ្ឌនឹងជួយដល់ក្រុមគ្រួសារទាំងនោះ ពិសេសគ្រួសារក្រីក្រ ស្ត្រីជាមេគ្រួសារ ក្រុមគ្រួសារដែលមានសមាជិកជា ជនពិការ ចាស់ជរា ឬស្ត្រីមានផ្ទៃពោះ ដើម្បីបំពេញតម្រូវការមូលដ្ឋានរបស់ពួកគេ រួមមានស្បៀងអាហារ ជម្រក ថ្នាំពេទ្យ សម្លៀកបំពាក់និងសៀវភៅសិក្សាជាដើម។ការយកចិត្តទុកដាក់លើបញ្ហាការពារដូចជា ការប្រើអំពើ ហិង្សាលើកុមារ ឬការរើសអើងភេទនិងសារសំខាន់នៃការគាំពារផ្លូវចិត្តនិងអារម្មណ៍គឺបញ្ហាដែលទាមទារឱ្យមានអន្តរាគមន៍។
លោកស្រីបានពន្យល់ទៀតថា “ក្នុងកំឡុងពេលពន្យល់ពីការប្រើប្រាស់ការផ្ទេរសាច់ប្រាក់ដោយគ្មានលក្ខខណ្ឌ អង្គការ Save the Children និងដៃគូ ធានាឱ្យមានការចូលរួមយ៉ាងសកម្ម និងគណនេយ្យភាពទៅដល់ប្រជាជនដែលរងផលប៉ះពាល់ តាមរយៈយន្តការផ្តល់ព័ត៌មានត្រឡប់និងបណ្តឹងដែលទាំងបុរសស្ត្រីកុមារានិងកុមារីអាចចូលរួមនៅក្នុងការផ្តល់មតិយោបល់និងបណ្តឹងនេះបានដែរ” ។ គម្រោងដែលឧបត្ថម្ភថវិកាដោយសហភាពអឺរ៉ុបនេះ ក៏នឹងផ្តល់សេវាទឹកស្អាត ដែលមានការចូលរួមពីអង្គការដៃគូ គឺអង្គការទស្សនៈពិភពលោក និងជំនួយផ្នែកការអប់រំក្នុងគ្រោះមហន្តរាយ ដើម្បីធានាបានថា កុមារានិងកុមារីអាចត្រឡប់ចូលរៀន វិញបាន ក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព។
លោក ឈឿន រ៉ាត់ អ្នកទទួលផលម្នាក់ក្នុងចំណោមអ្នកទទួលផលផ្សេងទៀតពីគម្រោងនៃការផ្ទេរសាច់ប្រាក់ដោយគ្មានលក្ខខណ្ឌ បានមានពន្យល់ថា “ពួកគាត់ [អង្គការ Save the Children និងស្ថាប័នដៃគូ] បានពន្យល់យ៉ាងក្បោះក្បាយ និងបង្ហាញពីគម្រោងយ៉ាងល្អិតល្អន់ថា ប្រសិនបើពួកយើងមានបញ្ហាអ្វីមួយ ឬមិនពេញចិត្តនឹងការងាររបស់ពួកគាត់ យើងអាចរាយការណ៍ទៅអាសយដ្ឋាន ឬទូរសព្ទដែលបានផ្តល់ឱ្យបាន”។
ក្នុងអំឡុងពេលដែលពន្យល់ពីការប្រ់ប្រាស់ការផ្ទេរសាច់ប្រាក់ដោយគ្មានលក្ខខណ្ឌ អង្គការ Save the Children និងដៃគូក៏បានលើកកម្ពស់ការប្រើប្រាស់សាច់ប្រាក់ ដើម្បីដោះស្រាយឧបសគ្គសង្គម និងហិរញ្ញវត្ថុ ដូច្នេះកុមារានិងកុមារីអាចមានលទ្ធភាពត្រឡប់ទៅរៀនវិញ។
លោកស្រី ហ៊ុយ អ៊ីនូ អ្នកទទួលផលម្នាក់ទៀតនៃការផ្ទេរសាច់ប្រាក់ដោយគ្មានលក្ខខណ្ឌពីគម្រោងរបស់យើងបាននិយាយថា “ខ្ញុំសប្បាយចិត្តដែលបានប្រាក់ ដើម្បីផ្គត់ផ្គង់គ្រួសារខ្ញុំ។ខ្ញុំយកប្រាក់នេះសម្រាប់ទិញអាហារនិងសន្សំខ្លះដើម្បីទុកឱ្យកូនទៅរៀន”៕សរន