ដោយៈ ប.ខុន / ភ្នំពេញៈ យប់នេះ និងយប់ស្អែក ត្រជាក់ជាងយប់មិញ ជាមួយនឹងខ្យល់មូសុងឦសាន ខ្លាំងរហូតដល់ ថ្ងៃទី១៥ ខែមករា ទើបសីតុណ្ហភាព អប្បបរមា ចាប់ផ្តើមងើបឡើងវិញ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យរស្មីកម្ពុជា ដឹងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ថាៈ យប់នេះ (១២ មករា) និងយប់ស្អែក ធាតុអាកាសត្រជាក់ ជាងយប់មិញ នៅគ្រប់រាជធានី ខេត្ត ជាមួយនឹងខ្យល់មូសុងឦសានខ្លាំង រហូតដល់ថ្ងៃទី១៥ ខែមករា ទើបសីតុណ្ហភាពអប្បបរមា ចាប់ផ្តើមងើបឡើងវិញបន្តិច ប៉ុន្តែនៅតែត្រជាក់ រហូតដល់ថ្ងៃទី១៩ មករា។
ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹង នៅថ្ងៃទី១២ខែ មករានេះ ស្តីពីការព្យាករ ស្ថានភាពអាកាសធាតុ សម្រាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២ថាៈ ទ្រនុងសម្ពាធខ្ពស់ ពីភាគខាងជើង បាននិងកំពុងធ្លាក់ចុះមកក្រោម គួបផ្សំជាមួយនឹងខ្យល់មូសុងឦសានខ្លាំង ពីថ្ងៃទី១៣-១៥ ខែមករា។
យប់នេះ និងយប់ស្អែក ត្រជាក់ជាងយប់មិញ
ក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ស្ថានភាពបែបនេះ ធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល នាថ្ងៃទី១៣-១៤ ខែមករា មានសីតុណ្ហភាព អប្បបរមាពី ១៣-១៦ អង្សាសេ, សីតុណ្ហភាពអតិបរមា មានពី ២៣-២៦ អង្សាសេ និងចាប់ផ្តើមងើបឡើងវិញ ចាប់ពីថ្ងៃទី១៥ ខែមករា។
សម្រាប់ខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នៅថ្ងៃទី១៣-១៤ ខែមករា មានសីតុណ្ហភាពអប្បបរមា ពី ១១-១៤ អង្សាសេ , សីតុណ្ហភាពអតិបរមា មានពី ២៣-២៦អង្សាសេ នៅថ្ងៃទី១៥-១៩ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៦-១៩ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ២៧-៣០ អង្សាសេ។
យប់នេះ និងយប់ស្អែក ត្រជាក់ជាងយប់មិញ
នៅតំបន់មាត់សមុទ្រ នាថ្ងៃទី១៣-១៤ ខែមករា មានសីតុណ្ហភាពអប្បបរមា ពី ២២-២៤ អង្សាសេ , សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ អង្សាសេ ។ នៅលើ ផ្ទៃសមុទ្រ មានខ្យល់ និងរលកសមុទ្រខ្ពស់ៗ នៅថ្ងៃទី១២ ខែមករា។ ពីថ្ងៃទី ១៥-១៩ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ អង្សាសេ និង សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ អង្សាសេ។
ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវ នៅក្នុងសេចក្តីជូនដំណឹងនេះ ទៅប្រជាពលរដ្ឋ និងជាពិសេសវីរៈកងទ័ព រស់នៅ និងឈរជើងនៅ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមបន្តបង្កើនយកចិត្តទុកដាក់ ថែរក្សាសុខភាព ចំពោះធាតុអាកាស ដែលបន្តត្រជាក់ នៅតំបន់នោះ ៕/V
យប់នេះ និងយប់ស្អែក ត្រជាក់ជាងយប់មិញ