Home ព័ត៌មានសំខាន់ៗ ភូមិ​ព្រែ​កតា...

ភូមិ​ព្រែ​កតា​ច្រែង ត្រូវបាន​ដាក់​ជា​តំបន់​ផ្ទុះ​ចម្លង​ជំងឺផ្តាសាយបក្សី​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ភូមិ​ព្រែ​កតា​ច្រែង ឃុំ​ព្រែក​នរិន្ទ​ស្រុក​ឯក​ភ្នំ នៃ​ខេត្តបាត់ដំបង ដែលមាន​សត្វ​មាន់​ងាប់​ជាងមួយ​ពាន់​ក្បាល ត្រូវបាន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សម្រេច​ដាក់​ជា​តំបន់​ដែលមាន​ការផ្ទុះ​ជំងឺឆ្លង​ផ្តាសាយ​បក្សី​។​

​យោងតាម​ប្រកាស​ស្តីពី​ការកំណត់​តំបន់​ជំងឺ​គ្រុនផ្តាសាយ​បក្សី របស់​ក្រសួង​កិ​សកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ នេះ បានកំណត់​តំបន់​ជំងឺ​គ្រុនផ្តាសាយ​បក្សី ដែល​ស្ថិតនៅ​ភូមិ​ព្រែ​កតា​ច្រែង ឃុំ​ព្រែក​នរិន្ទ​ស្រុក​ឯក​ភ្នំ ។ ការកំណត់​តំបន់​ជំងឺ​គ្រុនផ្តាសាយ​បក្សី​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​សត្វ​មាន់​ងាប់​ជា​បន្តបន្ទាប់​ជាង ១​ពាន់​ក្បាល នៅក្នុង​កសិដ្ឋាន​ចិញ្ចឹម​មាន់​មួយកន្លែង​ស្ថិតនៅ​ភូមិ​ព្រែ​កតា​ច្រែង ឃុំ​ព្រែក​នរិន្ទ​ស្រុក​ឯក​ភ្នំ នៃ​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២១​។​

​ក្រសួង​កិ​សកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បន្តថា អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ត្រូវ​ចាត់វិធានការ​បសុព្យាបាល​នៅ​តំបន់​ផ្ទុះ​ជំងឺផ្តាសាយបក្សី និង​អនុលោម​តាម​មាត្រា​១៤ នៃ​ច្បាប់​ស្តីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដូចជាៈ បំផ្លាញចោល​ចំពោះ​បក្សី​គ្រប់​ប្រភេទ​ក្នុង​តំបន់​ផ្ទុះ​ជំងឺ​ទៅតាម​វិធាន​បច្ចេកទេស​បសុពេទ្យ​។ ផ្អាក​ជា​បណ្តោះអាសន្ន​លើ​ការទិញ ការលក់ និង​ការដឹកជញ្ជូន​បក្សី​គ្រប់​ប្រភេទ​ចូល ចេញ ឬ​ឆ្លងកាត់​ក្នុង រង្វង់​កាំ​ប្រវែង ៣( បី​) គីឡូម៉ែត្រ ពី​ចំណុច​ផ្ចិត​នៃ​តំបន់​ផ្ទុះ​ជំងឺ និង​ដាក់​តំបន់​នេះ​ជា​តំបន់​ត្រួតពិនិត្យ និង​តាមដាន សិក្សា​ស្រាវជ្រាវ​ប្រភព​ជំងឺផ្តាសាយបក្សី​ក្នុង​រយៈពេល​៣០(​សាមសិប )​ថ្ងៃ និង​ត្រួតពិនិត្យ​ឃ្លាំមើល​ចលនា​បក្សី​ជាប្រចាំ​ក្នុង​រង្វង់​ដែលមាន​កាំ​ប្រវែង ១០ គីឡូម៉ែត្រ ពី​ចំណុច​ផ្ចិត​នៃ​តំបន់​ផ្ទុះ​ជំងឺ​។​

​ក្រសួង​បានបញ្ជាក់​ទៀតថា ការចិញ្ចឹម ទិញ លក់ និង​ដឹកជញ្ជូន​បក្សី​គ្រប់​ប្រភេទ​នៅក្នុង​តំបន់​ផ្ទុះ​ជំងឺផ្តាសាយបក្សី​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​។ ការអនុញ្ញាត​ចិញ្ចឹម ទិញ លក់ និង​ដឹកជញ្ជូន​បក្សី​ឡើងវិញ និង​ការរំសាយ​តំបន់ ជំងឺផ្តាសាយបក្សី ត្រូវ​កំណត់ដោយ​ប្រកាស​ជាថ្មី​។ ជន​ណា​ប្រព្រឹត្តល្មើស ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​ស្តីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​។​

​លទ្ធផល​ផ្លូវការ នៃ​ការធ្វើ​តេស្ត​សំណាក​សត្វ​មាន់​ដែល​ងាប់​ជាងមួយពាន់​ក្បាល នៅ​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង គឺ​បាន​បង្ហាញថា គ្រុនផ្តាសាយ​បក្សី (H5N1)​។ លទ្ធផល នៃ​ការធ្វើ​ត​តេស្ត​នេះ គឺ​បានបង្ហាញ​កាលពី​ថ្ងៃទី​១១ ខែមករាម្សិលមិញ​។ ការធ្វើ​តេស​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​សត្វ​មាន់​ជាច្រើន​ក្បាល​បាន​ងាប់​ជា​បន្តបន្ទាប់​នៅក្នុង​កសិដ្ឋាន​ចិញ្ចឹម​មួយ​មួយកន្លែង​ស្ថិតនៅ​នៅ​ភូមិ​ព្រែ​កតា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៧ ខែមករា ។​

លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី​១២ ខែមករា នេះ​ថា ករណី​គ្រុនផ្តាសាយ​បក្សី​នៅ​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង គឺ​បាន​បិទ​បញ្ចប់​ហើយ ដោយ​យក​បក្សី​ដែល​នៅ​សេសសល​ជីក​កប់ និង​បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​រួចរាល់​ហើយ ដូច្នេះ​មិនមាន​បញ្ហា​អ្វី​ទៀត​ទេ​។ ដោយ​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​យើង​បាន​បិទ​បញ្ចប់​អស់ហើយ ករណី​គ្រុនផ្តាសាយ​បក្សី គឺ​បាន​យក​បក្សី​ដែល​នៅ​សេសសល់​ជីក​កប់ ហើយ​បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ ដូចជា​មិនមាន​បញ្ហា​អ្វី​ទៀត​ទេ​”​។​

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់ គឺជា​មន្ត្រី​សុខាភិបាល ប៉ុន្តែ​មិនមែនជា​អ្នក​ចិញ្ចឹម​មាន់​ពិតប្រាកដ​ទេ និង​មិន​បានដឹង មិនបាន​យល់​អំពី​ការថែទាំ​មាន់ ឬ​ព្យាបាល​មាន់​នោះទេ ហើយ​គោលបំណង​របស់គាត់ គឺ​ចិញ្ចឹម​មាន់​ដើម្បី​យក​លាមក ប៉ុន្តែ​នៅពេល​កើតមាន​បញ្ហា​គាត់​អត់​បានធ្វើ​ទំនាក់ទំនង​ជាមួយ​មន្ត្រី​របស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តបាត់ដំបង​។ ប៉ុន្តែ​អ្វីៗ​ត្រូវបាន​បិទ​បញ្ចប់​ដោយ​មន្ត្រី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តបាត់ដំបង បាន​ចាត់ចែង​ចប់សព្វគ្រប់​អស់ហើយ​។​
​លោក​វេ​ង សាខុន បាន​អះអាងថា ករណី​គ្រុនផ្តាសាយ​បក្សី​នេះ (H5N1) គឺ​មិន​ប៉ះពាល់​ដល់​មនុស្ស​នោះទេ​៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular