Home ព័ត៌មានសំខាន់ៗ បើកដំណើរការឡើ...

បើកដំណើរការឡើងវិញគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍

ដោយៈសុផល/ភ្នំពេញ: គ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍និង មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពដែលស្ថិតក្រោមឱវាទក្រសួងទេសចរណ៍បានត្រូវអនុញ្ញាតឱ្យបើកដំណើរការឡើងវិញបន្ទាប់ពី បិទមួយរយៈដោយសារកូវីដ-១៩។

ដើម្បីធានាបានសុវត្ថិភាព និងប្រសិទ្ធភាពនៃការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព ក្រសួងទេសចរណ៍ បានធ្វើការណែនាំដល់គ្រឹះស្ថានអប់រំនិងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ទាំងអស់ត្រូវបន្តតាមដាន និងផ្តល់ព័ត៌មាន ព្រមទាំងចូលរួមសហការដោយស្មារតីទទួលខុសត្រូវខ្ពស់ជាពិសេសចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវី៩-១៩ ដែលចេញ ផ្សាយដោយក្រសួងសុខាភិបាល។ ត្រូវសហការជាមួយមាតាបិតា អាណាព្យាបាល មន្ត្រីរាជ ការគ្រូសិក្ខាកាមសិស្សនិស្សិតនិងអ្នកមពាក់ព័ន្ធផ្តល់ព័ត៌ មានអំពីសុខភាពនិងប្រវត្តិនៃការធ្វើដំណើរក្រៅប្រទេសរបស់សិក្ខាកាម សិស្ស និស្សិត ត្រូវសហការជាមួយមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដើម្បីចុះពិនិត្យ និងជំរុញការអនុវត្តវិធាន ការអនាម័យ ការទប់ស្កាត់ និងឆ្លើយតបការរីករាលដាលជំងឺឆ្លងកូវីដ-១៩ របស់ក្រសួងសុខាភិបាល។

គ្រឹះស្ថានទាំងអស់ក៏ត្រូវមានដាក់លេខទូរស័ព្ទទាន់ហេតុការណ៍របស់ខ្លួនសម្រាប់ទំនាក់ទំនងក្នុងករណីបន្ទាន់ចាំបាច់ ឬក្នុង ករណីសង្ស័យថាអាចមានករណីឆ្លងណាមួយនៅក្នុងគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ឬសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ឬមជ្ឈមណ្ឌលវាយតម្លៃរបស់ខ្លួន និងត្រូវមានកាតព្វកិច្ចរាយការណ៍ជូនអង្គភាព ស្ថាប័ន ដែលមានសមត្ថកិច្ចជាបន្ទាន់។ ត្រូវធ្វើការទំនាក់ទំនងមកនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍ដើម្បីបំពេញបែបបទស្នើសុំបើកគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ឬសាលាបណ្តុះ​បណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ឬមជ្ឈមណ្ឌលវាយតម្លៃឡើងវិញ។ត្រូវធ្វើរបាយការណ៍ប្រចាំខែស្ដីពីសកម្មភាពដំណើរការរបស់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈទេសចរណ៍ ឬសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ឬមជ្ឈមណ្ឌលវាយតម្លៃ និង វិធានការការពារទប់ស្កាត់និងឆ្លើយតបការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ផ្ញើមកក្រសួងទេសចរណ៍(នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍) ឱ្យបានទៀងទាត់៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular