ក្រសួងសាធារណការនិងក្រសួងអប់រំ រួមគ្នាបណ្ដុះបណ្ដាលនិស្សិតខ្មែរលើជំនាញបច្ចេកទេសសាធារណការ និងដឹកជញ្ជូន

ដោយៈសុផល/ភ្នំពេញ: ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងអប់រំ យុវជន​ និងកីឡាបានសហការគ្នាបណ្ដុះបណ្ដាលនិស្សិតខ្មែរលើជំនាញបច្ចេកទេសសាធារណការ និងដឹកជញ្ជូន ក្នុងគោលបំណងជំរុញវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកាន់តែល្អប្រសើរថែមទៀត។

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៃក្រសួងអប់រំយុវជននិង​កីឡាបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់បង្កើតថ្នាលបណ្ដុះបណ្ដាលនិស្សិតខ្មែរលើជំនាញបច្ចេកទេសសាធារណការ និងដឹកជញ្ជូន ដើម្បីកសាងហេដ្ឋារចនា សម្ព័ន្ធដឹកជញ្ជូនឲ្យកាន់តែមានការរីកចម្រើនថែមទៀត នៅទីស្តីការក្រសួងសាធារណការកាលពីរសៀលថ្ងៃ ទី១២ មករា។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសា ធារណការ និងដឹកជញ្ជូន និង បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា ព្រមទាំងថ្នាក់ ដឹកនាំជាន់ខ្ពស់ក្រសួង និងភាគីពាក់ព័ន្ធ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាកាលពីម្សិលមិញនេះ។

ថ្លែងក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានមាន ប្រសាសន៍ថា នេះគឺជាប្រវត្តិសាស្ត្រ ដែលក្រសួង សាធារណការ និងដឹកជញ្ជូន បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន និងវិទ្យាសា្ថន បច្ចេកវិទ្យាកម្ពុជា បង្កើតថ្នាលបណ្ដុះបណ្ដាលលើជំនាញបច្ចេក ទេសសាធារណការ និងដឹកជញ្ជូន ដោយកន្លង មកមិនទាន់ឃើញមានគ្រឹះស្ថានណាមួយផ្ដោតលើការបណ្ដុះបណ្ដាលលើជំនាញបច្ចេកទេសសាងសង់ស្ពាន ថ្នល់ កំពង់ផែ និងផ្លូវដែកទេ។

លោកទេសរដ្ឋមន្ត្រីបានបន្តថា លោកចង់ឃើញកូនខ្មែរយើងជំនាន់នេះនិងជំនាន់បន្តបន្ទាប់មានសមត្ថភាពដូចបុព្វបុរសយើងសម័យមុនដែលមានសមត្ថភាពកសាងប្រាង្គប្រាសាទដ៏ស្រស់បំព្រងនិងមានគុណភាពជាប់បានរាប់រយពាន់ឆ្នាំថែមទាំងល្បីល្បាញពាសពេញសកល លោកទៀតផង។ លោកបានសម្តែងមោទនភាពប្រកបដោយទំនុកចិត្តថានិស្សិតខ្មែរនឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកម្ពុជាបានយ៉ាងមានប្រសិទ្ធភាពនិងគុណភាពខ្ពស់បន្ទាប់ពីបានបញ្ចប់ការសិក្សានៅក្នុងវិទ្យាស្ថាននេះ។

លោកទេសរដ្ឋមន្ត្រីបានឱ្យដឹងទៀតថា ក្នុងឆ្នាំសិក្សា ២០២០ -២០២១ នេះ វិទ្យាស្ថានតេជោសែន សាធារ ណការ និងដឹកជញ្ជូន សហការជាមួយវិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជា នឹងជ្រើសរើសនិស្សិតចំនួន ២០០ នាក់ ដើម្បីសិក្សានៅវិទ្យាសា្ថនតេជោសែន។

ជាមួយគ្នានោះផងដែរលោកទេសរដ្ឋមន្ត្រីបានបង្ហាញថា ក្រសួងនឹងខិតខំប្រឹងប្រែងស្វែងរកមូលនិធិនានាពីដៃគូអភិវឌ្ឍន៍ ដើម្បីផ្ដល់អាហារូបករណ៍ជូននិស្សិតដែលជួបការលំបាក ប៉ុន្តែមានសមត្ថភាព និងមហិច្ឆតាចង់សិក្សាជំនាញនេះ នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular