Home ព័ត៌មានអន្តរជាតិ អ្នក​មុជទឹក​ឥ...

អ្នក​មុជទឹក​ឥណ្ឌូនេស៊ី ស្រង់​យក​បាន​ប្រអប់​ខ្មៅ​នៃ​យន្តហោះ​ដែល​ធ្លាក់​(វីដេអូ)

​ប្រែ​សម្រួលៈ​វាសនា​/​ហ្សា​ការតា​៖​ពួក​អ្នក​មុជទឹក​មក​ពី​កងទ័ពជើងទឹក​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​អង្គារ​ទី​១២​មករា​បាន​រកឃើញ​ឧបករណ៍​ថត​ទិន្នន័យ​ហោះហើរ​នៃ​យន្តហោះ Air Boeing 737-500​របស់​ក្រុម​​ហ៊ុន​អាកាសចរណ៍​Sriwijaya​ដែល​ធ្លាក់​ក្នុង​សមុទ្រ​ក្រោយ​ចេញដំណើរ​បាន​បន្តិច​កា​លពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ដែល​បាន​សម្លាប់​មនុស្ស​ទាំង​៦២​នាក់​នៅក្នុង​យន្តហោះ​នោះ​។​

​ឧបករណ៍​នេះ​ដែល​ផ្ទុក​ទិន្នន័យ​សំខាន់ ដូចជា​ល្បឿន​និង​កំពស់​ហោះ​មួយ​នេះ​ស្ថិត​ចំណោម​ឧបករណ៍​ប្រអប់​ខ្មៅ​២ ដែល​នឹង​ដើរ​តួនាទី​សំខាន់​ក្នុង​ការកំណត់​មូលហេតុ​នៃ​ការធ្លាក់​យន្តហោះ​។​ឧបករណ៍​នេះ​​ថត​ទិន្នន័យ​ហោះហើរ​២៥​ម៉ោង នៅពេល​ឧបករណ៍​ប្រអប់​ខ្មៅ​មួយទៀត​ថត​សម្លេង​ក្នុង​បន្ទប់​អ្នកបើកបរ រួម​មាន​ការសន្ទនារ​វាង​អាកាសយានិក​និង​អាកាសយានិក​អម​។​

​ប្រមុខ​ទ័ព​ឥណ្ឌូនេស៊ី លោក​ហា​ឌី តា​ចាន់តូ បាន​ប្រាប់​សន្និសីទកាសែត​មួយ​ថា ក្រោយ​ការស្វែងរក​អស់​៤​ថ្ងៃ ក្រុម​បេសកកម្ម​ស្វែងរក​និង​សង្គ្រោះ​បាន​រកឃើញ​ប្រអប់​ខ្មៅ​មួយ​និង​កំពុង​ស្វែងរក​មួយទៀត​។​

​ក្នុងពេល​ជាមួយគ្នា ប្រធាន​គណៈកម្មាធិការ​សុវត្ថិភាព​គមនាគមន៍​ជាតិ​ឥណ្ឌូនេស៊ី បាន​និយាយថា​យន្តហោះ​នេះ​មិន​បាន​ផ្ទុះ​ឬ​បែក​ជា​បំណែក​ទេ​មុន​ពេល​វា​ធ្លាក់​ចូល​ក្នុង​សមុទ្រ​ចា​វ៉ា​។​យោង​តាមរ​បាយ​កា​​រណ៍​ចេញពី​កន្លែង​ស្វែងរក ខ្មោច​យន្តហោះ​នេះ​ត្រូវបាន​គេ​រកឃើញ​នៅ​តំបន់​មួយ​ហើយ​«​ការ​បែកខ្ចាយ​នៃ​តួ​យន្តហោះ​ស្ថិតនៅ​ចំណុច​តែមួយ​។​នេះ​បង្ហាញ​មិន​មាន​ការផ្ទុះ​ឬ​បែក​តួ​យន្តហោះ​នៅ​មុន​យន្តហោះ​​ប៉ះ​ទឹកសមុទ្រ​ទេ​»​។​

​យន្តហោះ​បាន​ចាកចេញ​ពី​អាកាសយានដ្ឋាន​មួយ​នៅ​ជាយក្រុង​ហ្សា​ការតា ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់​ទីក្រុង​ប៉ុន​ទៀណា​ក​ក្នុង​ខេត្ត​កាលី​ម៉ាន់​តាន់​ខាងលិច​។​វា​បាន​ធ្លាក់ចុះ​មក​រយៈ​កំពស់​១០.៩០០​ហ្វុត​(៣.៣២២​ម៉ែត្រ​)​នៅ​២១​វិនាទី​បន្ទាប់ នេះ​បើ​យោង​តាម​គេហទំព័រ​តាមដាន​ការហោះហើរ​Flightradar24​។​ទិន្នន័យ​ចុងក្រោយ​ទទួលបាន​ពី​យន្តហោះ​នៅពេល​វា​ស្ថិត​នៅ​កំពស់​៧៦​ម៉ែត្រ​លើ​ផ្ទៃ​ទឹក​៕

​អ្នក​មុជទឹក​នៃ​កងទ័ពជើងទឹក​ឥណ្ឌូនេស៊ី​ថត​ជាមួយ​ប្រអប់​ថត​ទិន្នន័យ​ហោះហើរ​ចេញពី​កន្លែង​ធ្លាក់​យន្តហោះ​នៅ​ឯនាយ​ឆ្នេរ​ក្រុង​ហ្សា​ការតា កាលពី​ថ្ងៃ​១២​មករា​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular