ប្រែសម្រួល : កញ្ញាដាលីស ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃពុធនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសន្យាពង្រឹងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសលោកនៅក្នុងសុន្ទរកថាបិទរបស់លោកទៅកាន់កិច្ចប្រជុំកំពូលរបស់គណបក្សកាន់អំណាចគឺតែប៉ុន្មានថ្ងៃមុនពេលលោកចូ បៃដិនចូលកាន់តំណែងជាប្រធានាធិបតីអាម៉េរិក។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការកណ្តាលកូរ៉េ (KCNA) បានដកស្រង់សម្តីលោកខណៈលោកប្រាប់ទៅសមាជគណបក្សពលករថា “ខណៈពង្រឹងសមត្ថភាពទល់ទល់នឹងសង្គ្រាមនុយក្លេអ៊ែររបស់យើង យើងត្រូវធ្វើអ្វីៗគ្រប់យ៉ាងដើម្បីកសាងយោធាដែលមានឥទ្ធិពលបំផុត”។
ក្រុមអ្នកវិភាគនិយាយថាលោកគីមកំពុងសម្លឹងទាក់ទាញចំណាប់អារម្មណ៍ពីរដ្ឋបាលលោកបៃដិនខណៈប្រទេសរបស់លោកកាន់តែឯកោជាងពេលណាៗទាំងអស់បន្ទាប់ពីបិទព្រំដែនរបស់ខ្លួនដើម្បីការពារខ្លួនប្រឆាំងនឹងជំងឺរាតត្បាត។
កិច្ចប្រជុំកំពូលនុយក្លេអ៊ែររវាងលោកគីមនិងប្រធានាធិបតីអាម៉េរិកដូណាល់នៅទីក្រុងហាណូយកាលពីខែកុម្ភៈឆ្នាំ ២០១៩បានបរាជ័យដោយសារការខ្វែងគំនិតគ្នាអំពីការបន្ធូរបន្ថយទណ្ឌកម្មនិងអ្វីដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាងសុខចិត្តលះបង់ជាថ្នូរ។
មុននេះនៅក្នុងសមាជរយៈពេល៨ ថ្ងៃ ដែលទើបធ្វើពីរដងគិតចាប់ពីឆ្នាំ ២០១៦ លោកគីមបានហៅសហរដ្ឋអាម៉េរិកថាជា”ឧបសគ្គជាមូលដ្ឋានក្នុងការអភិវឌ្ឍបដិវត្តន៍របស់យើងនិងជាសត្រូវដ៏ចម្បងរបស់យើង”។
ដោយមិននិយាយចំឈ្មោះលោកបៃដិន លោកបានបន្ថែមថា “ចេតនាពិតនៃគោលនយោបាយរបស់ពួកគេចំពោះកូរ៉េខាងជើងនឹងមិនផ្លាស់ប្តូរទេ មិនថានរណាឡើងកាន់អំណាចនោះឡើយ”។
លោកបាននិយាយថាកូរ៉េខាងជើងបានបំពេញរួចនូវផែនការសម្រាប់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលនឹងក្លាយជាអ្នកផ្លាស់ប្តូរស្ថានការណ៍និងមានបញ្ជីគោលដៅអាវុធថ្មីៗដទៃទៀតរួមមានក្បាលគ្រាប់លឿនជាងសំឡេងបញ្ជាទិស ផ្កាយរណបឈ្លបយកការណ៍យោធា និងមីស៊ីលឆ្លងអន្តរទ្វីបដោយដើរចំហេះឥន្ធនៈរឹង។
កម្មវិធីអាវុធរបស់កូរ៉េខាងជើងមានការរីកចម្រើនយ៉ាងឆាប់រហ័សក្រោមការដឹកនាំរបស់លោកគីមរួមទាំងការបំផ្ទុះអាវុធនុយក្លេអ៊ែរដ៏ខ្លាំងបំផុតមិនធ្លាប់មានរហូតមកទល់បច្ចុប្បន្ននិងមីស៊ីលដែលមានសមត្ថភាពហោះដល់ទ្វីបអាម៉េរិកទាំងមូល៕
លោកគីមសន្យាពង្រឹងឃ្លាំងអាវុធនុយក្លេអ៊ែរ