ប្រែសម្រួល : កញ្ញាដាលីស/វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិកលោក ម៉ៃ ផមផេវ កាលពីថ្ងៃអង្គារទី១២មករាបានលុបចោលដំណើរទស្សនកិច្ចចុងក្រោយរបស់លោកនៅបរទេសដែលគ្រោងធ្វើនៅសប្តាហ៍នេះ ខណៈប្រធានាធិបតីដូណាល់ ត្រាំប្រឈមមុខនឹងការបោះឆ្នោតចោទប្រកាន់ជាលើកទី ២ ។
អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី ម័រហ្គែន អូថេហ្គេស និយាយថា លោកផមផេវនឹងជួយដល់ដំណើរការផ្ទេរអំណាចដោយរលូននិងមានសណ្តាប់ធ្នាប់ដល់ប្រធានាធិបតីជាប់ឆ្នោតចូ បៃដិន ដែលរួមមានការកំណត់អត្តសញ្ញាណមន្ត្រីណាដែលនឹងបន្តស្ថិតនៅជាបណ្តោះអាសន្ន ខណៈរដ្ឋបាលថ្មីត្រៀមចូលកាន់អំណាច។
លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជាលទ្ធផល យើងលុបចោលរាល់ការធ្វើដំណើរដែលបានគ្រោងទុកនៅសប្តាហ៍នេះរួមទាំងដំណើររបស់លោករដ្ឋមន្ត្រីទៅទ្វីបអឺរ៉ុប”។
ក្រសួងការបរទេសបានប្រកាសកាលពីថ្ងៃចន្ទថា លោកផមផេវនឹងបំពេញទស្សនកិច្ចរយៈពេលខ្លីទៅកាន់ទីក្រុងព្រុចសែលដើម្បីជួបជាមួយអគ្គលេខាធិការអង្គការណាតូលោកជេនស្តូលធិនបឺកនិងមេដឹកនាំបែលហ្ស៊ិក។
ការលុបចោលនេះកើតឡើងនៅពេលដែលសមាជិកសភាបក្សប្រជាធិបតេយ្យជំរុញឱ្យលោកអនុប្រធានាធិបតីម៉ៃ ផេនដកលោកត្រាំចេញពីតំណែងតាមរយៈការយកមកប្រើឡើងវិញនូវវិសោធនកម្មលើកទី ២៥ ចំពោះការញុះញង់ឱ្យមានលុកលុយដ៏សាហាវនៅវិមានកាពីតូលអាម៉េរិកកាលពីសប្តាហ៍មុនពីសំណាក់អ្នកគាំទ្ររបស់លោក ដែលព្យាយាមក្រឡាស់ជ័យជម្នះរបស់លោកបៃដិន។
លោកផមផេវ ដែលបន្ទាប់ពីការបោះឆ្នោតបានលើកឡើងថាលោកត្រាំនឹងបន្តអាណត្តិទី២នោះ បានថ្កោលទោសអំពើហិង្សា ប៉ុន្តែគាំទ្រប្រធានាធិបតីយ៉ាងមុតមាំ៕
លោកផមផេវលុប(ឆ្វេង)ចោលទស្សនកិច្ចនៅបរទេសខណៈត្រាំប្រឈមការចោទប្រកាន់ជាលើកទី២