ប្រែសម្រួល : កញ្ញាដាលីស/វ៉ាស៊ីនតោន ៖ សមាជិកសភាអាម៉េរិកទី៣មកពីបក្សប្រជាធិបតេយ្យបានធ្វើតេស្តិ៍វិជ្ជមានកូវីដ១៩ កាលពីថ្ងៃអង្គារទី១២មករា បន្ទាប់ពីមានព្រឹត្តិការណ៍សមាជិកសភាបក្សសាធារណរដ្ឋមិនព្រមពាក់ម៉ាស់ហើយរត់គេចពួនជាមួយសមាជិកសភាបក្សប្រជាធិបតេយ្យពីហ្វូងអ្នកគាំទ្រលោកត្រាំ ដែលសម្រុកចូលវិមានកាពីតូលកាលពីសប្តាហ៍មុន។
តំណាងរាស្ត្រ ប្រេដ ស្នាយឌ័រ មកពីរដ្ឋអ៊ីលលីណយ និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បន្ទាប់ពីការរត់គេចពីហ្វូងមនុស្សដ៏ឃោរឃៅដែលត្រូវបានញុះញង់ដោយ (ប្រធានាធិបតីដូណាល់ត្រាំ)ដើម្បីវាយប្រហារលើវិមានកាពីតូលនិងមនុស្សនៅក្នុងវិមាន ខ្ញុំត្រូវបានបង្ខំចិត្តចំណាយពេលជាច្រើនម៉ោងនៅក្នុងទីតាំងសុវត្ថិភាពប៉ុន្តែបិទជិត ជាមួយសមាជិកសភារាប់សិបនាក់ផ្សេងទៀត”។
លោកស្នាយឌ័រនិយាយថា “សមាជិកសភាមកពីគណបក្សសាធារណរដ្ឋជាច្រើននាក់នៅក្នុងបន្ទប់បានបដិសេធមិនពាក់ម៉ាស់ជាដាច់ខាតសូម្បីពេលមិត្តរួមការងារស្នើសុំពួកគេយ៉ាងសុភាពរម្យទមយ៉ាងណាក៏ដោយ”។
លោកបន្តថា “ពេលនេះខ្ញុំកំពុងដាក់ខ្លួនឯងឯកោនិងព្រួយបារម្ភថាខ្ញុំបានបង្កហានិភ័យសុខភាពដល់ប្រពន្ធខ្ញុំហើយខឹងខ្លាំងណាស់ចំពោះភាពអាត្មានិយមនិងក្រអឺតក្រទមរបស់អ្នកដែលជំទាស់នឹងការពាក់ម៉ាស់ ដែលមើលងាយខ្លួនឯងនិងមិនយកចិត្តទុកដាក់ចំពោះភាពថ្លៃថ្នូរនៅចំពោះមុខសុខភាពនិងសុវត្ថិភាពរបស់មិត្តរួមការងារនិងបុគ្គលិករបស់យើង”។
តំណាងរាស្ត្របក្សប្រជាធិបតេយ្យពីរនាក់ទៀត ដែលឆ្លងកូវីដ១៩ គឺ លោកស្រី ប្រាមីឡា ចាយ៉ាផាល់ មកពីរដ្ឋវ៉ាស៊ីនតោន និងលោកស្រី បូននី វ៉ាតសុន ខូលមែន មកពីរដ្ឋញូវជើស៊ី៕
តំណាងរាស្ត្របក្សប្រជាធិបតេយ្យ លោក ប្រេដ ស្នាយឌ័រ មកពីរដ្ឋអ៊ីលលីណយ តេស្តិ៍វិជ្ជមានកូវីដ១៩