ប្រែសម្រួល : កញ្ញាដាលីស/វ៉ាស៊ីនតោន ៖ ក្រសួងការបរទេសអាម៉េរិកបាននិយាយកាលពីថ្ងៃអង្គារទី១២មករាថា ខ្លួនបានបញ្ឈប់រាល់ការធ្វើដំណើរទស្សនកិច្ចនៅបរទេសទាំងអស់ក្នុងរយៈពេល ៨ ថ្ងៃចុងក្រោយនៃរដ្ឋបាលត្រាំ ក្នុងនោះមានទាំងដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅអ.ស.បលោកស្រី ខេលលី ក្រាហ្វ ទៅកាន់កោះតៃវ៉ាន់ដែលជាការផ្លាស់ប្តូរផែនយ៉ាងតក់ក្រហល់ដើម្បីគាំទ្រដល់ការផ្ទេរអំណាចដោយរលូនដល់រដ្ឋបាលលោកចូ បៃដិន។
ការប្រកាសនេះធ្វើឡើងចំពេលមានការគំរាមកំហែងពីរដ្ឋាភិបាលក្រុងប៉េកាំងជុំវិញទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់ទីក្រុងតៃប៉ិនិងកំហឹងនៅទីក្រុងវ៉ាស៊ីនតោននិងអឺរ៉ុបជុំវិញតួនាទីរបស់រដ្ឋបាលត្រាំក្នុងការញុះញង់ឱ្យមានការវាយប្រហារដោយហិង្សាទៅលើអគារកាពីតូលអាម៉េរិកកាលពីថ្ងៃទី ៦ ខែមករា។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិកលោក ម៉ៃ ផមផេវ ក៏លុបចោលគម្រោងធ្វើទស្សនកិច្ចនៅប្រទេសលុចសំបួរនិងបែលហ្ស៊ិកផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី ម័រហ្គែន អូថេហ្គេស និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា”យើងមានការប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះការបំពេញនូវដំណើរការផ្ទេរអំណាចដោយរលូននិងមានសណ្តាប់ធ្នាប់ ដែលនឹងត្រូវធ្វើឱ្យរួចរាល់ក្នុងរយៈពេល ៨ ថ្ងៃខាងមុខ។ យើងលុបចោលរាល់ការធ្វើដំណើរដែលបានគ្រោងទុកនៅសប្តាហ៍នេះរួមទាំងដំណើររបស់លោករដ្ឋមន្ត្រីទៅអឺរ៉ុប”។
លោកស្រីបញ្ជាក់ថា ការលុបចោលនេះក៏អនុវត្តចំពោះដំណើរគ្រោងទុករបស់លោកស្រីក្រាហ្វទៅកាន់កោះតៃវ៉ាន់ពីថ្ងៃទី១៣ដល់១៥មករាផងដែរ៕
ដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅអ.ស.បលោកស្រី ខេលលី ក្រាហ្វ ទៅកាន់កោះតៃវ៉ាន់ត្រូវលុបចោល