ដោយៈ ជា សីហៈ/ភ្នំពេញៈ នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការ ដ្ឋានអាកាសចរស៊ីវិល និង លោក អេមេនណេជែលដូ គូប៉ា ឡូប៉េស ( ERMENEGILDO KUPA LOPES) ឯកអគ្គរដ្ឋទូតទីម័រខាងកើតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងពង្រឹង និងពង្រីកនូវទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ពិសេសលើវិស័យអាកាសចរស៊ីវិល។
នៅក្នុងជំនួបនេះ លោក អេមេនណេជែលដូ គូប៉ា ឡូប៉េស បានជម្រាបជូន លោកបណ្ឌិតពី កិច្ចសហប្រតិបត្តិ ការល្អរវាងប្រទេសទាំងពីរ ជាពិសេសថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល កម្ពុជានិងប្រជាជនកម្ពុជាដែលបានជួយផ្តល់ម៉ាសនិងបរិក្ខាពេទ្យដល់ទីម័រខាងកើតដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ចំពោះវិស័យអាកាសចរស៊ីវិល លោក អគ្គរដ្ឋទូតមានបំណងចង់ស្វែងយល់ពីយុទ្ធសាស្ត្រ អភិវឌ្ឍវិស័យអាកាសចរស៊ីវិលនៅកម្ពុជាដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាការឆ្លើយតប រដ្ឋមន្ត្រី សូមស្វាគមន៍ចំពោះការលើកឡើងរបស់ អគ្គរដ្ឋទូតដែលមាន បំណង ស្វែងយល់នូវការរីកចម្រើនលើវិស័យអាកាសចរស៊ីវិលនៅកម្ពុជា ហើយ លោក បណ្ឌិតរដ្ឋមន្ត្រីក៏បានជម្រាបជូន លោកអគ្គរដ្ឋទូតអំពីការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ លោក បណ្ឌិតក៏បានចែក រំលែកនូវយុទ្ធសាស្ត្រសំខាន់ៗដែលនាំឱ្យវិស័យអាកាសចរស៊ីវិលកម្ពុជាមានការរីកចម្រើន៕/PC