កម្មករ​រោងចក្រ​កាត់ដេរ តៃ​អ៊ី​ហ្ស៊ី ធ្វើ​កូដកម្ម​បិទផ្លូវ​ជាតិ​លេខ​៥ ទាមទារ​លក្ខខណ្ឌ​ការងារ ចំនួន​២​ចំណុច​

ដោយៈ រិ​ទ្ធិ​សែន​/​ពោធិ៍សាត់ៈ កម្មករ កម្មការិនី រោងចក្រ​កាត់ដេរ តៃ​អ៊ី​ហ្ស៊ី បាននាំគ្នា​បិទ កំណាត់​ផ្លូវជាតិ​លេខ​៥ បង្ករ​ឱ្យ​កកស្ទះ​ចរាចរណ៍ អស់​រយៈពេល​ជាង ១ ម៉ោង ដើម្បី​តវ៉ា ទាមទារ​លក្ខខណ្ឌ​ការងារ និង​អត្ថប្រយោជន៍ របស់​ពួកគេ ចំនួន​២​ចំណុច ក៏ប៉ុន្តែ​ពួកគេ បាននាំគ្នា​រំសាយ​ទៅវិញ ក្រោយពី​មានការ​សម្របសម្រួល ពី​លោក​អភិបាល ខេត្តពោធិ៍សាត់​។​

​ហេតុការណ៍​ផ្ទុះ​ការតវ៉ា​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ២​និង​២០​នាទី រសៀល ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​រោងចក្រ​កាត់ដេរ តៃ​អ៊ី​ហ្ស៊ី ស្ថិត​ក្នុងភូមិ​ទន្សាយគល់ ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ។​

​បើ​យោងតាម​ការ​អោយដឹងពី លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ែន ទុង ស្នងការរង​ទទួល​ផែន ការងារ​សន្តិសុខ បានឱ្យដឹងថា នា​វេលា​ម៉ោង កើតហេតុ​ខាងលើនេះ មាន​ករណី​កម្មករ កម្មការិនី រោងចក្រ​កាត់ដេរ ប្រមាណ​ជាង ៥.០០០ នាក់ បាននាំគ្នា​ធ្វើ​កូដកម្ម​ទាមទារ លក្ខខណ្ឌ​ការងារ និង​អត្ថប្រយោជន៍​របស់​ពួកគេ ចំនួន ២ ចំណុច រួមមានៈ ១-​ប្រាក់​អតីត ភាព​ការងារ​, ២-​ប្រាក់​ជួស ការឈប់​សម្រាក ប្រចាំឆ្នាំ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បាន​បន្តថាៈ បន្ទាប់ពី​មានការ​ផ្ទុះ​កូដកម្ម​ឡើង​ភ្លាម ក្រុមកម្មករ កម្មការិនី បាន​ប្រមូល​ផ្តុំគ្នា នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ខាង មុខ​រោងចក្រ បណ្តាល​ធ្វើឱ្យមាន​ការកកស្ទះ​ចរាចរណ៍ ចាប់ពី​ម៉ោង ១​និង​៣០ នាទី​រសៀល រហូតដល់ ម៉ោង ២ និង​៣០​នាទី​រសៀល ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១​។ ក្រោយមក ពួកគេ​បាននាំគ្នា រំសាយ​ទៅវិញ ក្រោយពី​មានការ​សម្របសម្រួល ដោយ​ការយកចិត្តទុកដាក់​ខ្ពស់ ពី​លោក ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាល ខេត្តពោធិ៍សាត់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បានឱ្យដឹង​បន្ថែមថាៈ ក្នុងការ​សម្របសម្រួល ជាមួយ​កម្មក កម្ម​ការ​នី លោក​អភិបាលខេត្ត​ពោធិ៍សាត់ បាន​អះអាងថា លោក​នឹង​អញ្ជើញ​ទៅ សម្របសម្រួល ជាមួយ​ម្ចាស់​រោងចក្រ សូមឱ្យ​ដោះស្រាយ​ជាបន្ទាន់ នៅ​ថ្ងៃទី​១៥ ខែមករា ខាងមុខ ទៅលើ​លក្ខខណ្ឌ​ទី​១ គឺៈ «​ប្រាក់​អតីតភាព​ការងារ​» ដោយ​ត្រូវ​បើក​ជូន​កម្មករ កម្មការិនី ឱ្យ​គ្រប់​ចំនួន តាម​ការកំណត់ ។ ដោយឡែក លក្ខខណ្ឌ​ទី​២ «​ប្រាក់​ជួស​ការឈប់​សម្រាក ប្រចាំឆ្នាំ​» លោក​សូម​ពន្យារពេល និង​ពិនិត្យ​លទ្ធភាព ជាមួយ​ក្រុមការងារ មន្ទីរជំនាញ ដែលមាន​ការពាក់ព័ន្ធ ជាមុនសិន ។​

​ក្រុមកម្មករ កម្មការិនី បានសម្រេច​ទទួលយក តាម​ការសម្របសម្រួល​ដោះស្រាយ ខាងលើ ព្រមទាំង​បាន​រំសាយ ទៅ​លំនៅដ្ឋាន​រៀងៗ​ខ្លួន​វិញ នៅវេលា​ម៉ោង ៣ រសៀល​។ ចំណែក ចរាចរណ៍​កកស្ទះ ដោយសារ​កូដកម្ម​នោះ ក៏បាន​បើក​ដំណើរការ ជាធម្មតា​ឡើងវិញ ផងដែរ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular